ហូសេ 4:1-6

ហូសេ 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​រឿង​ទាស់​នឹង​ពួក​អ្នក​ស្រុក​នេះ ដ្បិត​គ្មាន​សេចក្ដី​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ប្រទេច​ផ្ដាសា ភូត​កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​ជា​បន្ត​បន្ទាប់។ ហេតុនេះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ផង សូម្បី​តែ​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​អ្នក​ណា​ជំទាស់ ឬ​ស្តី​បន្ទោស​គ្នា​ឡើយ ដ្បិត ឱ​សង្ឃ​អើយ យើង​ជំទាស់​នឹង​អ្នក​តែ​ប៉ុណ្ណោះ។ អ្នក​នឹង​ត្រូវ​ជំពប់​ដួល​នៅ​ពេល​ថ្ងៃ ហោរា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​អ្នក នៅ​ពេល​យប់​ដែរ យើង​នឹង​បំផ្លាញ​ម្តាយ​របស់​អ្នក។ ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។

ចែក​រំលែក
អាន ហូសេ 4

ហូសេ 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ ដ្បិត​នៅ​ក្នុង​ស្រុក​នេះ គ្មាន​ការ​ស្មោះ​ត្រង់ គ្មាន​ភក្ដី‌ភាព ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា ការ​បោក​ប្រាស់​គ្នា សម្លាប់​គ្នា អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្ម ជា​បន្ត​បន្ទាប់​គ្នា។ ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ ជា​មួយ​ពួក​គេ​ដែរ។ ប៉ុន្តែ បូជា‌ចារ្យ​អើយ មិន​ត្រូវ​ឲ្យ​នរណា​ជំទាស់ ឬ​ស្ដី​បន្ទោស​ប្រជា‌ជន​ឡើយ ដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។ នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក ត្រូវ​វិនាស​ដែរ។ ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខងារ ជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

ចែក​រំលែក
អាន ហូសេ 4

ហូសេ 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ផង អើ ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ ប៉ុន្តែមិន​ត្រូវ​ឲ្យ​អ្នក​ណា​ត​តាំង ឬ​ស្តី​បន្ទោស​អ្នក​ណា​ឡើយ ដ្បិត​ជន‌ជាតិ​ឯង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ត​តាំង​នឹង​សង្ឃ ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។ រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ​ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា

ចែក​រំលែក
អាន ហូសេ 4