ហាកាយ 1:8-15
ហាកាយ 1:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាបង្គាប់ថា "ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះយើងនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងផង ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាអ្នកបាននាំយកទៅដល់ផ្ទះ នោះយើងបានផ្លុំផាត់ទៅ"។ ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គសួរថា "ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់យើង ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះអ្នករៀងខ្លួននោះ ហេតុដូច្នេះបានជាមេឃមិនស្រក់ទម្លាក់សន្សើមមកលើអ្នកទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ យើងក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង"»។ នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា នោះហោរាហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបង្គាប់មក គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនៅជាមួយឯងរាល់គ្នា»។ ខណៈនោះ ព្រះយេហូវ៉ាដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងចិត្តរបស់សំណល់នៃបណ្ដាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង គឺនៅថ្ងៃ២៤ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស។
ហាកាយ 1:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាឡើងទៅលើភ្នំ យកឈើមកសង់ដំណាក់របស់យើង។ យើងពេញចិត្តនឹងដំណាក់នេះ ហើយយើងនឹងបង្ហាញសិរីរុងរឿងរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ហេតុនេះហើយបានជាមេឃទប់មិនឲ្យ មានភ្លៀងធ្លាក់ ដីក៏មិនផ្ដល់ភោគផលឲ្យអ្នករាល់គ្នាដែរ។ យើងនឹងធ្វើឲ្យកើតរាំងស្ងួត គ្មានភ្លៀងធ្លាក់នៅក្នុងស្រុក តាមភ្នំ លើស្រែ លើចម្ការទំពាំងបាយជូរ លើចម្ការអូលីវ លើដំណាំឯទៀតៗ លើមនុស្ស លើសត្វ។ ដូច្នេះ កិច្ចការទាំងអស់ដែលមនុស្សធ្វើ ឥតបង្កើតបានផលអ្វីឡើយ»។ ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។ លោកហាកាយ ដែលព្រះអម្ចាស់ចាត់ឲ្យមកមានប្រសាសន៍ទៅកាន់ប្រជាជន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងស្ថិតនៅជាមួយអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ដាស់ស្មារតីលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងជាទេសាភិបាលរបស់អាណាខេត្តយូដា ព្រមទាំងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ហើយព្រះអង្គក៏ដាស់ស្មារតីរបស់ប្រជាជនដែលនៅសេសសល់ដែរ។ ពួកគេនាំគ្នាមក ហើយចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ពួកគេ នៅថ្ងៃទីម្ភៃបួន ខែទីប្រាំមួយ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស។
ហាកាយ 1:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បង្គាប់ថា ចូរឡើងទៅឯភ្នំ យកឈើមកសង់ព្រះវិហារចុះ នោះអញនឹងរីករាយចំពោះវិហារនោះ ហើយនឹងបានថ្កើងឡើងផង ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាឯងបាននាំយកទៅដល់ផ្ទះ នោះអញបានផ្លុំផាត់ទៅ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សួរថា ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់អញ ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះឯងរៀងខ្លួននោះ ហេតុដូច្នេះបានជាមេឃមិនស្រក់ទំលាក់សន្សើមមកលើឯងទៀត ហើយផែនដីមិនបង្កើតផលទៀតឡើយ អញក៏បង្គាប់ឲ្យមានអំណត់អត់ភ្លៀងនៅក្នុងស្រុក ហើយនៅលើភ្នំ ឲ្យឥតមានស្រូវ ទឹកទំពាំងបាយជូរ ប្រេង ឬផលដែលកើតពីដីមក ក៏មិនឲ្យធ្លាក់លើមនុស្ស លើសត្វ ឬលើការដែលដៃមនុស្សធ្វើនោះផង។ នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល នឹងយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំ ព្រមទាំងសំណល់នៃបណ្តាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោក ឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា នោះហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្តាជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់បង្គាប់មក គឺព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនៅជាមួយនឹងឯងរាល់គ្នា ខណៈនោះ ព្រះយេហូវ៉ា ទ្រង់ដាស់តឿនចិត្តរបស់សូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយលើស្រុកយូដា ហើយនឹងចិត្តរបស់យេសួរ ជាកូនយ៉ូសាដាក ដ៏ជាសង្ឃធំ ព្រមទាំងចិត្តរបស់សំណល់នៃបណ្តាជនទាំងឡាយផង នោះគេក៏មកធ្វើការសង់ព្រះវិហាររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃខ្លួនគេឡើង គឺនៅថ្ងៃ២៤ ខែភទ្របទ ក្នុងឆ្នាំទី២ នៃរាជ្យស្តេចដារីយុស។