ហេប្រឺ 12:15-29

ហេប្រឺ 12:15-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រោយ​មក កាល​គាត់​ប្រាថ្នា​ចង់​ទទួល​ពរ តែ​មិន​បាន​ទេ ទោះ​បើ​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​រក​ឱកាស​ប្រែ​ចិត្ត​មិន​ឃើញ​ដែរ។ អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ មាន​ស្នូរ​ត្រែ និង​ព្រះ‌សូរ​សៀង​របស់​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​មក ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឮ អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​គេ​ទៀត​នោះ​ឡើយ។ ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។ ហេតុការណ៍​នោះ​ពិត​ជា​គួរ​ឲ្យ​ស្ញែង​ខ្លាច​មែន បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» ។ ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន មក​ដល់​ទី​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៅ​ស្ថាន‌សួគ៌ ហើយ​មក​ដល់​ទេវតា​ទាំង​សល់​សែន​កំពុង​ជួប​ជុំ​យ៉ាងអរ​សប្បាយ មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍ មក​ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី មក​ដល់​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត ដែល​និយាយ​ពាក្យ​មួយ​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។ ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត! នៅ​ពេល​នោះ ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សន្យា​ថា «យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង» ។ ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។ ហេតុនេះ ដោយ​យើង​ទទួល​បាន​នគរ​មួយ​ដែល​មិនចេះ​កក្រើក នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ តាម​របៀប​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោត​ខ្លាច​ព្រះ‌អង្គ​ទៅ ដ្បិត​ព្រះ​របស់​យើង ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:15-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បងប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បងប្អូន​ជា​ច្រើន​នោះ​ឡើយ។ ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។ បងប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ ហើយ​បងប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ «នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ» ។ នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ «ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង» ។ ផ្ទុយ​ទៅ​វិញ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ និង​មាន​ក្រុម‌ជំនុំ​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បងប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ បងប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។ ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បងប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។ ពី​ដើម ព្រះ‌សូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ថាៈ «ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ» ។ ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។ ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។

ចែក​រំលែក
អាន ហេប្រឺ 12

ហេប្រឺ 12:15-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ត្រូវ​ប្រយ័ត​ឲ្យ​មែន‌ទែន ក្រែង​មាន​អ្នក​ណា​ខ្វះ​ខាង​ឯ​ព្រះ‌គុណ​នៃ​ព្រះ ហើយ​មាន​ឫស​ជូរ​ចត់​ណា​ពន្លក​ឡើង នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោក‌គ្រោក ដោយ‌សារ​សេចក្ដី​នោះ ក្រែង​មាន​អ្នក​កំផិត ឬ​មនុស្ស​ទមិល​ណា ដូច​ជា​អេសាវ ដែល​លក់​ច្បាប់​បង​ច្បង​របស់​ខ្លួន សង្វាត​ឲ្យ​បាន​តែ​ម្ហូប​១​មុខ​ប៉ុណ្ណោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​គាត់​សង្វាត​ចង់​បាន​ពរ តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ។ អ្នក​រាល់​គ្នា​មិន​មែន​មក​ដល់​ភ្នំ ដែល​នឹង​ពាល់​បាន ហើយ​ដែល​មាន​ភ្លើង​ឆេះ​នោះ​ទេ ឬ​ដល់​សេចក្ដី​ងងឹត ឬ​ស្រអាប់ ឬ​ខ្យល់​ព្យុះ ឬ​សូរ​ផ្លុំ​ត្រែ ឬ​ព្រះ‌សៀង​នៃ​ព្រះ ដែល​មាន​បន្ទូល​មក ជា​សូរ‌សៀង ដែល​ពួក​អ្នក​ឮ ក៏​អង្វរ​កុំ​ឲ្យ​ព្រះ‌បន្ទូល​បាន​មក​ដល់​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​ទ្រាំ​នឹង​សេចក្ដី​ដែល​បង្គាប់​មក​មិន​បាន គឺ​ជា​សេចក្ដី​ថា «សូម្បី​សត្វ​ណា​ដែល​ពាល់​ភ្នំ នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​ទំលុះ​ដោយ​ព្រួញ» ហើយ​ការ​ដែល​គេ​ឃើញ​នោះ ក៏​គួរ​ស្ញែង​ខ្លាច​ណាស់ ដល់​ម៉្លេះ​បាន​ជា​ម៉ូសេ លោក​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» គឺ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន​វិញ ជា​ទី​ក្រុង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៃ​ស្ថាន‌សួគ៌ ហើយ​ដល់​ពួក​ទេវតា​ទាំង​សល់​សែន ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​ដល់​ព្រះ‌លោហិត ដែល​សំរាប់​នឹង​ប្រោះ ជា​ព្រះ‌លោហិត​ដែល​សំដែង​ពី​សេចក្ដី​ប្រសើរ ជា​ជាង​ឈាម​របស់​អេបិល​ទៅ​ទៀត​ផង។ ចូរ​ប្រយ័ត កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ស្តាប់​តាម​ព្រះ‌អង្គ ដែល​ទ្រង់​មាន​បន្ទូល​ឡើយ ដ្បិត​បើ​សិន​ជា​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​លោក​ម៉ូសេ ក្នុង​កាល​ដែល​លោក​សំដែង​ព្រះ‌បន្ទូល ឲ្យ​ស្តាប់​នៅ​ផែនដី គេ​មិន​បាន​រួច​ទោស​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​រាល់​គ្នា ដែល​ងាក​បែរ​ចេញ​ពី​ព្រះ ដែល​មាន​បន្ទូល​ពី​ស្ថាន‌សួគ៌​មក តើ​តឹង​ជាង​យ៉ាង​ណា​ទៅ សំឡេង​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​រញ្ជួយ​នៅ​វេលា​នោះ តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង» រីឯ​ពាក្យ​ដែល​ថា «ម្តង​ទៀត» នោះ​សំដែង​ថា របស់​ដែល​ត្រូវ​កក្រើក នោះ​ត្រូវ​រើ​ចេញ ទុក​ដូច​ជា​របស់​ដែល​បាន​ធ្វើ​ហើយ ដើម្បី​ឲ្យ​របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន បាន​ធន់​នៅ​វិញ ដូច្នេះ ដែល​ទទួល​នគរ​១​ដ៏​កក្រើក​រញ្ជួយ​ពុំ​បាន នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ដែល​ដោយ‌សារ​សេចក្ដី​នោះ យើង​នឹង​បំរើ​ព្រះ​បែប​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិ‌បត្តិ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់ ដ្បិត​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

ចែក​រំលែក
អាន ហេប្រឺ 12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ