លោកុប្បត្តិ 8:1-22

លោកុប្បត្តិ 8:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។ រន្ធ​ទឹក​នៅ​ទី​ជម្រៅ និង​ទ្វារ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ពី​លើ​មេឃ​ដែរ។ ទឹក​បាន​ស្រក​ចុះ​ពី​ផែន‌ដី​ជា​ដរាប លុះ​ផុត​ពី​មួយ​រយ​ហាសិប​ថ្ងៃ​ទៅ ទឹក​ក៏​ថយ​ចុះ ហើយ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ ទឹក​ក៏បន្ត​ស្រក​ចុះ​រហូត​ដល់​ខែ​ទី​ដប់ លុះ​ចូល​ដល់​ថ្ងៃ​ទី​មួយ ខែ​ទី​ដប់ ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។ សែសិប​ថ្ងៃ​ក្រោយ​មក​ទៀត លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ដែល​លោក​បាន​ធ្វើ ហើយ​ក៏​លែង​សត្វ​ក្អែក​មួយ​ឲ្យ​ចេញ​ទៅ តែ​សត្វ​នោះ​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែន‌ដី។ បន្ទាប់​មក លោក​ក៏​លែង​ព្រាប​មួយ​ទៀត​ឲ្យ​ទៅ ដើម្បី​ឲ្យ​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ដល់​ដី ឬ​យ៉ាង​ណា តែ​ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែន‌ដី​នៅ​ឡើយ។ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ចាប់​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​វិញ។ លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត ហើយ​នៅ​ពេល​ល្ងាច ព្រាប​នោះ​វិល​ត្រឡប់​មក​រក​លោក​វិញ ទាំង​ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា‌មួយ​ផង ដូច្នេះ លោក​ណូអេ​ក៏​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែន‌ដី​ហើយ។ បន្ទាប់​មក លោក​រង់‌ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​នោះ​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទៀត​ឡើយ។ នៅ​ឆ្នាំ​ប្រាំ​មួយ​រយ​មួយ ក្នុង​ខែ​ទី​មួយ ថ្ងៃ​ទីមួយ ទឹក​បាន​រីង​ស្ងួត​អស់​ពី​ផែន‌ដី។ លោក​ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា ដី​បាន​ស្ងួត​អស់​ហើយ។ នៅ​ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ​ប្រាំពីរ ផែន​ដី​បាន​ស្ងួត​អស់។ ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូ​អេ​ថា៖ «ចូរ​ចេញ​ពី​ទូក​មក គឺ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។ ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា‌មួយ​អ្នក​ចេញ​មក​ផង គឺ​ទាំង​សត្វ​ស្លាប សត្វ​ជើង​បួន និង​គ្រប់​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង មាន​ពាស​ពេញ​នៅ​លើ​ផែន‌ដី»។ ដូច្នេះ លោក​ណូអេ​ក៏​ចេញ​មក ហើយ​កូន ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ជា‌មួយ​លោក​ដែរ។ គ្រប់​ទាំង​សត្វ​ជើង​បួន សត្វ​លូន​វារ សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កម្រើក​លើ​ផែន‌ដី ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ​របស់​វា​ដែរ។ បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។ កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។ ដរាប​ណា​នៅ​មាន​ផែន‌ដី​នៅ​ឡើយ ដរាប​នោះ រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់ ក្តៅ រដូវ​ប្រាំង រដូវ​វស្សា ថ្ងៃ និង​យប់ នឹង​នៅ​តែ​មាន មិន​ដែល​អាក់​ខាន​ឡើយ»។

លោកុប្បត្តិ 8:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។ ប្រភព​ទឹក​ដែល​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ទ្វារ​មេឃ បិទ​ជិត​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ដែរ។ ទឹក​បាន​ស្រក​ចុះ​ពី​ផែនដី​បន្តិច​ម្ដងៗ កម្ពស់​ទឹក​ចាប់​ផ្ដើម​ថយ​ចុះ នៅ​ថ្ងៃ​ទី​មួយ​រយ​ហា‌សិប។ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ‌ពីរ​នៃ​ខែ​ទី​ប្រាំ‌ពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។ សែ‌សិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។ បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។ ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។ លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ធំ​ទៅ​សា​ជា​ថ្មី។ នៅ​ពេល​ល្ងាច​ព្រាប​បាន​វិល​មក​រក​លោក​វិញ ទាំង​ពាំ​ត្រួយ​អូលីវ​មក​ជា​មួយ​ផង ដូច្នេះ លោក​ណូអេ​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​ហើយ។ លោក​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទេ។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ដែល​លោក​ណូអេ​មាន​អាយុ​ប្រាំ​មួយ​រយ​មួយ​ឆ្នាំ ទឹក​បាន​រីង​អស់​ពី​ផែនដី។ លោក​ណូអេ​បើក​ដំបូល​ទូក​ធំ​ក៏​ឃើញ​ថា​ដី​គោក​អស់​ហើយ។ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ‌ពីរ​នៃ​ខែ​ទី​ពីរ ផែនដី​បាន​រីង​ស្ងួត​អស់។ ពេល​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ណូអេ​ថា៖ «ចូរ​ចេញ​ពី​ទូក​ធំ​នេះ​ទៅ គឺ​ចេញ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។ ចូរ​នាំ​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា​មួយ​អ្នក​ចេញ​ទៅ​ផង គឺ​នាំ​ទាំង​បក្សា‌បក្សី ទាំង​សត្វ​ជើង​បួន និង​សត្វ​លូន​វារ​លើ​ដី​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​វា​នៅ​ពាស‌ពេញ​លើ​ផែនដី ព្រម​ទាំង​បង្កើត​កូន​ចៅ និង​កើន​ចំនួន​យ៉ាង​ច្រើន​នៅ​លើ​ផែនដី»។ លោក​ណូអេ​ក៏​ចេញ​ពី​ទូក​ធំ រីឯ​កូន​ប្រុស ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ដែរ។ សត្វ​ជើង​បួន ឧរង្គ‌សត្វ បក្សា‌បក្សី និង​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​ទាំង​ប៉ុន្មាន នាំ​គ្នា​ចេញ​ពី​ទូក​ធំ តាម​ពូជ​របស់​វា​ដែរ។ លោក​ណូអេ​បាន​សង់​អាសនៈ*​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​បាន​យក​សត្វ​ខ្លះ​ពី​ក្នុង​ចំណោម​សត្វ​បរិសុទ្ធ​គ្រប់​ប្រភេទ និង​ពី​ក្នុង​ចំណោម​សត្វ​ស្លាប​បរិសុទ្ធ​គ្រប់​ប្រភេទ មក​ដុត​ទាំង​មូល​ថ្វាយ​ជា​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ក្លិន​ដ៏​ឈ្ងុយ‌ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លម្អៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។ ដរាប​ណា​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្ដៅ មាន​រដូវ​ក្ដៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​ត​រៀង​ទៅ​មិន​ដែល​អាក់‌ខាន​ឡើយ»។

លោកុប្បត្តិ 8:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ នឹង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ ឯ​រន្ធ​ទឹក​នៅ​ទី​ជំរៅ នឹង​ទ្វារ​ទំនប់​នៅ​លើ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​ក៏​រាំង​ទៅ ទឹក​បាន​ថយ​ចេញ​ពី​ផែនដី​ជា​ដរាប លុះ​ដល់​ផុត​ពី​១៥០​ថ្ងៃ​ទៅ ទើប​បាន​ស្រក​បន្តិច ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។ កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់ គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។ នៅ​ឆ្នាំ​៦០១​ក្នុង​ថ្ងៃ​ចូល​ខែ​ទី​១ នោះ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ ដល់​ថ្ងៃ​២៧ ខែ​ទី​២ នោះ​ដី​បាន​ស្ងួត‌ធេង ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា ចូរ​ឯង​ចេញ​ពី​ទូក​ចុះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ស្រី​ឯង​ដែរ ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែល​នៅ​ជា​មួយ​នឹង​ឯង​ចេញ​មក​ផង ទោះ​ទាំង​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​ក្តី ដើម្បី​ឲ្យ​បាន​មក​បង្កើត​កូន​ចំរើន​ជា​បរិបូរ​នៅ​ពេញ‌ពាស​លើ​ផែនដី នោះ​ណូអេ​ក៏​ចេញ​មក ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ស្រី​គាត់ ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កំរើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។ ណូអេ​បាន​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ឈ្ងុយ រួច​ទ្រង់​សំរេច​ក្នុង​ព្រះ‌ហឫទ័យ​ថា អញ​នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ ពី​ព្រោះ​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក អញ​ក៏​មិន​ធ្វើ​ទោស​ដល់​ជីវិត​ទាំង‌ឡាយ ដូច​ជា​អញ​ទើប​នឹង​ធ្វើ​នោះ​ទៀត​ដែរ កាល​នៅ​មាន​ផែនដី​នៅ​ឡើង នោះ​មិន​ដែល​ខាន​នឹង​មាន​រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់​ហើយ​ក្តៅ ប្រាំង​វស្សា ថ្ងៃ​ហើយ​យប់​ទៀត​ឡើយ។