ហេប្រឺ 13:1-7
ហេប្រឺ 13:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។ កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។ ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំង ទុកដូចជាជាប់ឃុំឃាំងជាមួយគ្នា និងអស់អ្នកដែលត្រូវគេធ្វើបាប ដ្បិតអ្នករាល់គ្នាក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។ កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។ ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនោះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទៅ។
ហេប្រឺ 13:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្រឡាញ់គ្នាជាបងប្អូនឲ្យបានជាប់ជានិច្ច។ សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា*ទាំងមិនដឹងខ្លួន។ ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំង ហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។ សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នា ឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ» ។ ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា «ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់លោកទៅ។
ហេប្រឺ 13:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យមានសេចក្ដីស្រឡាញ់គ្នា ជាបងប្អូនជានិច្ច កុំឲ្យភ្លេចសេចក្ដីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្ដីនោះឯង ចូរនឹកចាំពីពួកអ្នកជាប់គុក ទុកដូចជាជាប់ចំណងជាមួយគ្នា ហើយពីពួកអ្នកដែលត្រូវគេធ្វើបាបផង ដ្បិតអ្នករាល់គ្នាក៏នៅក្នុងរូបកាយដែរ។ ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ។ ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ» បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា «ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន»។ ចូរនឹកចាំពីពួកអ្នកនាំមុខ ដែលបានផ្សាយព្រះបន្ទូលមកអ្នករាល់គ្នា ត្រូវតែត្រាប់តាមសេចក្ដីជំនឿរបស់អ្នកទាំងនោះ ទាំងពិចារណាមើលចុងបំផុតនៃកិរិយាគេផង