អេសាយ 44:1-20

អេសាយ 44:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស​រើស​អើយ ឥឡូវ​នេះ ចូរ​ស្ដាប់​យើង! ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន ​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ចាក់​បង្ហូរ​ទឹក​ទៅ​លើ​ដី​បែក​ក្រហែង យើង​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ នៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពូជ‌ពង្ស​អ្នក ព្រម​ទាំង​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​អ្នក​ផង។ កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។ ពេល​នោះ ម្នាក់​ពោល​ថា ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌អម្ចាស់ ម្នាក់​ទៀត​ថា ខ្លួន​ជា​កូន​ចៅ​របស់​យ៉ាកុប ម្នាក់​ទៀត​ចារ​លើ​បាត​ដៃ​ថា “ខ្ញុំ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់” ព្រម​ទាំង​មាន​មោទន‌ភាព ព្រោះ​ខ្លួន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​បាន​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​នៅ​មុន​គេ ហើយ​នៅ​ក្រោយ​គេ​បំផុត ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ទៀត​ឡើយ។ តើ​មាន​ព្រះ​ណា​ដូច​យើង? ឲ្យ​ព្រះ​នោះ​បង្ហាញ​ខ្លួន ហើយ​និយាយ​មក! គឺ​ត្រូវ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន ចាប់​ពី​ពេល​យើង​បង្កើត​ប្រជា‌ជន តាំង​ពី​អស់‌កល្ប​រៀង​មក ព្រម​ទាំង​រៀប​រាប់​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​គ្រា​ខាង​មុខ​ដែរ។ កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជានិច្ច អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​យើង​ស្រាប់​ហើយ ក្រៅ​ពី​យើង តើ​មាន​ព្រះ​ណា​ទៀត​ទេ? ទេ! គ្មាន​ថ្ម‌ដា​ណា​ទៀត​ឡើយ យើង​មិន​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។ អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ រីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។ អ្នក​សូន​រូប​ព្រះ​ក្លែង‌ក្លាយ ឬ​សិត​រូប​បដិមា ដែល​ពុំ​អាច​ផ្ដល់​សារ​ប្រយោជន៍​អ្វី​សោះ ពិត​ជា​មនុស្ស​ល្ងី‌ល្ងើ​មែន! រីឯ​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​រូប​ទាំង​នោះ នឹង​ត្រូវ​អាម៉ាស់ ដ្បិត​អ្នក​ឆ្លាក់​រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស។ ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា ឲ្យ​គេ​ជួប‌ជុំ​គ្នា​ទៅ ពួក​គេ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​អាម៉ាស់​មុខ។ ជាង​ដែក​យក​លោហ‌ធាតុ​មក​ដុត ដំ​នឹង​ញញួរ​ធ្វើ​ជា​រូប។ អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ ក៏​ប៉ុន្តែ បើ​គេ​មិន​បរិភោគ គេ​មុខ​ជា​អស់​កម្លាំង បើ​គេ​មិន​ផឹក​ទឹក គេ​មុខ​ជា​នឿយ‌ហត់។ ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។ គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គេ​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។ មនុស្ស‌ម្នា​យក​ឈើ​ទាំង​នោះ​មក​ប្រើ​ជា​អុស សម្រាប់​កម្ដៅ​ផ្ទះ និង​ចម្អិន​ម្ហូប​អាហារ។ គេ​ក៏​យក​ឈើ​នោះ​ឆ្លាក់​ធ្វើ​រូប​ព្រះ សម្រាប់​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​ជា​រូប​បដិមា​សម្រាប់​គោរព​បូជា។ គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយ ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។ រីឯ​ឈើ​មួយ​ចំណែក​ទៀត គេ​យក​ទៅ​ធ្វើ​ជា រូប​បដិមា ជា​ព្រះ​របស់​ខ្លួន រួច​ក្រាប​ថ្វាយ‌បង្គំ គេ​គោរព​បម្រើ​រូប​នោះ និង​ទូល‌អង្វរ​ថា “សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ!”។ អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍ រិះគិត និង​ពិចារណា រួច​ពោល​ថា “ខ្ញុំ​បាន​ដុត​ឈើ​អស់​ពាក់​កណ្ដាល ខ្ញុំ​ដុត​នំបុ័ង​នៅ​លើ​រងើក​ភ្លើង ខ្ញុំ​អាំង​សាច់​បរិភោគ។ រីឯ​ឈើ​ពាក់​កណ្ដាល​ទៀត​ដែល​នៅ​សល់ ខ្ញុំ​យក​ទៅ​ធ្វើ​ជា​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម រួច​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​រូប​ឈើ​នោះ”។ គេ​ចាប់​ចិត្ត​នឹង​អ្វី​ដែល​ជា​ផេះ ចិត្ត​គំនិត​លេលា​របស់​គេ​នាំ​ខ្លួន​គេ​ឲ្យ វង្វេង​វង្វាន់​លែង​ដឹង​អ្វី​សោះ។ រូប​ព្រះ​របស់​គេ​ពុំ​អាច​រំដោះ​គេ​បាន​ទេ ប៉ុន្តែ គេ​មិន​ថា រូប​ដែល​គេ​កាន់​នេះ ជា​ព្រះ​ក្លែង‌ក្លាយ​ឡើយ។

ចែក​រំលែក
អាន អេសាយ 44

អេសាយ 44:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​ពួក​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។ ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។ នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។ ពេល​នោះ នឹង​មាន​ម្នាក់ពោល​ថា ខ្ញុំ​នេះ​ជា​របស់​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។ ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។ តើ​មាន​អ្នក​ណា​ដូច​យើង? ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក។ ចូរ​ឲ្យ​គេ​ប្រកាស ហើយ​បង្ហាញ​ភស្តុ‌តាង​នៅ​មុខ​យើង​មក។ តើ​អ្នក​ណា​បាន​ប្រកាស​តាំង​តែ​ពីដើម ពី​អ្វី​ៗ​ដែល​ត្រូវ​កើត​ឡើង? ចូរ​ឲ្យ​គេ​រៀប​រាប់​ប្រាប់​យើង ពី​ហេតុការណ៍​ដែល​នឹង​ត្រូវ​កើត​ទៅ​មុខ​ទៀត ជា​យ៉ាង​ណា​ចុះ។ កុំ​ភ័យ​ឡើយ ក៏​កុំ​ខ្លាច​ដែរ តើ​យើង​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​អ្នក​តាំង​តែ​ពី​ដើម​មក​ទេ​ឬ? គឺអ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង តើ​មាន​ព្រះ​ណា​ក្រៅ​ពី​យើង​ឬ​ទេ? គ្មាន​ថ្មដា​ណា​ផ្សេង​ទៀត​ឡើយ យើង​មិន​ស្គាល់​មួយ​សោះ។ ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។ តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ? មើល៍ ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។ ជាង​ដែក​ធ្វើ​ពូថៅ​មួយ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ។ ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លម្អ​របស់​មនុស្ស ដើម្បី​តាំង​នៅ​ក្នុង​ផ្ទះ។ គាត់​កាប់​ដើម​តា‌ត្រៅ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង។ ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សម្រាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង ហើយក៏​ធ្វើ​ព្រះ​មួយ​ឡើង រួច​ក្រាប​ថ្វាយ​បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ។ ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត។ គាត់​កម្ដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា "អៃយ៉ា កក់ក្តៅ​ស្រួល​ណាស់ ពេល​ខ្ញុំ​អាំង​ភ្លើង"។ ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។ ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ក៏​មិន​ឲ្យ​យល់​បាន។ គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ​ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង យើង​បាន​អាំង​សាច់​ស៊ី​ផង។ ឈើ​ដែលនៅ​សល់ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ? តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​ទេ? អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 44

អេសាយ 44:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ពួក​អ៊ីស្រាអែល ដែល​អញ​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​បង្កើត​ឯង​មក ហើយ​បាន​ជប‌សូន​ឯង​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រាអែល​ជា​នាម​ត្រកូល​របស់​ខ្លួន។ ព្រះ‌យេហូវ៉ា ដ៏ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រាអែល​ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ​គេ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សំដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត នឹង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។ ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ មើល ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។ ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កំឡាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កំឡាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា នឹង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សំរាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង អើ ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង អើ ក៏​ធ្វើ​ព្រះ​១​ឡើង រួច​ក្រាប​ថ្វាយ‌បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សំរាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។ ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​ដំរិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។

ចែក​រំលែក
អាន អេសាយ 44