អេសាយ 32:1-20

អេសាយ 32:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ នឹង​មាន​ស្តេច​មួយ​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅ‌ហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌ ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រឹលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់ ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​តម្រិះ ហើយ​អណ្ដាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ។ គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​កំណាច​ថា​ជា​អ្នក​មាន​គុណ​ឡើយ។ ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​បញ្ចេញ​តែ​សេចក្ដី​ចម្កួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សម្រេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លានបាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក។ គ្រឿង​ប្រដាប់​របស់​មនុស្ស​កំណាច​សុទ្ធ​តែ​អាក្រក់ គេ​គិត‌គូរ​ការ​អាក្រក់ ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ជា​មនុស្ស​កម្សត់​និយាយដោយ​ត្រឹម‌ត្រូវ​ក៏​ដោយ។ ប៉ុន្តែ អស់​អ្នក​មាន​ចិត្ត​សទ្ធា គេ​គិត‌គូរ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ។ ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ។ ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​អើយ នៅ​ជាង​មួយ​ឆ្នាំ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ។ ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ។ គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល។ នៅ​ក្នុង​ស្រុក​របស់​ប្រជា‌រាស្ត្រ​យើង នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​អរ​សប្បាយ​នៅក្នុង​ទី​ក្រុង។ ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់ នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ និង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សម្រាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ។ ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។ នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌ នឹង​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅក្នុង​ចម្ការ​ដុះ‌ដាល។ ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។ ឯ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ក្នុង​ផ្ទះ​សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត។ ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា​ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។

ចែក​រំលែក
អាន អេសាយ 32

អេសាយ 32:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ នឹង​មាន​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។ លោក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជម្រក ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ ផ្ដល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។ ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល លែង​ស្រវាំង​ទៀត​ហើយ ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ ក៏​លែង​ថ្លង់​ទៀត​ដែរ។ អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃ បែរ​ជា​ចាប់​ផ្ដើម​យល់ ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។ គេ​លែង​គោរព​មនុស្ស​ល្ងី‌ល្ងើ​ទុក​ជា មនុស្ស​ថ្លៃ‌ថ្នូរ​ទៀត​ហើយ ហើយ​ក៏​លែង​គោរព​មនុស្ស​វៀច‌វេរ​ថា ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ទៀត​ដែរ ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើ ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ ហើយ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នក ដែល​ស្រេក​ទៀត​ផង។ មនុស្ស​អប្រិយ​មាន​សុទ្ធ​តែ​គំនិត​អប្រិយ​ក្នុង​ខ្លួន គេ​រៀបចំ​គម្រោង‌ការ​ទុច្ចរិត ដើម្បី​ចោទ​ប្រកាន់ ដាក់​ទោស​ជន​ក្រីក្រ នៅ​ពេល​ជន​ទុគ៌ត​នេះ​ទាម‌ទារ​រក​យុត្តិធម៌។ រីឯ​មនុស្ស​ថ្លៃ‌ថ្នូរ​វិញ គេ​រៀបចំ​គម្រោង‌ការ​ដ៏​ថ្លៃ‌ថ្នូរ ហើយ​គិត​តែ​ពី​ធ្វើ​គម្រោង‌ការ​ថ្លៃ‌ថ្នូរ​នេះ។ ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ស្ដាប់​ពាក្យ​យើង ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង! ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀត អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ ដ្បិត​ទំពាំង‌បាយជូរ​នឹង​គ្មាន​ផ្លែ ហើយ​ដំណាំ​ឯ​ទៀតៗ​ក៏​គ្មាន​ផល​ដែរ។ ពួក​ស្ត្រី​ដែល​រស់​នៅ​យ៉ាង​ស្រណុក អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញ័រ​រន្ធត់ ពួក​ស្ត្រី​ដែល​ឥត​កង្វល់​អើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ភ័យ​ញ័រ! ចូរ​យក​សម្លៀក‌បំពាក់​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​វិញ! ចូរ​នាំ​គ្នា​គក់​ទ្រូង កាន់​ទុក្ខ ហើយ​យំ​ស្រណោះ​ស្រែ​ចម្ការ និង​ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ ដែល​ធ្លាប់​តែ​ផ្ដល់​ផល​ផ្លែ​ដ៏​ល្អ​នោះ​ទៅ! នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើង មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​សុភមង្គល ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។ វិមាន​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល ក្រុង​ដែល​ធ្លាប់​អ៊ូអរ​នឹង​ក្លាយ​ទៅ​ជា​ស្ងាត់​ជ្រងំ កំពែង​ខ្ពស់ៗ និង​ប៉ម​របស់​ទីក្រុង នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។ ប៉ុន្តែ ថ្ងៃ​មួយ ព្រះ‌អម្ចាស់​នឹង​ចាក់​បង្ហូរ ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។ ពេល​នោះ អ្នក​នៅ​តាម​វាល​រហោ‌ស្ថាន នឹង​រស់​នៅ​ដោយ​យុត្តិធម៌ ហើយ​អ្នក​នៅ​តាម​ចម្ការ ក៏​នឹង​រស់​នៅ​ដោយ​សុចរិត​ដែរ។ សេចក្ដី​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌ភាព អំពើ​សុចរិត​នឹង​នាំ​មក​នូវ​សន្តិ‌សុខ និង​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ប្រជា‌ជន​របស់​យើង​នឹង​រស់​នៅ ក្នុង​កន្លែង​ស្ងប់​ស្ងាត់ គេ​អាស្រ័យ​នៅ​កន្លែង​សាន្ត​ត្រាណ ហើយ​សម្រាក​នៅ​កន្លែង​សុខ​ក្សេម‌ក្សាន្ត។ រីឯ​ព្រៃ​ព្រឹក្សា​នឹង​ត្រូវ​ហិន‌ហោច ដោយ‌សារ​ព្រឹល ហើយ​ទីក្រុង​នឹង​រលំ​ខ្ទេច‌ខ្ទី​អស់។ ចំពោះ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ អ្នក​នឹង​សាប​ព្រោះ​នៅ​តាម​មាត់​ទឹក ព្រម​ទាំង​លែង​គោ និង​លា​របស់​ខ្លួន ឲ្យ​ស៊ី​ស្មៅ​តាម​ចិត្ត។

ចែក​រំលែក
អាន អេសាយ 32

អេសាយ 32:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល នឹង​មាន​ស្តេច​១​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌ ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់ ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិ‌ស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិត‌គូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ ដោយ​ត្រឹម‌ត្រូវ​ផង តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិត‌គូរ​ការ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។ ឱ​ពួក​ស្រីៗ ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​ដូច្នេះ​អើយ នៅ​១​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សំលៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ​ទៅ គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចំការ​ដែល​គាប់​ចិត្ត ហើយ​នឹង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លានឹង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ នឹង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សំរាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​សត្វ។ ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។ នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌​នឹង​ស្ថិត​នៅ ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចំការ​ដុះ‌ដាល ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត នឹង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ ឯ​រាស្ត្រ​អញ​គេ​នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ហើយ​នៅ​ផ្ទះ‌សំបែង​មាំ‌មួន ជា​ទី​សំរាក​ក្សេម‌ក្សាន្ត តែ​នឹង​ត្រូវ​ធ្លាក់​ព្រិល​មក​បំបាក់​ព្រៃ ហើយ​ទី​ក្រុង​នឹង​ត្រូវ​រលំ​អស់​រលីង មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ​ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ នឹង​លា ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។

ចែក​រំលែក
អាន អេសាយ 32