ហេប្រឺ 9:11-15
ហេប្រឺ 9:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។ ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
ហេប្រឺ 9:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយនេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្ដីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ
ហេប្រឺ 9:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ប្រសិនបើឈាមគោឈ្មោល និងឈាមពពែឈ្មោល ព្រមទាំងផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។ ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។