លោកុប្បត្តិ 41:17-40

លោកុប្បត្តិ 41:17-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។ ពេល​នោះ មាន​គោ​ញី​ធាត់ៗ​ល្អ​ប្រាំ‌ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។ គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។ ទោះ​បី​គោ​ញី​ស្គមៗ​លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ បន្ទាប់​មក យើង​យល់​សុបិន​ម្ដង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ ហើយ​មាន​កួរ​ស្រូវ​ប្រាំ‌ពីរ​ទៀត ដែល​ស្កក ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​តំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។ លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​កិច្ចការ ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ។ គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។ គោ​ញី​ប្រាំ‌ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង ដែល​ឡើង​មក​តាម​ក្រោយ​នោះ មាន​ន័យ​ថា​ប្រាំ‌ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ។ បពិត្រ​ព្រះចៅ​ផារ៉ោន ទូលបង្គំ​ទើប​នឹង​ទូល​ព្រះ‌ករុណា​ស្រាប់​ហើយ ថា​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ គឺ​ក្នុង​អំឡុង​ប្រាំ‌ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល​នឹង​មាន​ភោគ‌ផល​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ប្រាំ‌ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ‌ផល​សម្បូណ៌​ហូរ‌ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន‌បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។ ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។ ព្រះ‌ករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះអង្គ​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប។ សូម​ព្រះ‌ករុណា​តែង‌តាំង​មន្ត្រី​ផ្សេងៗ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ​ពី​ភោគ‌ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ‌ហៀរ​ខាង​មុខ​នេះ។ មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ‌ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​សម្បូណ៌​ហូរ‌ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌ករុណា​ផ្ទាល់។ ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។ ព្រះចៅ​ផារ៉ោន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ពាក្យ​របស់​លោក​យ៉ូសែប ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ​ដូច​លោក​ទេ។ ដូច្នេះ យើង​សុំ​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​លោក។ មាន​តែ​ព្រះ‌រាជ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​លោក»។

លោកុប្បត្តិ 41:17-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូសែប​ថា៖ «ក្នុង​សប្តិ​របស់​យើង​នោះ​ឃើញ​ថា យើង​ឈរ​នៅ​មាត់​ទន្លេ​នីល ហើយ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​នីល​មក​ស៊ី​ស្មៅ​នៅទី​វាល។ បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គមៗ ហើយ​អាក្រក់​មើល​ណាស់ យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​បែប​នេះ នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ឡើយ។ គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ធាត់ៗ​ល្អ​នោះ​អស់​ទៅ តែ​កាល​គោ​ញី​ស្គមៗ​បាន​ស៊ី​គោ​ធាត់ៗ​ហើយ នោះ​គ្មាន​អ្នក​ណា​បាន​ដឹង​ថា​វា​បាន​ស៊ី​អ្វី​ផង ព្រោះ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ យើង​ក៏​លង់​លក់​ម្ដង​ទៀត ហើយ​យើង​យល់​សប្ដិ​ឃើញ​មាន​កួរ​ស្រូវ​ប្រាំពីរ មាន​គ្រាប់​ធំៗ​ថ្លោស​ល្អ លូត​ចេញ​ពីរ​ដើម​តែ​មួយ រួច​មាន​កួរ​ស្រូវ​ប្រាំពីរ​ទៀត មាន​គ្រាប់​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ ឯ​កួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំៗ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​ទៅ។ យើង​បាន​តំណាល​សប្តិ​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន​ឡើយ»។ លោក​យ៉ូសែប​ទូល​ទៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​គឺ​តែ​មួយ​ទេ ព្រះ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។ គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។ គោ​ញី​ស្គមៗ ហើយ​អាក្រក់​មើល​ទាំង​ប្រាំពីរ​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ប្រាំពីរ​ឆ្នាំ ឯកួរ​ស្រូវ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត គឺ​ប្រាំ​ពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់។ សេចក្ដី​នេះ​ហើយ​ទូល‌បង្គំ​បាន​ទូល​ថ្វាយ​ព្រះ‌ករុណា គឺ​ព្រះ​បាន​បង្ហាញ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។ គឺ​នឹង​មាន​ប្រាំ​ពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​ពាស​ពេញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ក្រោយ​ប្រាំ​ពីរ​ឆ្នាំ​នោះ​ទៅ នឹង​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​វិញ ហើយ​គេ​នឹង​ភ្លេច​ពី​ភោគ​ផល​បរិបូរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ព្រោះ​អំណត់​នោះ​នឹង​បង្ហិន​បង្ហោច​ស្រុក​នេះ​អស់ ហើយ​គេ​នឹង​លែង​ស្គាល់​គ្រា​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។ សុបិន​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ដល់​ទៅ​ពីរ​ដង​ដូច្នេះ គឺ​ដោយ​ព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ។ ដូច្នេះ សូម​ព្រះ‌ករុណា​រក​បុរស​ណា​ម្នាក់​ដែល​មាន​តម្រិះ​ប្រាជ្ញា ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ។ សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​នៅ​ក្នុង​ស្រុក ដើម្បី​ហូត​យក​មួយ​ភាគ​ក្នុង​ប្រាំ ពី​ភោគ​ផល​ក្នុង​ស្រុក​អេស៊ីព្ទ ក្នុង​រវាង​ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នេះ។ សូម​ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំង​ក្រោម​អំណាច​របស់​ព្រះ​ករុណា សម្រាប់​ជា​អាហារ​នៅ​តាម​ទី​ក្រុង​នានា ហើយ​ឲ្យ​អ្នក​ទាំង​នោះ​រក្សា​ទុក។ ស្បៀង​អាហារ​នោះ​នឹង​បម្រុង​ទុក​សម្រាប់​ស្រុក​កើត​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ដោយ‌សារ​អំណត់​នោះ​ឡើយ»។ ផារ៉ោន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គម្រោង​ការ​នេះ​ណាស់ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅកាន់​ពួក​មន្ត្រី​ថា៖ «តើ​យើង​អាច​រក​អ្នក​ណា​ទៀត​ឲ្យ​ដូច​អ្នក​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​គង់​នៅ​ជា‌មួយ​បាន?» ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ គ្មាន​អ្នក​ណា​មាន​តម្រិះ​ប្រាជ្ញា​ដូច​ជា​លោក​ទេ។ គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។

លោកុប្បត្តិ 41:17-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ផារ៉ោន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ក្នុង​សប្តិ​របស់​យើង​នោះ​ឃើញ​ថា យើង​ឈរ​នៅ​មាត់​ទន្លេ ស្រាប់​តែ​មាន​គោ​ញី​៧ មាន​សាច់​ធាត់​ល្អ​ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល រួច​ឃើញ​មាន​គោ​ញី​៧​ទៀត​ឡើង​មក​តាម​ក្រោយ វា​ស្គម​ហើយ​អាក្រក់​មើល​ណាស់ គឺ​ស្គម​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​យ៉ាង​នោះ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ផង គោ​សំគម ហើយ​អាក្រក់​មើល​នោះ ក៏​ស៊ី​លេប​គោ​ញី​មុន ដែល​ធាត់ៗ​ទាំង​៧​អស់​ទៅ តែ​កាល​បាន​ស៊ី​ទៅ​ហើយ នោះ​ក៏​មិន​ដឹង​ជា​បាន​ស៊ី​អ្វី​ផង ដ្បិត​នៅ​តែ​អាក្រក់​មើល​ដូច​កាល​ពី​មុន​ដែរ នោះ​យើង​ក៏​ភ្ញាក់​ឡើង រួច​យល់​សប្តិ​ទៀត​ថា មាន​គួរ​ស្រូវ​៧ មាន​គ្រាប់​ធំ​ថ្លោស​ល្អ​បែក​ឡើង​នៅ​ដើម​តែ​១ រួច​មាន​គួរ​៧​ទៀត​មាន​គ្រាប់​តូចៗ ស្វិត​ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត បែក​ឡើង​ជា​ខាង​ក្រោយ ហើយ​គួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​គួរ​ដែល​មាន​គ្រាប់​ធំ​ថ្លោស​ទាំង​៧​នោះ​ទៅ យើង​បាន​រ៉ាយ‌រ៉ាប់​សប្តិ​នេះ​ប្រាប់​ដល់​ពួក​ហោរ​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​សោះ។ យ៉ូសែប​គាត់​ទូល​ទៅ​ផារ៉ោន​ថា ឯ​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា នោះ​តែ​១​ទេ ព្រះ​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​រៀប​នឹង​ធ្វើ ឯ​គោ​ញី​ល្អ​ទាំង​៧​នោះ​គឺ​ជា​៧​ឆ្នាំ ហើយ​គួរ​ស្រូវ​ល្អ​ទាំង​៧ នោះ​គឺ​ជា​ឆ្នាំ​៧​នោះ​ដែរ គឺ​ជា​សុបិន​តែ​១​ទេ គោ​ញី​សំគម ហើយ​អាក្រក់​មើល​ទាំង​៧​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ជា​៧​ឆ្នាំ ឯ​គួរ​ស្រូវ​ទទេ​ដែល​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត នោះ​នឹង​ត្រូវ​ជា​៧​ឆ្នាំ​អំណត់ គឺ​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ទូល​ដល់​ទ្រង់​ព្រះ‌ករុណា​ថា សេចក្ដី​ដែល​ព្រះ​រៀប​នឹង​ធ្វើ នោះ​ទ្រង់​បាន​សំដែង​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ហើយ គឺ​ថា​នឹង​ត្រូវ​មាន​៧​ឆ្នាំ​ដែល​សម្បូរ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ រួច​ក្រោយ​នោះ​ទៅ​នឹង​មាន​អំណត់​៧​ឆ្នាំ​វិញ នោះ​គេ​នឹង​ភ្លេច​ពី​ផល​បរិបូរ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់ ដ្បិត​អំណត់​នោះ​នឹង​បង្ហិន​ស្រុក​នេះ​ទៅ គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់ ហើយ​ដែល​ព្រះ‌ករុណា​បាន​ទ្រង់​សុបិន​ឃើញ​២​ដង នោះ​គឺ​ដោយ​ព្រោះ​ព្រះ​បាន​សំរេច​ការ​នោះ ហើយ​ក៏​ប្រញាប់​នឹង​ធ្វើ​ដែរ។ ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​ពិនិត្យ​រក​មនុស្ស​មាន​ដំរិះ​មាន​ប្រាជ្ញា ដើម្បី​នឹង​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទៅ គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំង​ល្អ​ដែល​ត្រូវ​មក​នេះ ហើយ​ទុក​ស្រូវ​នៅ​ក្រោម​អំណាច​ទ្រង់​ព្រះ‌ករុណា សំរាប់​ជា​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់‌គ្រង​រក្សា​ទុក ឯ​ស្បៀង​អាហារ​នោះ នឹង​បាន​បំរុង​ទុក​សំរាប់​ស្រុក​អំណត់​ទាំង​៧​ឆ្នាំ​ដែល​ត្រូវ​មក​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ‌សារ​អំណត់​នោះ​ឡើយ។ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់​ទាំង​អស់​គ្នា នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ