ហេប្រឺ 13:1-25

ហេប្រឺ 13:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន​ជានិច្ច។ កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។ ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។ សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។ កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។ ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។ ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។ ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។ កុំ​បណ្តោយ​ខ្លួន​ទៅ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ និង​ប្លែកៗ​ឡើយ ដ្បិត​គួរ​តាំង​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​ដោយ​សារ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ អស់​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ឡើយ។ យើង​មាន​អាសនា​មួយ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គ្មាន​សិទ្ធិ​នឹង​បរិ‌ភោគ​ពីអាសនា​នោះ​បានឡើយ។ ដ្បិត​សាក​សព​នៃ​សត្វ​ទាំង​នោះ ដែល​សម្តេច​សង្ឃ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ទុក​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ត្រូវ​គេ​ដុត​នៅ​ខាង​ក្រៅ​ជំរំ។ ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​បាន​រង​ទុក្ខនៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ហេតុ​នេះ ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​រក​ព្រះ‌អង្គ​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ស៊ូ​ទ្រាំ​នឹង​ពាក្យ​តិះ​ដៀល​ជា​មួយ​ព្រះ‌អង្គ​ចុះ។ ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ទី​ក្រុង​ដែល​ស្ថិត​ស្ថេរ​គង់​វង្ស​រហូត​ទេ តែ​យើង​កំពុង​ស្វែង​រកទី​ក្រុង​នៅ​ពេល​ខាង​មុខ​វិញ។ ដូច្នេះ តាម​រយៈ​ព្រះ‌អង្គ ត្រូវ​ឲ្យ​យើង​ថ្វាយ​ពាក្យ​សរសើរ ទុក​ជា​យញ្ញ​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ពី​ព្រះ‌នាម​ព្រះ‌អង្គ។ កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។ ចូរ​ស្តាប់​បង្គាប់​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ចូល​ចំពោះ​អ្នក​ទាំង​នោះ​ទៅ ដ្បិតអ្នក​ទាំង​នោះ​មើល​ថែ​ព្រលឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ។ ចូរ​ឲ្យ​អ្នក​ទាំង​នោះ​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ។ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ស្អាត​បរិសុទ្ធ ទាំង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ជា​ពិសេស ខ្ញុំសូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិល​ត្រឡប់​មក​រក​អ្នក​រាល់​គ្នា​វិញ ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។ បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​របស់​ខ្ញុំ​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។ សូម​ជ្រាប​ថា គេ​បាន​ដោះ​លែង​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង​ហើយ។ ប្រសិន‌បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​សួរ​អ្នក​រាល់​គ្នា​ជា​មួយ​គាត់​ដែរ។ សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង។ អស់​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ឲ្យ​បាន​ជាប់​ជានិច្ច។ សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។ ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បងប្អូន​នៅ​ជាប់​ឃុំ‌ឃាំង​រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បងប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។ សូម​បងប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បងប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ» ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹង‌ប៉ឹង​ថា «ព្រះ‌អម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។ ចូរ​បងប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បងប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។ ព្រះ‌យេស៊ូ​គ្រិស្ត​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល។ សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ព្រះ‌គុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។ យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​ឡើយ។ លោក​មហា​បូជា‌ចារ្យ​តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។ ព្រះ‌យេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។ ចូរ​យើង​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះ‌នាម​ព្រះអង្គ។ កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​បែប​នេះ។ ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បងប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បងប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បងប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បងប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ ទាំង​ថ្ងូរ បងប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ ក្នុង​គ្រប់​កាលៈ‌ទេសៈ ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បងប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បងប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន! បងប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។ សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បងប្អូន​ជា​មួយ​គាត់​ដែរ។ សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បងប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បងប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ចែក​រំលែក
អាន ហេប្រឺ 13

ហេប្រឺ 13:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច កុំ​ឲ្យ​ភ្លេច​សេចក្ដី​ចៅ‌រ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្ដី​នោះ​ឯង ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូប‌កាយ​ដែរ។ ការ​វិវាហ‌មង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅ‌ហ្មង​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយ‌ស្មន់​គ្នា​វិញ។ ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្ដី​បង្រៀន​ប្លែកៗ​ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ដោយ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្ដី​ដំនៀល​របស់​ទ្រង់​ចុះ ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយ‌សារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។ ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។ សូម​ជួយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ជឿ‌ជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់ ខ្ញុំ​ក៏​សូម​ជា​លើស​ទៅ​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ។ សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយ‌សារ​ព្រះ‌លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​‌កល្ប​ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។ តែ​បង​ប្អូន​អើយ ចូរ​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​ប្រដៅ​ទូន្មាន​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​យ៉ាង​ខ្លីៗ​ទេ សូម​ឲ្យ​ដឹង​ថា គេ​បាន​លែង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ហើយ បើ​គាត់​មក​យ៉ាង​ឆាប់ នោះ​ខ្ញុំ​នឹង​បាន​មក​សួរ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​គាត់​ដែរ សូម​ជំរាប​សួរ​ដល់​ពួក​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ពួក​អ្នក​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន ហេប្រឺ 13