ហេប្រឺ 9:24-28

ហេប្រឺ 9:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ​មនុស្ស ដែល​ជា​គំរូ​ពី​អ្វីៗដ៏​ពិត​នោះ​ទេ គឺ​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​តែ​ម្ដង ដើម្បី​នឹង​បង្ហាញ​ព្រះ‌អង្គ​ទ្រង់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ​ជំនួស​យើង។ ព្រះ‌អង្គ​មិន​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ម្តង​ហើយ​ម្តង​ទៀត ដូច​សម្តេច​សង្ឃ ដែលតែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​ឆ្នាំ ទាំង​យក​ឈាម ដែល​មិន​មែន​ជា​ឈាម​ខ្លួន​ឯង​នោះ​ឡើយ ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មកត្រូវ​ទទួល​ការ​ជំនុំ‌ជម្រះ​យ៉ាង​ណា ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។

ចែក​រំលែក
អាន ហេប្រឺ 9

ហេប្រឺ 9:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌គ្រិស្ត​ពុំ​បាន​យាង​ចូល​ក្នុង​ទីសក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទីសក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះអង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន​បរម‌សុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះអង្គ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ព្រះ‌គ្រិស្ត​ពុំ​បាន​បូជា​ព្រះ‌ជន្ម​ព្រះអង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជា‌ចារ្យ* ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទីសក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។ បើ​ព្រះអង្គ​បូជា​ព្រះ‌ជន្ម​ច្រើន​ដង ព្រះអង្គ​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះអង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម។ មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា ព្រះ‌គ្រិស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះអង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ។

ចែក​រំលែក
អាន ហេប្រឺ 9

ហេប្រឺ 9:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌គ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា ក៏​មិន​មែន​នឹង​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជា​ញឹក‌ញយ ដូច​ជា​សំដេច​សង្ឃ ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​តែ​ឆ្នាំ ទាំង​យក​ឈាម​ដទៃ​នោះ​ដែរ ដ្បិត​បើ​យ៉ាង​ដូច្នោះ នោះ​ត្រូវ​ឲ្យ​ទ្រង់​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​លោកីយ​មក តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញ‌បូជា ហើយ​ដោយ​ព្រោះ​បាន​ដំរូវ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំ‌ជំរះ ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​១​ដង​ហើយ ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់។

ចែក​រំលែក
អាន ហេប្រឺ 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ