ហេប្រឺ 12:3-8

ហេប្រឺ 12:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ពិចារណាពី​ព្រះ‌អង្គ ដែល​បានស៊ូ​ទ្រាំ‌នឹង​ពួក​មនុស្ស​បាប ដែលប្រព្រឹត្ត​ទទឹង​ទទែង​ចំពោះ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ណាយ ហើយ​រសាយ​ចិត្ត។ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បាន​ទូន្មាន​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា៖ «កូន​អើយ មិន​ត្រូវ​មើល​ងាយ​ការវាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​មិន​ត្រូវធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​ព្រះ‌អង្គ​បន្ទោសកូន​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។ ចូរ​អ្នក​រាល់​គ្នា​ស៊ូទ្រាំ​នឹង​ការ​នេះ ទុកជា​ការ​ប្រៀន​ប្រដៅ​ចុះ ព្រោះ​ព្រះ‌ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ? ប្រសិន‌បើ​អ្នក​រាល់​គ្នាមិន​ទទួល​ការ​វាយ​ប្រដៅ ដែល​គ្រប់​គ្នា​ត្រូវ​ទទួល​ទេ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​បងប្អូន​គិត​ពី​ព្រះអង្គ ដែល​បាន​ស៊ូ‌ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បងប្អូន​នឿយ‌ណាយ បាក់​ទឹក​ចិត្ត​ឡើយ។ បងប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ តែ​បងប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បងប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថា: «កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន» ។ បងប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បងប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ? ប្រសិន​បើ​បងប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បងប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង‌ទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ‌ហត់ ហើយ​រសាយ​ចិត្ត​ចេញ ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ត‌យុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​សេចក្ដី​ដំបូន្មាន​អស់​រលីង​ទៅ ដែល​ទ្រង់​បាន​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា «កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល» បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​គឺ​ព្រះ‌អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ‌ផ្ចាល​នោះ តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ត្រូវ​ផ្ចាញ់‌ផ្ចាល​សោះ ជា​សេចក្ដី​ដែល​គ្រប់​គ្នា​ត្រូវ​រង​ទ្រាំ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ

ចែក​រំលែក
អាន ហេប្រឺ 12