អេសាយ 55:3-11

អេសាយ 55:3-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។ មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។ មើល៍ អ្នក​នឹង​ហៅ​សាសន៍​មួយ​ដែល​អ្នក​មិន​បាន​ស្គាល់ ហើយ​សាសន៍​មួយ​ដែល​មិន​បាន​ស្គាល់​អ្នក​នោះ នឹង​រត់​មក​ឯ​អ្នក ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង​អ្នក​ហើយ។ ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​ចុះ។ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ។ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ។ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណា នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។

ចែក​រំលែក
អាន អេសាយ 55

អេសាយ 55:3-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។ យើង​បាន​តែង‌តាំង​ដាវីឌ ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយ ដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មក ហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​រក​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។ មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នា រីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពី របៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។ មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា របៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពី បៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពី គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក ស្រោច​ស្រព​ផែនដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះ និង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ រួច​រាល់​សព្វ​គ្រប់។

ចែក​រំលែក
អាន អេសាយ 55

អេសាយ 55:3-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់​នៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ មើល អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។ ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គំនិត​អញ​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ពី​ព្រោះ​ដែល​ភ្លៀងនឹង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ នឹង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ

ចែក​រំលែក
អាន អេសាយ 55