ហូសេ 2:16-23
ហូសេ 2:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។ ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។ នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី ឯផែនដីនឹងឆ្លើយតបដល់ស្រូវ ស្រាថ្មី និងប្រេង ហើយរបស់ទាំងនោះនឹងឆ្លើយតបដល់យេសរាល ។ យើងនឹងសាបព្រោះពូជគេនៅលើផែនដីសម្រាប់យើង យើងនឹងអាណិតមេត្តាដល់ឡូ-រូហាម៉ា ហើយនឹងនិយាយទៅឡូ-អាំមី ថា "អ្នកជាប្រជារាស្ត្ររបស់យើង" រួចគេនឹងពោលថា "ព្រះអង្គជាព្រះនៃទូលបង្គំ"។
ហូសេ 2:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី” គឺនាងលែងហៅយើងថា “ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងឲ្យនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។ នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។ នៅថ្ងៃនោះ យើងនឹងឆ្លើយតប ពាក្យអង្វររបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង យើងនឹងធ្វើឲ្យដីបង្កើតផល តាមសេចក្ដីត្រូវការ។ ផែនដីនឹងធ្វើឲ្យមានស្រូវ ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង តាមសេចក្ដីត្រូវការរបស់វាលយេសរាល។ យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “ព្រះនៃទូលបង្គំ!”។
ហូសេ 2:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្ដី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត នៅថ្ងៃនោះអញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី នឹងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូ នឹងដាវ ហើយធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងឆ្លើយតបថា គឺអញតបនឹងផ្ទៃមេឃ ហើយផ្ទៃមេឃនឹងតបដល់ផែនដី ដីនឹងតបដល់ស្រូវ ទឹកទំពាំងបាយជូរ ហើយនឹងប្រេង របស់ទាំងនោះក៏នឹងតបដល់យេសរាលដែរ អញនឹងសាបព្រោះពូជនាងនៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនឹងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។