ហេប្រឺ 2:1-15
ហេប្រឺ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។ ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក ដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»? «ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គេ» ។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះព្រះអង្គបានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។ អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ» ។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តលើព្រះអង្គ» ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ» ។ ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។
ហេប្រឺ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យរឹតតែខ្លាំងថែមទៀត ចំពោះសេចក្ដីដែលយើងបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនេះបាត់ទៅ។ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាបានថ្លែងប្រាប់នោះ ជាការពិត ដូច្នេះ អ្នកដែលប្រព្រឹត្តរំលង ហើយរឹងចចេស ត្រូវទទួលទោសទៅហើយ ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។ ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។ រីឯបរិលោកដែលយើងនិយាយនេះ ព្រះមិនបានប្រគល់ឲ្យនៅក្រោមអំណាចរបស់ពួកទេវតាទេ។ ប៉ុន្ដែ មានម្នាក់បានធ្វើបន្ទាល់នៅកន្លែងមួយថា៖ «តើមនុស្សជាអ្វី បានជាព្រះអង្គនឹកគិតដល់គេ ឬកូនមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែមួយរយៈទេ ក៏បានប្រទានសិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមជើងគេ» ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ គឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ។ ឥឡូវនេះ យើងមិនទាន់ឃើញថាគ្រប់ទាំងអស់ចុះចូលនៅឡើយទេ តែយើងឃើញព្រះយេស៊ូវ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាមួយរយៈ ដោយព្រះអង្គបានរងទុក្ខ និងសុគត ឥឡូវនេះ ព្រះអង្គបានទទួលសិរីល្អ និងព្រះកិត្តិនាមទុកជាមកុដ។ ដោយសារព្រះគុណរបស់ព្រះ ដែលទ្រង់បានសុគតជំនួសមនុស្សទាំងអស់។ អ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។ ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់ពួកបងប្អូនទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្តាលក្រុមជំនុំ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។ ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស ហើយរំដោះអស់អ្នកដែលជាប់ជាបាវបម្រើអស់មួយជីវិត ដោយសារការភ័យខ្លាច ឲ្យបានរួចវិញ។
ហេប្រឺ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោល នោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង នឹងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ នោះធ្វើដូចម្តេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្ដីសង្គ្រោះដ៏ធំម៉្លេះ ដែលព្រះអម្ចាស់បានចាប់ផ្តើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ នឹងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។ រីឯនៅខាងបរលោកដែលយើងខ្ញុំនិយាយនេះ ទ្រង់មិនបានបញ្ចុះបញ្ចូល មកក្រោមអំណាចនៃពួកទេវតាទេ តែមានមនុស្សម្នាក់បានធ្វើបន្ទាល់ នៅកន្លែងណាមួយថា «តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្សបានជាទ្រង់ប្រោសដូច្នេះ ទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បានតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្តទ្រង់ ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ នឹងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់ កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ នឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ ទ្រង់មានបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ» ហើយ១ទៀតថា «ទូលបង្គំនឹងទុកចិត្តដល់ទ្រង់» ហើយ១ទៀតថា «មើល ទូលបង្គំនេះ នឹងពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ដូច្នេះ ដែលកូនចៅបានប្រកបដោយសាច់ឈាមព្រមគ្នា នោះទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្ដីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ