ហេប្រឺ 6:13-20

ហេប្រឺ 6:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អ័ប្រា‌ហាំ ព្រះ‌អង្គ​បានយក​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​មក​ស្បថ ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង ដើម្បី​ឲ្យ​ព្រះ‌អង្គ​យក​អ្នក​នោះ​មក​ស្បថ​បាន​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​ប្រាកដ​ជា​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​ចម្រើន​ពូជ​ពង្ស​អ្នក​ឲ្យ​ច្រើន​ឡើង» ។ ដូច្នេះ ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់ លោក​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​នោះ​មែន។ ដ្បិត​មនុស្ស​តែង​ស្បថ​ដោយអាង​អ្វី​មួយ​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ជា​ការ​បញ្ជាក់ ដើម្បី​បញ្ចប់​ទំនាស់​គ្រប់​បែប​យ៉ាង។ ដូច្នេះ នៅ​ពេល​ព្រះ‌សព្វ​ព្រះ‌ហឫទ័យ​ចង់​បង្ហាញ​ឲ្យ​បាន​រឹត​តែ​ច្បាស់ ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​សេចក្ដី​សន្យា​ទុក​ជា​មត៌ក អំពី​បំណង​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ធានា​សេចក្ដី​សន្យា​នោះ ដោយ​ពាក្យ​សម្បថ ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។ យើង​មាន​សេចក្ដី​សង្ឃឹម​នេះ ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​មាំ​មួន ថា​នឹង​បាន​ចូល​ទៅ​ខាង​ក្នុង​វាំង​នន ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​បាន​យាង​ចូល​ទៅជំនួស​យើង ដូច​ជា​អ្នក​នាំ​មុខ ហើយ​ព្រះ‌អង្គ​ក៏​បាន​ត្រឡប់​ជា​សម្តេច​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះអង្គ​បាន​ស្បថ​ដោយ​យក​ព្រះអង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះអង្គ ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថាៈ «យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ» ។ ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។ មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។ ព្រះ‌ជាម្ចាស់​ក៏​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះអង្គ​សម្រេច​ព្រះ‌ហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ស្បថ​ថែម​លើ​ព្រះ‌បន្ទូល​សន្យា​ទៀត។ ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះអង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​ពីរ​យ៉ាង ដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​ព្រះ‌ជាម្ចាស់​មិន​ចេះ​កុហក​ក្នុង​ព្រះ‌បន្ទូល​នេះ​ឡើយ។ សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទីសក្ការៈ​ថែម​ទៀត​ផង គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ‌យេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះអង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជា‌ចារ្យ*​រហូត​អស់‌កល្ប​ជានិច្ច តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។

ចែក​រំលែក
អាន ហេប្រឺ 6

ហេប្រឺ 6:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន» ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ ដ្បិត​ឯ​មនុស្ស គេ​តែងតែ​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​យើង​រាល់​គ្នា ដែល​បាន​រត់​មក​ចាប់​កាន់​សេចក្ដី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង ទុក​ជា​ទី​ជ្រក​កោន បាន​សេចក្ដី​កំឡា​ចិត្ត​ឡើង​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ទាំង​២​មុខ​នេះ​ដ៏​មិន​ចេះ​ប្រែ‌ប្រួល ដែល​ខាង​ឯ​សេចក្ដី​ទាំង​២​នោះ ព្រះ‌ទ្រង់​កុហក​ពុំ​បាន​ទេ យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ ទុក​ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់‌លាប់​មាំ‌មួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំង​នន ជា​កន្លែង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បាន​យាង​ចូល​ទៅ ជំនួស​យើង​រាល់​គ្នា ទុក​ដូច​ជា​អ្នក​នាំ​មុខ ដោយ​ទ្រង់​បាន​ត្រឡប់​ជា​សំដេច​សង្ឃ នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក។

ចែក​រំលែក
អាន ហេប្រឺ 6