ហាបាគូក 2:1-20

ហាបាគូក 2:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​នឹង​ឈរ​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អង្គ នឹង​មាន​ព្រះ‌បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ «ចូរ​កត់​និមិត្ត​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ។ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សម្រាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ ហើយនៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ ប្រសិន‌បើ​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ពិត ឥត​រា‌រង់​ឡើយ។ មើល៍! ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​ជំនឿ​របស់​ខ្លួន មួយ​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរ ជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ខាង​ខ្លួន ក៏​បង្រួម​ជន​ជាតិ​ទាំង‌ឡាយ​ទុក​សម្រាប់​ខ្លួន​ដែរ»។ តើ​ពួក​ទាំង​នោះ មិន​និយាយ​ពាក្យ​ប្រៀប‌ធៀប និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ ដោយ​ពាក្យ​ថា «វេទនា​ដល់​មនុស្ស​ដែល​ចម្រើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន ហើយ​ផ្ទុក​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង» តើ​នឹង​នៅ​ដូច្នេះ​ដល់​កាល​ណាទៀត? តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា‌មួយ​រំពេច និង​ពួក​មួយ​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ? ពេល​នោះ ឯង​នឹង​ត្រូវ​គេរឹបអូស​វិញ ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន សំណល់​ជន​ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​ឯង​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។ វេទនា​ដល់​មនុស្ស​ដែល​បាន​កម្រៃ ដោយ​ទុច្ចរិត​សម្រាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សម្បុក​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​សេចក្ដី​អាក្រក់។ ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន​ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ។ ដ្បិត​ថ្ម​នឹង​ស្រែក​ចេញ​ពី​ជញ្ជាំង​មក ហើយ​ធ្នឹម នៅ​ក្នុង​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​តប។ វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ​ដោយ​កម្ចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត។ មើល៍! តើ​មិន​មែន​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ ដែល​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​ជន​ជាតិ​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ការ​នឿយ‌ហត់​របស់​សាសន៍​ទាំង​ប៉ុន្មាន ទៅ​ជា​ឥត​ប្រយោជន៍? ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។ វេទនា​ដល់​អ្នក​ណា​ដែល​បំផឹក​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ អ្នក​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់ ជំនួស​សិរី‌ល្អ។ ចូរ​អ្ន​ក​ផឹក​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ឃើញ​ថា​ឯង​មិន​បាន​កាត់​ស្បែក ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នឹង​វិល​មក​ដល់​អ្នក​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ដ៏​ជួ‌ជាតិ នឹង​មក​គ្រប​លើ​សីរី​ល្អ​របស់​អ្នក​វិញ។ អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ដល់ ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ខ្លាច ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ។ ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា "សូម​តើន​ឡើង" ហើយ​ដល់​ដុំ​ថ្ម​គ​ថា "សូម​ក្រោក​ឡើង" តើ​រូប​នោះអាច​បង្រៀន​បាន​ឬ? មើល៍! គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។

ចែក​រំលែក
អាន ហាបាគូក 2

ហាបាគូក 2:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​នឹង​ឡើង​ទៅ​យាម‌ល្បាត ខ្ញុំ​នឹង​ទន្ទឹង​រង់‌ចាំ​នៅ​លើ​ប៉ម ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ខ្ញុំ​យ៉ាង​ណា តើ​ព្រះអង្គ​ឆ្លើយ​តប​នឹង​ពាក្យ​តវ៉ា​របស់​ខ្ញុំ យ៉ាង​ណា​ខ្លះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​កត់‌ត្រា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ចូរ​ចារ​ទុក​នៅ​លើ​បន្ទះ​ថ្ម ដើម្បី​ឲ្យ​គេ​ស្រួល​អាន។ និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។ មនុស្ស​ព្រហើន​កោង‌កាច​មុខ​ជា​ត្រូវ​វិនាស រីឯ​មនុស្ស​សុចរិត​នឹង​រស់​ដោយ‌សារ​ជំនឿ។ ទ្រព្យ​សម្បត្តិ ​រមែង​នាំ​ឲ្យ​ខក​ចិត្ត មនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេ គេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់ គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្ត គេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់ ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។ ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​-ក​អ្នក ព្រម​ទាំង​អង្រួន​អ្នក ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។ អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណា ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស យក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។ គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ របស់​អ្នក​ត្រូវ​អាម៉ាស់។ ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។ សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បាន​សង់​ទី​ក្រុង ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យ ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយ ប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ផែនដី​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ! អ្នក​មិន​ទទួល​កិត្តិយស​ទេ ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាស ដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ! ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា ភាព​អាម៉ាស់​វិញ! អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។ អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច! អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។ តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី? គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដី ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ? អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា “សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។ តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ? រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន តែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។ ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!

ចែក​រំលែក
អាន ហាបាគូក 2

ហាបាគូក 2:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​បន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់‌ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់‌ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។ មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​ខ្លួន ១​ទៀត ដែល​ស្រា​ទំពាំង‌បាយ‌ជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្ដី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជន‌ជាតិ​ទាំង‌ឡាយ​ទុក​សំរាប់​ខ្លួន​ដែរ ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀប‌ធៀប នឹង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា​១​រំពេច នឹង​ពួក​១​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ នោះ​ឯង​នឹង​ត្រូវ​ជា​របឹប​ដល់​គេ​វិញ ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស នឹង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង នឹង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។ វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្ដី​អាក្រក់ ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន‌ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។ វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត មើល ដែល​ជន‌ជាតិ​ទាំង‌ឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។ វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ ឯង​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស មិន​មែន​ជា​សិរី‌ល្អ​ទេ ចូរ​ឲ្យ​ឯង​ផឹក​ដែរ ហើយ​ឲ្យ​គេ​ឃើញ​ថា ឯង​មិន​បាន​កាត់​ស្បែក​ពិត ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​វិល​មក​ដល់​ឯង​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ជួ‌ជាតិ នឹង​គ្រប​លើ​សិរី‌ល្អ​របស់​ឯង​វិញ ដ្បិត​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ភ្ញាក់ផង ដោយ​ព្រោះ​ឈាម​មនុស្ស នឹង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង នឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។ ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា នឹង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាសនឹង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។

ចែក​រំលែក
អាន ហាបាគូក 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ