ហេប្រឺ 12:1-17
ហេប្រឺ 12:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឲ្យយើងរត់។ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ សូមបងប្អូនគិតពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយ បាក់ទឹកចិត្តឡើយ។ បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាប រហូតដល់ទៅបង្ហូរឈាមទេ តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូន ដូចឪពុកទូន្មានកូនដែរ គឺថា: «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត នៅពេលព្រះអង្គស្ដីបន្ទោសដែរ ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន» ។ បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ? ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លា មិនមែនជាកូនពេញច្បាប់ឡើយ។ ឪពុករបស់យើងផ្នែកខាងសាច់ឈាម ធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិត ទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។ ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានវិសុទ្ធ* រួមជាមួយព្រះអង្គដែរ។ ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។ ហេតុនេះ «ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះឲ្យរឹងប៉ឹងឡើងដែរ» ។ ត្រូវរៀបចំផ្លូវឲ្យបានត្រង់ ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។ ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានវិសុទ្ធ*ទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់ឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។ ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្តប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។ បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមក នៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើឲ្យឪពុកដូរគំនិតបានដែរ។
ហេប្រឺ 12:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។ ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។ ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ តែអ្នករាល់គ្នាបានភ្លេចដំបូន្មានដែលព្រះអង្គបានទូន្មានអ្នករាល់គ្នា ទុកដូចជាកូនថា៖ «កូនអើយ មិនត្រូវមើលងាយការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ក៏មិនត្រូវធ្លាក់ទឹកចិត្តនៅពេលព្រះអង្គបន្ទោសកូនដែរ។ ដ្បិតព្រះអម្ចាស់ប្រៀនប្រដៅអ្នកណាដែលព្រះអង្គស្រឡាញ់ ហើយក៏វាយផ្ចាលអស់ទាំងកូនដែលព្រះអង្គទទួល» ។ ចូរអ្នករាល់គ្នាស៊ូទ្រាំនឹងការនេះ ទុកជាការប្រៀនប្រដៅចុះ ព្រោះព្រះប្រព្រឹត្តនឹងអ្នករាល់គ្នាដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយប្រដៅនោះ? ប្រសិនបើអ្នករាល់គ្នាមិនទទួលការវាយប្រដៅ ដែលគ្រប់គ្នាត្រូវទទួលទេ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ។ មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ? ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
ហេប្រឺ 12:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ តែអ្នករាល់គ្នាបានភ្លេចសេចក្ដីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល» បើសិនជាអ្នករាល់គ្នាត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្ដីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់ កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។ ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង នឹងជង្គង់ដែលស្លុតដែរ ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ ចូរដេញតាមសេចក្ដីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ ហើយត្រូវប្រយ័តឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្ដីនោះ ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។