ហេប្រឺ 8:1-6

ហេប្រឺ 8:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯចំណុច​សំខាន់​ក្នុង​សេចក្ដីដែល​យើង​កំពុង​និយាយ​នេះ គឺ​ថា យើង​មាន​សម្តេច​សង្ឃ​មួយ​អង្គ​បែប​នេះ ដែល​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌ ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។ ដ្បិត​សម្តេច​សង្ឃ​ទាំង​ប៉ុន្មាន ត្រូវ​បាន​តែង​តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា ដូច្នេះ សម្ដេច​សង្ឃ​នេះ​ក៏​ត្រូវ​មាន​អ្វី​នឹង​ថ្វាយ​ដែរ។ ប្រ​សិន​បើ​ព្រះ‌អង្គ​គង់​នៅ​ផែនដី នោះ​ព្រះ‌អង្គ​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ។ អ្នកទាំងនោះ​ជា​គំរូ និង​ជា​ស្រមោល​នៃ​អ្វីៗ​នៅ​ស្ថាន‌សួគ៌ ដូច​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ នៅ​ពេល​លោក​រៀប​នឹង​សង់​រោង‌ឧបោ‌សថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ» ។ ប៉ុន្ដែ ឥឡូវ​នេះ ព្រះ‌យេស៊ូវ​បាន​ទទួល​មុខ‌ងារ​មួយ​ដែល​ប្រសើរ​ជាង ព្រោះ​ព្រះ‌អង្គ​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង ជា​សេចក្ដី​សញ្ញា​ដែល​បាន​តាំង​ឡើង​នៅ​លើព្រះ​បន្ទូល​សន្យា​ដែល​ប្រសើរ​ជាង។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គោល​ដ៏​សំខាន់​បំផុត​ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា យើង​មាន​មហា​បូជា‌ចារ្យ*​មួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះអង្គ​នៅ​បម្រើ​ក្នុង​ទីសក្ការៈ* និង​ក្នុង​ព្រះ‌ពន្លា*​ដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា ដូច្នេះ លោក​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ថ្វាយ​ជា​ចាំបាច់។ ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ផែនដី​នេះ ព្រះអង្គ​មិន​មែន​ជា​បូជា‌ចារ្យ​ទេ ព្រោះ​មាន​បូជា‌ចារ្យ​ឯ​ទៀតៗ​សម្រាប់​យក​តង្វាយ​ទៅ​ថ្វាយ ស្រប​តាម​ក្រឹត្យ‌វិន័យ​រួច​ស្រេច​ទៅ​ហើយ។ អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ​តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​ស្ថាន​បរម‌សុខ ដូច​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ពេល​ដែល​ហៀប​នឹង​សង់​ព្រះ‌ពន្លា​ថាៈ «ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ» ។ ឥឡូវ​នេះ ព្រះ‌គ្រិស្ត​បាន​ទទួល​មុខងារ​ប្រសើរ​ជាង​បូជា‌ចារ្យ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​ព្រះអង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​មួយ​ប្រសើរ​ជាង ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

ចែក​រំលែក
អាន ហេប្រឺ 8

ហេប្រឺ 8:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ដែល​បង្រួម​សេចក្ដី​អធិប្បាយ​ទាំង​ប៉ុន្មាន​អម្បាញ់‌មិញ​នេះ នោះ​គឺ​ថា យើង​រាល់​គ្នា​មាន​សំដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ ដែល​ទ្រង់​បាន​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌ ជា​អ្នក​មាន​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​ជា​មនុស្ស​ទេ។ ឯ​សំដេច​សង្ឃ​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​ឲ្យ​មាន​ងារ សំរាប់​នឹង​ថ្វាយ​ដង្វាយ ហើយ​យញ្ញ‌បូជា បាន​ជា​ត្រូវ​ឲ្យ​ព្រះ‌អង្គ​នេះ​បាន​អ្វី​នឹង​ថ្វាយ​ដែរ ដ្បិត​បើ​សិន​ជា​ទ្រង់​គង់​នៅ​ផែនដី នោះ​ទ្រង់​មិន​បាន​ធ្វើ​ជា​សង្ឃ​ទេ ពី​ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​ដង្វាយ តាម​ក្រិត្យ‌វិន័យ​ហើយ ដែល​គេ​ជា​គំរូ ហើយ​ជា​ស្រមោល ពី​របស់​នៅ​ស្ថាន‌សួគ៌​វិញ ដូច​ជា​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​រៀប​នឹង​ធ្វើ​រោង​ឧបោសថ​ថា «ចូរ​ប្រយ័ត​នឹង​ធ្វើ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​អញ​បាន​បង្ហាញ​ឯង​នៅ​លើ​ភ្នំ» តែ​ឥឡូវ​នេះ​វិញ ដែល​ទ្រង់​ជា​អ្នក​កណ្តាល​របស់​សេចក្ដី​សញ្ញា​១​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណា ដែល​សេចក្ដី​សញ្ញា​នោះ​បាន​តាំង​ឡើង លើ​ពាក្យ​សន្យា​ប្រសើរ​ជាង​ផង នោះ​ទ្រង់​ក៏​បាន​ទទួល​ការ‌ងារ​ដ៏​ប្រសើរ​ជាង​ប៉ុណ្ណោះ​ដែរ

ចែក​រំលែក
អាន ហេប្រឺ 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ