អេសាយ 42:1-8

អេសាយ 42:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​ការ​វិនិច្ឆ័យ។ លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។ លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន! លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​លោក។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ យើង​មាន​នាម​ថា ព្រះ‌អម្ចាស់ យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ!

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​នែ​អ្នក​បម្រើ​របស់​យើង ដែល​យើង​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​យើង ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​យើង យើង​បាន​ដាក់​វិញ្ញាណ​យើង​ឲ្យ​សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​សម្ដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌។ ព្រះ‌អង្គ​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ ព្រះ‌អង្គ​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សម្ដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត ព្រះ‌អង្គ​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម ដល់​ក្រឹត្យ‌ក្រម​របស់​ព្រះ‌អង្គ។ ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​គឺ​ជា​យេហូវ៉ា យើង​បាន​ហៅ​អ្នក​មក ដោយ​សេចក្ដី​សុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក យើង​ប្រទាន​និមិត្តរូប​មួយ​ដល់​អ្នក ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​ជន ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល នេះ​នែ​អ្នក​បំរើ​របស់​អញ ដែល​អញ​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​អញ ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​អញ អញ​បាន​ដាក់​វិញ្ញាណ​អញ​ឲ្យ​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​សំដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌ ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។ ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី នឹង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង នឹង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ

ចែក​រំលែក
អាន អេសាយ 42