អេសាយ 41:13-20

អេសាយ 41:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ! កូន​ចៅ​យ៉ាកុប! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! អ្នក​ទន់​ខ្សោយ​ប្រៀប​បាន​នឹង​ដង្កូវ​មែន តែ​កុំ​ភ័យ​ខ្លាច​អ្វី យើង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជួយ​អ្នក និង​លោះ​អ្នក​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កម្ទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។ អ្នក​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​រសាត់​តាម​ខ្យល់ ហើយ​ខ្យល់​កួច​យក​ពួក​គេ​ទៅ​អស់​គ្មាន​សល់។ រីឯ​អ្នក​វិញ អ្នក​នឹង​រីក‌រាយ ព្រោះ​តែ​ព្រះ‌អម្ចាស់ អ្នក​នឹង​ខ្ពស់​មុខ ព្រោះ​តែ​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន​ក្រីក្រ និង​ជន​ទុគ៌ត​ស្វែង​រក​ទឹក តែ​រក​ពុំ​បាន​ទេ គេ​ស្រេក​ខះ​ក។ យើង​ជា​ព្រះ‌អម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ ពាក្យ​អង្វរ​របស់​ពួក​គេ យើង​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នឹង​មិន​បោះ​បង់​ចោល​គេ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ទន្លេ ផុស​ចេញ​ពី​ផ្នូក​ខ្សាច់ ហើយ​មាន​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ។ យើង​នឹង​ធ្វើ​ឲ្យ​វាល​រហោ‌ស្ថាន ប្រែ​ទៅ​ជា​បឹង‌បួ ឲ្យ​ដី​ហួត‌ហែង​ប្រែ​ជា​ប្រភព​ទឹក​ទៅ​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ដើម​គគីរ បេង នាង‌នួន ពពាល‌ខែ ដុះ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ដើម​កកោះ ស្រល់ ស្រឡៅ ដុះ​ជា​មួយ​គ្នា​តាម​ព្រៃ​របោះ។ ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា និង​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​ផ្ដួច‌ផ្ដើម​ធ្វើ​ការ​ទាំង​នោះ ដោយ​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ផ្ទាល់។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។ មើល៍! យើង​បាន​យក​អ្នក​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ អ្នក​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម។ អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។ ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​យើង គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​តប​ឆ្លើយ​នឹង​គេ យើង​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ។ យើង​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្ដា​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។ ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារ‌ណា​យល់​ជា‌មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង»។

ចែក​រំលែក
អាន អេសាយ 41

អេសាយ 41:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង មើល អញ​បាន​យក​ឯង​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ ឯង​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កំទេច ហើយ​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម​ផង ឯង​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កំចាត់‌កំចាយ​គេ​អស់​ទៅ​ដែរ នោះ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ឯង​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ទី​អួត​របស់​ឯង។ ពួក​ក្រីក្រ នឹង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ គឺ​យេ‌ហូវ៉ា អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល អញ​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ អញ​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ អញ​នឹង​ធ្វើ​ឲ្យ​ដើម​តាត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ នឹង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន អញ​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ ហើយ​នឹង​ដើម​ស្រឡៅ ជា​មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សំរេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បង្កើត​ឡើង។

ចែក​រំលែក
អាន អេសាយ 41

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ