អេសាយ 53:3-6
អេសាយ 53:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។ ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
អេសាយ 53:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។
អេសាយ 53:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។