ហេប្រឺ 13:8-25
ហេប្រឺ 13:8-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។ កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ដ្បិតសាកសពនៃសត្វទាំងនោះ ដែលសម្តេចសង្ឃយកឈាមរបស់វាចូលទៅក្នុងទីបរិសុទ្ធ ទុកជាយញ្ញបូជាលោះបាប នោះត្រូវគេដុតនៅខាងក្រៅជំរំ។ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។ ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។ ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ជាពិសេស ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។ សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទទួលពាក្យទូន្មានរបស់ខ្ញុំនេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។ សូមជ្រាបថា គេបានដោះលែងធីម៉ូថេ ជាបងប្អូនរបស់យើងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗ ខ្ញុំនឹងមកសួរអ្នករាល់គ្នាជាមួយគាត់ដែរ។ សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚
ហេប្រឺ 13:8-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូគ្រិស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។ សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្តគំនិតឲ្យបានរឹងប៉ឹងដោយសារព្រះគុណ គឺមិនមែនដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។ យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគឡើយ។ លោកមហាបូជាចារ្យតែងយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ក្នុងទីសក្ការៈ* ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកព្រះអង្គ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយព្រះអង្គដែរ ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។ ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។ សូមអធិស្ឋាន*ឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវ ក្នុងគ្រប់កាលៈទេសៈ ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្តាអធិស្ឋានឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រិស្តជាគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។ សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើង បានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗ ខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។ សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏វិសុទ្ធ*ទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលីក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។
ហេប្រឺ 13:8-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ ដូច្នេះ កុំឲ្យបណ្តែតបណ្តោយតាមសេចក្ដីបង្រៀនប្លែកៗឡើយ ដ្បិតគួរឲ្យចិត្តបានតាំងនៅខ្ជាប់ខ្ជួន ដោយព្រះគុណ មិនមែនដោយចំណីអាហារទេ ដែលពួកអ្នកប្រព្រឹត្តតាមសេចក្ដីទាំងនោះ មិនបានប្រយោជន៍អ្វីពីនោះមកឡើយ យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ ដ្បិតឯសត្វទាំងប៉ុន្មាន ដែលសំដេចសង្ឃនាំយកឈាម ចូលទៅក្នុងទីបរិសុទ្ធ ដោយព្រោះបាប នោះត្រូវដុតនៅខាងក្រៅទីដំឡើងត្រសាលវិញ ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់ ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្ដីដំនៀលរបស់ទ្រង់ចុះ ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់ កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។ សូមជួយអធិស្ឋានឲ្យយើងខ្ញុំផង ដ្បិតយើងខ្ញុំជឿជាក់ថា យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់ ខ្ញុំក៏សូមជាលើសទៅទៀតថា ចូរឲ្យអ្នករាល់គ្នាអធិស្ឋាន សូមឲ្យខ្ញុំបានត្រឡប់មកឯអ្នករាល់គ្នាវិញជាឆាប់ៗ។ សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀម ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។ តែបងប្អូនអើយ ចូរទ្រាំទ្រនឹងសេចក្ដីប្រដៅទូន្មាននេះចុះ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាយ៉ាងខ្លីៗទេ សូមឲ្យដឹងថា គេបានលែងធីម៉ូថេ ជាបងប្អូនយើងហើយ បើគាត់មកយ៉ាងឆាប់ នោះខ្ញុំនឹងបានមកសួរអ្នករាល់គ្នា ជាមួយនឹងគាត់ដែរ សូមជំរាបសួរដល់ពួកអ្នកនាំមុខអ្នករាល់គ្នា នឹងពួកបរិសុទ្ធទាំងអស់គ្នាដែរ ពួកអ្នកនៅស្រុកអ៊ីតាលី ក៏សូមជំរាបសួរមកអ្នករាល់គ្នា។ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚