ហេប្រឺ 5:7-14
ហេប្រឺ 5:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។ ទោះបើព្រះអង្គជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្តាប់បង្គាប់ តាមរយៈការដែលព្រះអង្គរងទុក្ខលំបាក។ កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ ហើយព្រះក៏បានតាំងព្រះអង្គជាសម្តេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។ ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។ ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ហេប្រឺ 5:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិត ឡើយ ព្រោះគេនៅជាកូនខ្ចី។ មានតែមនុស្សពេញវ័យ ប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។
ហេប្រឺ 5:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។ យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។