លោកុប្បត្តិ 44:30-34
លោកុប្បត្តិ 44:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅជួបឪពុក ជាអ្នកបម្រើរបស់លោកម្ចាស់ ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយយើងខ្ញុំទេ នោះគាត់នឹងស្លាប់មិនខានដោយមិនឃើញកូននេះ ហើយយើងខ្ញុំប្របាទឈ្មោះថា បាននាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើរបស់លោកម្ចាស់ ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងទុក្ខព្រួយពិតមែន។ ដ្បិតខ្ញុំប្របាទបានធានាពីសុវត្ថិភាពរបស់កូននេះជូនឪពុកថា "ប្រសិនបើខ្ញុំមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះខ្ញុំត្រូវមានទោសចំពោះលោកឪពុកជារៀងរហូត"។ ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសក្មេងនេះចុះ ដើម្បីឲ្យវាឡើងទៅវិញជាមួយពួកបងៗ។ ដ្បិតបើក្មេងនេះមិនបានទៅជាមួយទេ ធ្វើដូចម្តេចឲ្យខ្ញុំប្របាទឡើងទៅជួបឪពុកវិញបាន? ខ្ញុំប្របាទខ្លាចក្រែងឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ»។
លោកុប្បត្តិ 44:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ បើខ្ញុំប្របាទវិលទៅជួបឪពុកវិញ ដោយមិននាំប្អូនប្រុសដែលគាត់ជំពាក់ចិត្តយ៉ាងខ្លាំងនេះ ទៅជាមួយទេ ឪពុកយើងខ្ញុំប្រាកដជាស្លាប់មិនខាន នៅពេលមិនឃើញវា។ យើងខ្ញុំមុខតែធ្វើឲ្យឪពុកយើងខ្ញុំលាចាកលោកនេះទៅ ទាំងកើតទុក្ខយ៉ាងខ្លាំង។ ខ្ញុំប្របាទផ្ទាល់បានធានារ៉ាប់រងជូនឪពុកខ្ញុំប្របាទថា “បើកូនមិននាំប្អូនត្រឡប់មកជួបលោកឪពុកវិញទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត!”។ ដូច្នេះ សូមលោកម្ចាស់មេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទធ្វើជាទាសកររបស់លោកម្ចាស់នៅទីនេះ ជំនួសប្អូន។ សូមលោកម្ចាស់អនុញ្ញាតឲ្យវាវិលទៅវិញជាមួយបងៗ ដោយអនុគ្រោះផង។ ប្រសិនបើប្អូនពៅមិនទៅជាមួយ ខ្ញុំប្របាទមិនអាចទៅជួបមុខឪពុកវិញបានទេ ដ្បិតខ្ញុំប្របាទមិនចង់ឃើញឪពុកខ្ញុំប្របាទមានទុក្ខវេទនាឡើយ»។
លោកុប្បត្តិ 44:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះបើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបំរើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ នោះគាត់នឹងស្លាប់ជាពិតដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបំរើលោក ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយពិតមែន ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប ដូច្នេះសូមឲ្យខ្ញុំប្របាទនៅបំរើលោកម្ចាស់ជំនួសកូនកំឡោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។