លោកុប្បត្តិ 49:16-33

លោកុប្បត្តិ 49:16-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។ ដាន់​នឹង​ធ្វើ​ជា​ពស់​ដែល​លូន​តាម​ផ្លូវ ជា​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​ចឹក​កែង​ជើង​សេះ ធ្វើ​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ កាដ​នឹង​មាន​មួយ​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​ជើង​របស់​គេ​វិញ។ អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។ យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។ មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។ ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។ បេនយ៉ាមីន​ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នា»។ ទាំង​អស់​នេះ​ជា​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ ហើយ​នេះ​ជា​សេចក្ដី​ដែល​ឪពុក​របស់​គេ​បាន​ពោល​ទៅ​គេ នៅ​ពេល​ដែល​លោក​ឲ្យ​ពរ ដោយ​ឲ្យ​ពរ​គេ​ម្នាក់ៗ តាម​ពរ​ដែល​គេ​ស័ក្ដិ‌សម​នឹង​ទទួល​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ នៅ​ស្រុក​កាណាន ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន​ជា​សាសន៍​ហេត ទុក​សម្រាប់​ជា​ទី​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។ ចម្ការ និង​ល្អាង​នោះ​គឺ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ»។ កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។

លោកុប្បត្តិ 49:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។ ឱ​ព្រះ‌អម្ចាស់អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ! កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។ អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។ យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។ សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។ បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។ លោក​ទាំង​នោះ​ជា​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​ដូច្នេះ នៅ​ពេល​លោក​ឲ្យ​ពរ​កូន​ទាំង​ដប់‌ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។ បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​លោក​តា​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។ នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។ លោក​តា​អប្រាហាំ​បាន​ទិញ​ចម្ការ ព្រម​ទាំង​គុហា​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។ លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។

លោកុប្បត្តិ 49:16-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​១ ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។ ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ។ ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។ យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រាអែល​បាន​ចេញ​ពី​នោះ​មក គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​ឰយុកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។ បេន‌យ៉ាមីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។ នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។ គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចំការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ គឺ​ក្នុង​រអាង​ដែល​នៅ​ចំការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ជា​មួយ​នឹង​ចំការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សំរាប់​ជា​ទី​កប់​ខ្មោច គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក នឹង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ ឯ​ចំការ នឹង​រអាង​នោះ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។