លោកុប្បត្តិ 49:13-27

លោកុប្បត្តិ 49:13-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាប់‌យូ‌ឡូន​នឹង​នៅ​តាម​មាត់​សមុទ្រ វា​នឹង​ក្លាយ​ជា​កំពង់​សម្រាប់​នា​វា ហើយ​ព្រំ​ប្រទល់​របស់​វា នឹង​លាត​សន្ធឹង​ទៅ​ដល់​ស្រុក​ស៊ីដូន។ អ៊ីសា‌ខារ​ជា​សត្វ​លាដ៏​ខ្លាំង ដែល​ដេក​នៅ​ចន្លោះ​ក្រោល​ចៀម វា​ឃើញ​មាន​ទី​ឈប់​សម្រាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ឲ្យ​គេ​ប្រើ​ដូច​ជា​ទាសករ។ ដាន់​នឹង​ជំនុំ​ជម្រះ​ប្រជា‌ជន​របស់​ខ្លួន ដូច​ជា​កុល‌សម្ព័ន្ធ​មួយ​របស់​អ៊ីស្រា‌អែល។ ដាន់​នឹង​ធ្វើ​ជា​ពស់​ដែល​លូន​តាម​ផ្លូវ ជា​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​ចឹក​កែង​ជើង​សេះ ធ្វើ​ឲ្យ​អ្នក​ជិះ​ធ្លាក់​ផ្ងារ​ក្រោយ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។ កាដ​នឹង​មាន​មួយ​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​ជើង​របស់​គេ​វិញ។ អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។ យ៉ូសែប​ជា​មែក មាន​ផ្លែ ជា​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង របស់​វា​គ្រប​លើ​កំផែង​ក្រុង។ មាន​ពួក​ពល​ធ្នូ​ធ្វើ​ទុក្ខ​ដល់​វា​យ៉ាង​សាហាវ គេ​បាន​បាញ់​ព្រួញ​ដាក់​វា ហើយ​រុក​គួន​វា​ជា​ខ្លាំង តែ​ធ្នូ​របស់​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​របស់​វា​មាន​កម្លាំង ដោយ‌សារ​ព្រះ‌ហស្ត នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ដោយ​សារ​នាម​ព្រះ​អង្គ​ដែល​ជា​គង្វាល គឺ​ជា​ថ្ម​ដា​របស់​អ៊ីស្រា‌អែល គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។ ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។ បេនយ៉ាមីន​ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​គ្នា»។

លោកុប្បត្តិ 49:13-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់‌ផែ ព្រំ‌ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។ អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។ អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​ឱន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។ ដាន់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្ដាល​ឲ្យ​អ្នក​ជិះ​ដាច់‌ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។ ឱ​ព្រះ‌អម្ចាស់អើយ ទូលបង្គំ​សង្ឃឹម​ថា​ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ! កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សម្រុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។ អេ‌ស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។ យ៉ូសែប​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ​ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។ ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យ៉ូសែប គេ​បាញ់​ព្រួញ​មក​លើ​យ៉ូសែប ប៉ុន្តែ ធ្នូ​របស់​យ៉ូសែប​មាន​ប្រៀប​ជាង យ៉ូសែប​នៅ​តែ​ខ្លាំង​ពូកែ​ជានិច្ច។ សូម​ឫទ្ធា‌នុភាព​នៃ​ព្រះ​របស់​យ៉ាកុប ដែល​គ្មាន​នរណា​អាច​យក​ជ័យ‌ជម្នះ​បាន សូម​ព្រះអង្គ​ដែល​ជា​គង្វាល និង​ជា​ថ្ម‌ដា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ​របស់​ពុក​ជួយ​ទំនុក​បម្រុង​កូន សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។ សូម​ឲ្យ​ពរ​ដែល​ពុក​ផ្ដល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូនតា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យ៉ូសែប គឺ​ធ្លាក់​មក​លើ​សក់​របស់​យ៉ូសែប ដែល​ព្រះអង្គ បាន​ញែក​ចេញ​ពី​ចំណោម​បងប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​ព្រះអង្គ។ បេន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។

លោកុប្បត្តិ 49:13-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សាប់‌យូល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។ អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។ ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​១ ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។ ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ។ ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។ ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។ យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រាអែល​បាន​ចេញ​ពី​នោះ​មក គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​ឰយុកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។ បេន‌យ៉ាមីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក​វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។