ហូសេ 5:1-12

ហូសេ 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។ ពួក​ក្បត់​បាន​ផុង​ជ្រៅ​ទៅក្នុងទី​សម្លាប់ តែ​យើង​នឹង​វាយ​ប្រដៅ​គេ​ទាំង​អស់​គ្នា។ យើង​ស្គាល់​អេប្រាអិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​យើង​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រាអិម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ គឺ​អ៊ីស្រា‌អែលសៅ​ហ្មង​ហើយ។ អំពើ​ដែល​គេ​ប្រព្រឹត្ត មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។ អំនួត​របស់​អ៊ីស្រា‌អែល ធ្វើ​បន្ទាល់​ទាស់​នឹង​គេ អេប្រាអិម នឹង​ជំពប់​ដួលក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​គេ​ដែរ។ គេ​នឹង​ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាំង​មាន​ហ្វូង​គោ ហ្វូង​ចៀម​ទៅ​ជា‌មួយ តែ​គេ​នឹង​រក​ព្រះ‌អង្គ​មិន​ឃើញ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ថយ​ចេញ​ពី​គេ​ហើយ។ គេ​បាន​ក្បត់នឹងព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​ឥត​ខាន់​ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​នឹង​ស៊ី​បង្ហិន​គេ ព្រម​ទាំង​ស្រែ​ចម្ការ​របស់​គេ​ផង។ ចូរ​ផ្លុំ​ស្នែង​នៅ​គី‌បៀរ ហើយ​ផ្លុំ​ត្រែ​នៅ​រ៉ាម៉ា ចូរ​ប្រកាស​អាសន្ន​នៅ​បេត-អាវេន​ទៅ ឱ​បេនយ៉ាមីន​អើយ យើង​តាម​ពី​ក្រោយ​អ្នក​ហើយ! នៅ​ថ្ងៃ​ដាក់​ទោស អេប្រាអិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច‌បង់ នៅ​កណ្ដាល​កុល‌សម្ព័ន្ធ​នានា​របស់​អ៊ីស្រា‌អែល យើងប្រកាស​ប្រាប់​ពីដំណឹង​ដ៏​ពិត​ប្រាកដ។ ពួក​មេ​របស់​យូដា ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​ដក​បង្គោល​សីមា​ចោល យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​គេ ដូច​ជះ​ទឹក។ អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។ ដូច្នេះ យើង​នឹង​បាន​ដូច​ជា​ដង្កូវ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពូជ‌ពង្ស​យូដា។

ចែក​រំលែក
អាន ហូសេ 5

ហូសេ 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ! ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត! ញាតិ​វង្ស​របស់​ស្ដេច​អើយ ចូរ​ត្រង់​ត្រាប់​ស្ដាប់! គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិធម៌ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាបោរ អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។ យើង​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។ អេប្រាអ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅហ្មង។ អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត រារាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង អ៊ីស្រា‌អែល និង​អេប្រាអ៊ីម ជំពប់​ដួល ព្រោះ​តែ​កំហុស​របស់​ខ្លួន ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។ ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​យញ្ញ‌បូជា តែ​ពួក​គេ​រក​ព្រះអង្គ​ពុំ​ឃើញ​ឡើយ ព្រោះ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ហើយ។ ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់ ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។ ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។ ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបៀរ! ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា! ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន! បេន‌យ៉ាមីន ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក! នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោស អេប្រាអ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។ យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។ មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​ប្រៀប​បាន​នឹង អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។ អេប្រាអ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន ព្រោះ​អេប្រាអ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗ ដែល​ឥត​បាន​ការ។ រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ ដែល​ស៊ី​ពួក​អេប្រាអ៊ីម ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។

ចែក​រំលែក
អាន ហូសេ 5

ហូសេ 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ ពួក​ក្បត់​បាន​ផុង​យ៉ាង​ជ្រៅ ចុះ​ក្នុង​ការ​សំឡាប់​សត្វ​ថ្វាយ​ដល់​រូប​ព្រះ ទោះ​បើ​អញ​បាន​ធ្វើ​ជា​អ្នក​បន្ទោស ដល់​គេ​គ្រប់​គ្នា​ក៏​ដោយ អញ​ស្គាល់​អេប្រា‌អិម​ហើយ ឯ​អ៊ីស្រាអែល​ក៏​មិន​កំបាំង​ពី​អញ​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រា‌អិម​អើយ ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​អ៊ីស្រាអែល​ក៏​ស្មោក‌គ្រោក​ដូច​គ្នា ការ​ប្រព្រឹត្ត​របស់​គេ​មិន​បើក​ឲ្យ​គេ​វិល​មក​ឯ​ព្រះ​នៃ​គេ​វិញ​បាន​ទេ ដ្បិត​និស្ស័យ​កំផិត​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​សោះ សេចក្ដី​អំនួត​របស់​ពួក​អ៊ីស្រាអែល​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ហេតុ​នោះ​បាន​ជា​អ៊ីស្រាអែល ហើយ​អេប្រា‌អិម នឹង​ត្រូវ​ចំពប់​ដួល​ចុះ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ចំពប់​ដួល​ចុះ​ជា​មួយ​នឹង​គេ​ដែរ គេ​នឹង​នាំ​ទាំង​ហ្វូង​សត្វ​ធំ​តូច ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឃើញ​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​ថយ​ចេញ​ពី​គេ​ហើយ គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។ ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សំគាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ាមីន​អើយ ន៏ គេ​មក​ខាង​ក្រោយ​ឯង​ហើយ នៅ​ថ្ងៃ​ដែល​ត្រូវ​បន្ទោស​នោះ អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​ពូជ​អំបូរ​នៃ​អ៊ីស្រាអែល អញ​បាន​ឲ្យ​ដឹង​ដំណឹង​ពី​ការ​ដែល​ត្រូវ​កើត​មក​ជា​មិន​ខាន ពួក​ចៅហ្វាយ​របស់​យូដា ប្រៀប​ដូច​ជា​មនុស្ស​ដែល​ដក​ព្រំ‌ខណ្ឌ​ចោល ដូច្នេះ អញ​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ​ដូច​ជា​ទឹក អេប្រា‌អិម​ត្រូវ​សង្កត់‌សង្កិន គឺ​ត្រូវ​កិន​កំទេច​ក្នុង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត​ដើរ​តាម​បង្គាប់​របស់​មនុស្ស ដូច្នេះ អញ​នឹង​បាន​ដូច​ជា​ដង្កូវ​កាត់​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពួក​វង្ស​យូដា

ចែក​រំលែក
អាន ហូសេ 5