លោកុប្បត្តិ 42:14-20

លោកុប្បត្តិ 42:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ពួកឯង​មែន ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត​ការណ៍! ខ្ញុំ​នឹង​ល្បង​ល​ចិត្ត​ពួក​ឯង​ដូច្នេះ គឺ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​លែង​តែ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ដល់​ទី​នេះ​សិន។ ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។ លោក​ក៏​យក​ពួក‌គេ​ទាំង​អស់​គ្នា​ទៅ​ឃុំ​ឃាំង​អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​នេះ​សិន ហើយ​អ្នក​ឯ​ទៀត​ៗ​ត្រូវ​យក​ស្រូវ​ទៅ​ឲ្យ​អ្នក​ផ្ទះ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។

លោកុប្បត្តិ 42:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «ឃើញ​ទេ ពិត​ដូច​ពាក្យ​ខ្ញុំ​ថា​មែន គឺ​ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍! ខ្ញុំ​ត្រូវ​តែ​ល​មើល​ចិត្ត​របស់​ពួក​ឯង។ ដរាប​ណា​ព្រះចៅ​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម ឯង​រាល់​គ្នា​នឹង​មិន​ចាក​ចេញ​ពី​ទី​នេះ​ជា​ដាច់​ខាត លើក‌លែង​តែ​ប្អូន​ពៅ​របស់​ឯង​រាល់​គ្នា​មក​ដល់​ទី​នេះ! ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​ហៅ​ប្អូន​ពៅ​ពួក​ឯង​មក រីឯ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន។ ធ្វើ​ដូច្នេះ យើង​នឹង​ដឹង​ថា​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​មុខ​ជា​ដឹង​ថា ឯង​រាល់​គ្នា​ជា​អ្នក​ស៊ើប‌ការណ៍​មែន។ សូម​ព្រះចៅ​ផារ៉ោន​ធ្វើ​ជា​សាក្សី!»។ បន្ទាប់​មក លោក​យ៉ូសែប​បញ្ជា​ឲ្យ​គេ​ឃុំ‌ឃាំង​បងៗ អស់​រយៈ​ពេល​បី​ថ្ងៃ។ នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បងៗ​ថា៖ «ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ បើ​ពួក​ឯង​ចង់​បាន​រួច​ជីវិត ត្រូវ​ធ្វើ​ដូច​ត​ទៅ: ប្រសិន​បើ​ឯង​រាល់​គ្នា​ពិត​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​របស់​ពួក​ឯង ឲ្យ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នេះ​សិន រីឯ​អ្នក​ឯ​ទៀតៗ​ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ។ បន្ទាប់​មក ត្រូវ​នាំ​ប្អូន​របស់​ឯង​រាល់​គ្នា​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​មើល​ពាក្យ​ដែល​ឯង​រាល់​គ្នា​និយាយ។ ដូច្នេះ ឯង​រាល់​គ្នា​មិន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ»។

លោកុប្បត្តិ 42:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ូសែប​ឆ្លើយ​តប​ថា គឺ​ដូច​ជា​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ ថា​ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។ លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ រួច​ឲ្យ​នាំ​ប្អូន​ពៅ​ឯង​មក​ឯ​អញ​កុំ​ខាន យ៉ាង​នោះ​នឹង​បាន​ដឹង​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ផង គេ​ក៏​ធ្វើ​ដូច្នោះ