ហេប្រឺ 13:1-8

ហេប្រឺ 13:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន​ជានិច្ច។ កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។ ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។ សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។ កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។ ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។ ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។ ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ឲ្យ​បាន​ជាប់​ជានិច្ច។ សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។ ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បងប្អូន​នៅ​ជាប់​ឃុំ‌ឃាំង​រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បងប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។ សូម​បងប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បងប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ» ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹង‌ប៉ឹង​ថា «ព្រះ‌អម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។ ចូរ​បងប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បងប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។ ព្រះ‌យេស៊ូ​គ្រិស្ត​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល។

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច កុំ​ឲ្យ​ភ្លេច​សេចក្ដី​ចៅ‌រ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្ដី​នោះ​ឯង ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូប‌កាយ​ដែរ។ ការ​វិវាហ‌មង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅ‌ហ្មង​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ‌ស្មន់​គ្នា​វិញ។ ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ

ចែក​រំលែក
អាន ហេប្រឺ 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ