ហេប្រឺ 10:1-12
ហេប្រឺ 10:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយសារក្រឹត្យវិន័យ ជាស្រមោលពីសេចក្ដីល្អដែលត្រូវមក ហើយមិនមែនជារូបពិតនៃសេចក្ដីទាំងនេះ នោះពុំអាចនឹងធ្វើឲ្យពួកអ្នកដែលចូលមកថ្វាយយញ្ញបូជាដដែលៗរាល់ឆ្នាំ បានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើអាច តើគេមិនបានឈប់ថ្វាយយញ្ញបូជាឬទេ? ព្រោះកាលបើមនសិការរបស់ពួកអ្នកថ្វាយបង្គំ ដែលបានទទួលការលាងសម្អាត ម្តងជាសម្រេចហើយនោះ គេមុខជាដឹងថា គេមិនជាប់មានបាបទៀតទេ។ ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះរំឭកពួកគេឲ្យនឹកឃើញពីអំពើបាបជារៀងរាល់ឆ្នាំ។ ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ហេតុនេះ នៅពេលដែលព្រះអង្គយាងមកចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ តែព្រះអង្គបានរៀបចំរូបកាយឲ្យទូលបង្គំវិញ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬនឹងតង្វាយលោះបាបដែរ។ ដូច្នេះ ទូលបង្គំទូលថា មើល៍ ឱព្រះអើយ ទូលបង្គំបានមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ (សេចក្តីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ)» ។ កាលព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ព្រះអង្គមិនចង់បាន ក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុត និងតង្វាយលោះបាប» (របស់ទាំងនេះគេថ្វាយតាមក្រឹត្យវិន័យ) រួចព្រះអង្គមានព្រះបន្ទូលបន្ថែមទៀតថា៖ «មើល៍ ទូលបង្គំបានមកធ្វើតាមព្រះហឫទ័យព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបរបៀបពីមុនចោល ដើម្បីនឹងតាំងរបៀបថ្មីវិញ។ គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។ សង្ឃគ្រប់រូបឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលៗ ម្ដងហើយម្ដងទៀត ដែលពុំអាចនឹងដកបាបបានឡើយ។ រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ
ហេប្រឺ 10:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រឹត្យវិន័យ*គ្រាន់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យវិន័យពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្ដង ជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ប៉ុន្តែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំឭកពីអំពើបាប ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបឡើយ។ ហេតុនេះ នៅពេលដែលព្រះគ្រិស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ ដូច្នេះ ទូលបង្គំពោលថា: បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ទូលបង្គំសូមមក ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំ នៅក្នុងគម្ពីរ» ។ ជាបឋម ព្រះគ្រិស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រិស្តថ្វាយព្រះកាយរបស់ព្រះអង្គម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឲ្យវិសុទ្ធ។ បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបជាដាច់ខាត។ រីឯព្រះគ្រិស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។
ហេប្រឺ 10:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតឯក្រិត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ តែយញ្ញបូជាទាំងនោះនាំឲ្យរឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ ដ្បិតឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ ទ្រង់មានបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា នឹងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ បានជាទូលបង្គំទូលថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)» ក្រោយដែលមានបន្ទូលថា យញ្ញបូជា នឹងដង្វាយ ហើយដង្វាយដុត នឹងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រិត្យវិន័យ នោះទ្រង់ក៏ថែមព្រះបន្ទូលនេះទៀតថា «មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់» ដូច្នេះ ទ្រង់បានលើកចោលសេចក្ដីមុន ដើម្បីនឹងតាំងសេចក្ដីក្រោយវិញ គឺដោយសារចំណង់ព្រះហឫទ័យនោះ ដែលយើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច។ ឯអស់ទាំងសង្ឃក៏ឈរធ្វើការងាររាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញាប់ ដែលពុំអាចនឹងដោះបាបបានឡើយ តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ