ហេប្រឺ 12:25-28
ហេប្រឺ 12:25-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ «ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ» ។ ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេ ដែលនៅសល់។ ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ
ហេប្រឺ 12:25-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត! នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។ ពាក្យថា «ម្តងទៀត» បង្ហាញឲ្យឃើញថា អ្វីៗដែលត្រូវកក្រើក ត្រូវរើចេញ នោះគឺ អ្វីៗដែលព្រះបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនកក្រើកបានធន់នៅ។ ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ
ហេប្រឺ 12:25-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រយ័ត កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» រីឯពាក្យដែលថា «ម្តងទៀត» នោះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មាន បានធន់នៅវិញ ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់