ហាបាគូក 3:1-19

ហាបាគូក 3:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក ស្មូត្រ​ជា​ទំនុក​សោក​សង្រេង: ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ព្រះអង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា របស់​ព្រះអង្គ​ផង។ ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ាន ព្រះ​ដ៏វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់ មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។ ព្រះអង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ ឲ្យ​ទៅ​ពី​មុខ​ព្រះអង្គ។ ព្រះអង្គ​យាង​ទៅ​ទី​ណា ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។ ពេល​ព្រះអង្គ​ឈប់ ផែនដី​កក្រើក។ ពេល​ព្រះអង្គ​ទត​មើល ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ប្រេះ​ចេញ​ពី​គ្នា ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក ជា​ផ្លូវ​ដែល​ព្រះអង្គ​ធ្លាប់​យាង​កាត់ ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។ ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ ជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។ តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ? តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លា ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ? ព្រះអង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ និង​រទេះ​ចម្បាំង ទៅ​វាយ​យក​ជ័យ‌ជម្នះ។ ព្រះអង្គ​យឹត​ធ្នូ​របស់​ព្រះអង្គ ព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ ជា​ព្រួញ​របស់​ព្រះអង្គ។ - សម្រាក ព្រះអង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។ ភ្នំ​ឃើញ​ព្រះអង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។ ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច នៃ​លំពែង​របស់​ព្រះអង្គ ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។ ព្រះអង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធ ព្រះអង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។ ព្រះអង្គ​យាង​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ និង​សង្គ្រោះ​ស្ដេច​ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក។ ព្រះអង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ ព្រះអង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ ទាំង​អស់​គ្នា។ - សម្រាក ព្រះអង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ មក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។ ព្រះអង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះអង្គ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កម្រើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។ ដើម​ឧទុម្ពរ​លែង​ផ្កា ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ ដើម​អូលីវ​លែង​ផ្ដល់​ប្រេង ស្រែ​ចម្ការ​លែង​ផ្ដល់​ភោគ‌ផល​ជា​អាហារ លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លុប ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។ ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ ។

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ពាក្យ​អធិស្ឋាន​របស់​ហោរា​ហាបាគុក រៀង​ជា​ពាក្យ​លន្លោច​ចិត្ត។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី ដែលព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង ព្រះ​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី ភ្នំ​ប៉ារ៉ាន-បង្អង់- សិរី‌ល្អព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ព្រះ‌អង្គ សេចក្ដី​រុងរឿង​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ពន្លឺ មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឈរ​ឡើង ក៏​វាស់​ផែនដី ព្រះ‌អង្គ​ក្រឡេក​ទត​ទៅ ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដែល​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដែល​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ អស់​ទាំង​ដំណើរ​របស់​ព្រះ‌អង្គ​មាន​តាំង​ពី​បុរាណ​មក ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ។ តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ថ្នាំង‌ថ្នាក់ ចំពោះ​ទន្លេ​ទាំង​ប៉ុន្មាន​ឬ? តើ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌អង្គ​តម្រង់​ទាស់​នឹង​ទន្លេ ឬ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ទាស់​នឹង​សមុទ្រឬ បាន​ជា​ព្រះ‌អង្គ​ឡើង​គង់​លើ​សេះ​របស់​ព្រះ‌អង្គ ហើយ​លើ​រថ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​ទៅ​ដូច្នេះ? ព្រះ‌អង្គ​បានទាញ​ធ្នូ​ចេញពី​ស្រោម​ជា​ស្រេច ទាំង​ហៅ​ព្រួញ​ជា​ច្រើន​ឲ្យ​មក។-បង្អង់- ព្រះ‌អង្គ​បាន​ពុះ​ញែក​ផែនដី​ឲ្យមាន​ទន្លេ។ ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញព្រះ‌អង្គ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជម្រៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ ឯ​ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ព្រះ‌អង្គ​កំពុង​ហោះ​ទៅ និង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ​ផ្លេកៗ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​យាង​កាត់​ស្រុក​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ។ ព្រះ‌អង្គ​បាន​យាង​ចេញ​មក ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។ ព្រះ‌អង្គ​បាន​វាយ​អ្នក​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ចាប់​តាំង​ពី​ជើង​រហូត​ដល់ក្បាល​ផង។ -បង្អង់- ព្រះ‌អង្គ​បាន​ចាក់​ទម្លុះ​ក្បាល​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​គេ ដោយ​ព្រួញ​របស់​ព្រះ‌អង្គ គេ​បាន​ចេញ​មក​ដូច​ខ្យល់​កួច ដើម្បី​កម្ចាត់‌កម្ចាយ​យើង​ខ្ញុំ គេ​ត្រេក‌អរ​ចំពោះ​ការ​ស៊ី​បំផ្លាញ ពួក​ក្រីក្រ​ដោយ​សម្ងាត់។ ព្រះ‌អង្គ​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។ ខ្ញុំ​បាន​ឮ ហើយ​ខ្ញុំ​ក៏​ញ័រ​រន្ធត់ បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ ដោយ​ឮ​សំឡេង​នោះ ក្នុង​ឆ្អឹង​របស់​ខ្ញុំពុក​ទៅ​ៗ ខ្ញុំ​ក៏​ទន់​ជើងនៅ​ស្ងៀម ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់។ ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ទំពាំង‌បាយ‌ជូរ​ឥត​មាន​ផ្លែ ដើម​អូលីវមិន​បញ្ចេញប្រេង ស្រែ​ចម្ការ​ឥត​បង្កើត​ផល ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល និង​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់ ជា​កម្លាំង​ខ្ញុំ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សម្រាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚

ចែក​រំលែក
អាន ហាបាគូក 3

ហាបាគូក 3:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ពាក្យ​អធិស្ឋាន​របស់​ហោរា​ហាបាគុក រៀង​ជា​ពាក្យ​លន្លោច​ចិត្ត។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​នោះ ហើយ​ទូលបង្គំ​មាន​សេចក្ដី​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ទ្រង់​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សំដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង ព្រះ‌ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន-បង្អង់-សិរី‌ល្អ​នៃ​ទ្រង់​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ សេចក្ដី​រុងរឿង​របស់​ទ្រង់​ក៏​ដូច​ជា​ពន្លឺ​មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​ទ្រង់ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​នៃ​ទ្រង់ មាន​អាសន្ន‌រោគ​ចេញ​ពី​ចំពោះ​ទ្រង់ ក៏​មាន​រន្ទះ​ចេញ​ពី​ដាន​ព្រះ‌បាទ​ទ្រង់ ទ្រង់​ឈរ​ឡើង ក៏​វាស់​ផែនដី ទ្រង់​ក្រឡេក​ទត​ទៅ​ក៏​បណ្តេញ​សាសន៍​ទាំង​ប៉ុន្មាន​ចេញ​ពី​គ្នា ឯ​ភ្នំ​ធំ​ដ៏​នៅ​អស់‌កល្ប​រៀង​មក នោះ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​ភ្នំ​តូច​ដ៏​នៅ​ជា​ដរាប ក៏​ឱន​លំទោន​ចុះ​អស់​ទាំង​ដំណើរ​របស់​ទ្រង់​មាន​តាំង​ពី​បុរាណ​មក ទូលបង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ តើ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​ថ្នាំង‌ថ្នាក់ ចំពោះ​ទន្លេ​ទាំង​ប៉ុន្មាន​ឬ តើ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ដំរង់​ទាស់​នឹង​ទន្លេ ឬ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ទាស់​នឹង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​ឡើង​គង់​លើ​សេះ​របស់​ទ្រង់ ហើយ​លើ​រថ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ទៅ​ដូច្នេះ ធ្នូ​របស់​ទ្រង់​បាន​បើក​ចេញ​ស្រាប់ ពាក្យ​សម្បថ​ដល់​ពូជ​អំបូរ​ទាំង‌ឡាយ​ជា​ព្រះ‌បន្ទូល​ដ៏​ពិត-បង្អង់- ទ្រង់​បាន​ពុះ​ញែក​ផែនដី​ឲ្យ​ទន្លេ​មាន​ផ្លូវ​ហូរ ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជំរៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ ឯ​ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ ក៏​ឈប់​ទ្រឹង​នៅ ដោយ​ឃើញ​ពន្លឺ​នៃ​ព្រួញ​ទ្រង់​កំពុង​ហោះ​ទៅ នឹង​ពន្លឺ​ចាំង​ពី​លំពែង​ដ៏​ភ្លឺ‌ផ្លេកៗ​របស់​ទ្រង់ ទ្រង់​បាន​យាង​កាត់​ស្រុក​ទៅ ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ក៏​កិន​បញ្ជាន់​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​ក្រោធ ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់- ទ្រង់​បាន​ចាក់​ទំលុះ​មេ‌ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់‌កំចាយ​ទូលបង្គំ គេ​ត្រេក‌អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់ ប៉ុន្តែទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។ ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្ដី​ពុក‌រលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យ‌ញ័រ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់ ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សំរាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚

ចែក​រំលែក
អាន ហាបាគូក 3