ហេប្រឺ 8:6-13
ហេប្រឺ 8:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ឥឡូវនេះ ព្រះយេស៊ូវបានទទួលមុខងារមួយដែលប្រសើរជាង ព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាមួយដែលប្រសើរជាង ជាសេចក្ដីសញ្ញាដែលបានតាំងឡើងនៅលើព្រះបន្ទូលសន្យាដែលប្រសើរជាង។ ដ្បិតប្រសិនបើសេចក្ដីសញ្ញាចាស់មិនមានកំហុស នោះក៏គ្មានឱកាសនឹងរកសេចក្ដីសញ្ញាមួយទៀតដែរ។ ដ្បិតព្រះអង្គបង្ហាញឲ្យឃើញថាពួកគេមានកំហុស ពេលព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់មានព្រះបន្ទូលថា "នឹងមានគ្រាមកដល់ ដែលយើងនឹងតាំងសញ្ញាថ្មីមួយ ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា មិនដូចជាសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងបានចាប់ដៃនាំគេ ចេញពីស្រុកអេស៊ីព្ទនោះឡើយ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង ហើយយើងក៏មិនរវីរវល់នឹងគេដែរ"»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា «នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយថ្ងៃទាំងនោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតគេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងចិត្តគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។ គេមិនចាំបាច់បង្រៀនអ្នកជិតខាងរបស់ខ្លួន ឬបងប្អូនរបស់ខ្លួនថា "ចូរស្គាល់ព្រះអម្ចាស់" នោះឡើយ ដ្បិតគេនឹងស្គាល់យើងគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំ។ ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។ នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។
ហេប្រឺ 8:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ព្រះគ្រិស្តបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។ ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធមេត្រីទីពីរមកជំនួសឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ត្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្តិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា។ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។ ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់ បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងនឹងអត់ឱនឲ្យគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ ទៀតដែរ» ។ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះមុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
ហេប្រឺ 8:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ ដ្បិតបើសិនជាសញ្ញាចាស់ឥតមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ព្រះអម្ចាស់មានបន្ទូលថា ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុក នៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។