លោកុប្បត្តិ 44:14-34

លោកុប្បត្តិ 44:14-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទេ​ឬ?» យូដា​ឆ្លើយ​ថា៖ «តើ​យើង​ខ្ញុំ​អាច​ឆ្លើយ​នឹង​លោក​ម្ចាស់​ដូច​ម្តេច​បាន? តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្ដេច? តើ​យើង​ខ្ញុំ​អាច​ដោះ​សា​ខ្លួន​យ៉ាង​ណា​បាន? ព្រះ‌ទ្រង់​បាន​ទត​ឃើញ​កំហុស​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់​ហើយ គឺ​ទាំង​យើង​ខ្ញុំ ទាំង​អ្នក​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង»។ ប៉ុន្ដែ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជាបាវ​បម្រើ​របស់​ខ្ញុំ រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​ឪពុករប​ស់​អ្នក​រាល់​គ្នា​ដោយ​សុខ‌សាន្ត​ចុះ»។ ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។ លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្រ​បាទ​ថា "តើ​អ្នក​រាល់​គ្នា​មាន​ឪពុក ឬ​មាន​‌ប្អូន​ឬ​ទេ?" នោះ​យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា "យើង​ខ្ញុំ​មាន​ឪពុក​ចាស់ជរា ហើយ​មាន​ប្អូន​តូច​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​មាន​វ័យ​ចាស់។ បង​វា​បាន​ស្លាប់​ទៅ​ហើយ ឯ​កូន​ពោះ​មួយ​នឹង​វា នៅ​សល់​តែ​វា​ម្នាក់​គត់ ហើយ​ឪពុក​ស្រឡាញ់​វាខ្លាំង​ណាស់" ពេល​នោះ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "ចូរ​នាំ​វា​ចុះ​មក​ជួប​ខ្ញុំ​កុំ​ខាន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ឃើញ​វា​ផ្ទាល់​នឹង​ភ្នែក​ផង"។ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា "ក្មេង​នោះ​មិន​អាច​ឃ្លាត​ចេញ​ពី​ឪពុកវា​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពីឪពុក នោះ​លោក​មុខ​ជា​ស្លាប់​មិន​ខាន"។ ប៉ុន្ដែ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា "បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​ចុះ​មក​ជា‌មួយ​ទេ នោះ​អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​ទៀត​បាន​ឡើយ"។ កាល​យើង​ខ្ញុំ​បាន​ទៅ​ជួប​ឪពុក ដែល​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ យើង​ខ្ញុំ​ក៏​បាន​ជម្រាប​លោក តាម​ពាក្យ​របស់​លោក​ម្ចាស់។ រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា "ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​ពួក​យើង​ទៀតមក" យើង​ខ្ញុំ​បាន​ប្រកែក​ថា "យើង​ខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ ទាល់​តែអា​ពៅ​បាន​ទៅ​ជា‌មួយ នោះ​ទើប​យើង​ខ្ញុំ​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​មិន​អាច​ជួប​មុខ​លោក​នោះ​បាន​ទេ លុះ​ត្រា​តែ​មាន​ប្អូន​ពៅ​ទៅ​ជា‌មួយ"។ ពេល​នោះ ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ឯង​រាល់​គ្នា​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​បង្កើត​បាន​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក ម្នាក់​បាន​ឃ្លាត​ចេញ​ពី​ពុក​ទៅ​បាត់​ហើយ ពុក​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន តាំង​ពី​ពេល​នោះ​មក ពុក​មិន​ដែល​ឃើញ​វា​ទេ។ ឥឡូវនេះ បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​ពុក​ទៅ​ទៀត ហើយ​បើ​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​វា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​មិន​ខាន"។ ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ នោះ​គាត់​នឹង​ស្លាប់​មិនខាន​ដោយ​មិន​ឃើញ​កូន​នេះ ហើយ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា បាន​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ចុះ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​ទុក្ខ​ព្រួយ​ពិត​មែន។ ដ្បិត​ខ្ញុំ​ប្របាទ​បាន​ធានា​ពី​សុវត្ថិ‌ភាព​របស់​កូន​នេះ​ជូន​ឪពុក​ថា "ប្រសិន​បើ​ខ្ញុំ​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ខ្ញុំ​ត្រូវ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​រៀង​រហូត"។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បម្រើ​លោក​ម្ចាស់​ជំនួស​ក្មេង​នេះ​ចុះ ដើម្បី​ឲ្យ​វា​ឡើង​ទៅ​វិញ​ជា‌មួយ​ពួក​បងៗ។ ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។

លោកុប្បត្តិ 44:14-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យូដា និង​បងប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។ លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ‌សា​ពុំ​បាន​ដែរ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។ លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។ ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោស‌ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជម្រាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ថា “អ្នក​រាល់​គ្នា​មាន​ឪពុក មាន​ប្អូន​ឬ​ទេ” យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​វិញ​ថា “យើង​ខ្ញុំ​មាន​ឪពុក​ចាស់​ជរា ហើយ​យើង​ខ្ញុំ​ក៏​មាន​ប្អូន​ពៅ​ម្នាក់ ដែល​កើត​មក​ក្នុង​ពេល​ឪពុក​ចាស់​ហើយ​នោះ​ដែរ បង​របស់​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ ក្នុង​ចំណោម​កូន​ដែល​កើត​មក​ពី​ម្ដាយ​វា នៅ​សល់​តែ​វា​ម្នាក់​គត់។ ឪពុក​ស្រឡាញ់​ប្អូន​ពៅ​នេះ​ខ្លាំង​ណាស់”។ លោក​ម្ចាស់​បាន​ប្រាប់​យើង​ខ្ញុំ​ថា “ចូរ​នាំ​វា​មក​ឲ្យ​យើង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង!”។ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ម្ចាស់​ថា “ប្អូន​ប្រុស​របស់​យើង​ខ្ញុំ​ពុំ​អាច​ឃ្លាត​ចេញ​ពី​ឪពុក​បាន​ឡើយ បើ​វា​ឃ្លាត​ចេញ​នោះ ឪពុក​យើង​ខ្ញុំ​មុខ​ជា​ទទួល​មរណ‌ភាព​មិន​ខាន”។ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ទៀត​ថា “បើ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មិន​មក​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​ជួប​មុខ​ខ្ញុំ​បាន​ទៀត​ឡើយ”។ ពេល​យើង​ខ្ញុំ​វិល​ទៅ​ជួប​ឪពុក​វិញ យើង​ខ្ញុំ​បាន​យក​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​រៀប​រាប់​ជម្រាប​គាត់។ ឪពុក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “ចូរ​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​សម្រាប់​ក្រុម​គ្រួសារ​យើង​មក”។ យើង​ខ្ញុំ​តប​វិញ​ថា “កូនៗ​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​អា​ពៅ​ទៅ​ជា​មួយ ទើប​កូនៗ​ទៅ​បាន ដ្បិត​កូនៗ​អាច​ជួប​មុខ​លោក​នោះ​បាន លុះ​ត្រា​ណា​តែ​មាន​ប្អូន​ទៅ​ជា​មួយ”។ ឪពុក​របស់​យើង​ខ្ញុំ​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា “កូនៗ​ដឹង​ហើយ​ថា ប្រពន្ធ​របស់​ពុក​មាន​កូន​ប្រុស​តែ​ពីរ​នាក់​ទេ។ ម្នាក់​បាន​ចាក​ចេញ​ពី​ពុក​ទៅ​ហើយ ប្រហែល​មាន​សត្វ​ព្រៃ​មក​ហែក​វា​ស៊ី បាន​ជា​ពុក​លែង​ឃើញ​វា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ ឥឡូវ​នេះ កូនៗ​ចង់​យក​អា​ពៅ​ទៅ​ទៀត! ប្រសិន​បើ​វា​ជួប​នឹង​គ្រោះ​ថ្នាក់​អ្វី​មួយ​នោះ កូនៗ​មុខ​ជា​ធ្វើ​ឲ្យ​ពុក​ដែល​ចាស់​ណាស់​ហើយ​នេះ ត្រូវ​លា​ចាក​លោក​ទៅ ទាំង​វេទនា​មិន​ខាន”។ ដូច្នេះ បើ​ខ្ញុំ​ប្របាទ​វិល​ទៅ​ជួប​ឪពុក​វិញ ដោយ​មិន​នាំ​ប្អូន​ប្រុស​ដែល​គាត់​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង​នេះ ទៅ​ជា​មួយ​ទេ ឪពុក​យើង​ខ្ញុំ​ប្រាកដ​ជា​ស្លាប់​មិន​ខាន នៅ​ពេល​មិន​ឃើញ​វា។ យើង​ខ្ញុំ​មុខ​តែ​ធ្វើ​ឲ្យ​ឪពុក​យើង​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ ទាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ខ្ញុំ​ប្របាទ​ផ្ទាល់​បាន​ធានា​រ៉ាប់‌រង​ជូន​ឪពុក​ខ្ញុំ​ប្របាទ​ថា “បើ​កូន​មិន​នាំ​ប្អូន​ត្រឡប់​មក​ជួប​លោក​ឪពុក​វិញ​ទេ​នោះ កូន​នឹង​មាន​ទោស​ចំពោះ​លោក​ឪពុក​អស់​មួយ​ជីវិត!”។ ដូច្នេះ សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់​នៅ​ទី​នេះ ជំនួស​ប្អូន។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។ ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។

លោកុប្បត្តិ 44:14-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យូដា នឹង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់ នោះ​យ៉ូសែប​និយាយ​គំរាម​ទៅ​គេ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​អ្វី​ដូច្នេះ តើ​មិន​ដឹង​ថា មនុស្ស​យ៉ាង​អញ​ចេះ​ចាប់​យាម​ទេ​ឬ​អី យូដា​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ដូច​ម្តេច​បាន តើ​នឹង​និយាយ​អ្វី ឬ​ដោះ‌សា​ខ្លួន​យើង​ខ្ញុំ​ជា​យ៉ាង​ណា​បាន ព្រះ‌ទ្រង់​បាន​ឃើញ​សេចក្ដី​ទុច្ចរិត​របស់​យើង​ខ្ញុំ​ប្របាទ​ហើយ មើល យើង​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ គឺ​ទាំង​ខ្លួន​យើង​ខ្ញុំ នឹង​អ្នក​១​ដែល​ឃើញ​មាន​ពែង​នៅ​ដៃ​នោះ​ផង តែ​គាត់​ឆ្លើយ​ថា អញ​មិន​ធ្វើ​ដូច្នោះ​ទេ អ្នក​ណា​ដែល​បាន​ឃើញ​មាន​ពែង​នៅ​ដៃ​វា គឺ​អ្នក​នោះ​ឯង​ដែល​ត្រូវ​ធ្វើ​ជា​បាវ​របស់​អញ ឯ​ឯង​រាល់​គ្នា​វិញ ត្រូវ​ឡើង​ត្រឡប់​ទៅ​ឯ​ឪពុក​ឯង​ដោយ​សុខ‌សាន្ត​ចុះ។ យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ លោក​ម្ចាស់​បាន​សួរ​យើង​ខ្ញុំ​ប្របាទ​ថា តើ​មាន​ឪពុក​មាន​បង​ប្អូន​ឬ​ទេ នោះ​យើង​ខ្ញុំ​បាន​ឆ្លើយ​ជំរាប​លោក​ម្ចាស់​ថា យើង​ខ្ញុំ​មាន​ឪពុក​ចាស់ ហើយ​នឹង​ប្អូន​តូច​១​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ដែរ បង​វា​បាន​ស្លាប់​ទៅ ហើយ​ក្នុង​កូន​ពោះ​មួយ​នឹង​វា នោះ​នៅ​សល់​តែ​វា​ម្នាក់​ឯង​ទេ ហើយ​ឪពុក​ស្រឡាញ់​វា​ណាស់ តែ​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា ចូរ​នាំ​វា​ចុះ​មក​ឯ​លោក​កុំ​ខាន ឲ្យ​លោក​បាន​ឃើញ​ផង យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​ម្ចាស់​វិញ​ថា កូន​នោះ​នឹង​ឃ្លាត​ចេញ​ពី​ឪពុក​មក​មិន​បាន​ទេ ដ្បិត​បើ​វា​ឃ្លាត​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ស្លាប់​ហើយ តែ​លោក​បាន​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ប្របាទ​ថា បើ​ប្អូន​ពៅ​មិន​ចុះ​មក​ជា​មួយ​ទេ នោះ​យើង​ខ្ញុំ​មិន​បាន​ឃើញ​មុខ​លោក​ទៀត ដូច្នេះ កាល​យើង​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​ឪពុក​ដែល​ជា​អ្នក​បំរើ​លោក នោះ​យើង​ខ្ញុំ​ក៏​ជំរាប​គាត់​តាម​ពាក្យ​របស់​លោក​ម្ចាស់ រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សំរាប់​យើង​ទៀត តែ​យើង​ខ្ញុំ​បាន​ប្រកែក​ថា យើង​ខ្ញុំ​ទៅ​ពុំ​បាន​ទេ បើ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ នោះ​ទើប​យើង​ខ្ញុំ​នឹង​ទៅ​បាន ដ្បិត​យើង​ខ្ញុំ​នឹង​ឃើញ​មុខ​លោក​នោះ​មិន​បាន​ទេ លើក​តែ​ប្អូន​ពៅ​បាន​ទៅ​ជា​មួយ​ផង ឪពុក​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​លោក​គាត់​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​ដឹង​ថា ប្រពន្ធ​អញ​បាន​បង្កើត​កូន​ប្រុស​២​ឲ្យ​អញ មួយ​បាន​ឃ្លាត​ចាក​ពី​អញ​ទៅ​បាត់​ហើយ អញ​ក៏​គិត​ថា ប្រាកដ​ជា​មាន​សត្វ​ហែក​វា​ស៊ី​មែន អញ​មិន​ដែល​ឃើញ​វា​ទៀត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឥឡូវ​បើ​ឯង​រាល់​គ្នា​យក​កូន​នេះ​ពី​អញ​ទៅ​ទៀត ហើយ​ជួន​ជា​កើត​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ហើយ ដូច្នេះ​បើ​កាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បំរើ​លោក​ម្ចាស់​ជំនួស​កូន​កំឡោះ​នេះ​ចុះ ដើម្បី​ឲ្យ​ឡើង​ទៅ​វិញ​ជា​មួយ​នឹង​ពួក​បងៗ ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។