លោកុប្បត្តិ 41:1-32
លោកុប្បត្តិ 41:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះអង្គឈរនៅមាត់ទន្លេនីល។ មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។ ព្រឹកឡើងព្រះចៅផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំង ស្ដេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយតំណាលអំពីសុបិនរបស់ស្ដេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះថ្វាយព្រះចៅផារ៉ោនបានឡើយ។ ពេលនោះ មហាតលិកដែលមាននាទីថ្វាយស្រា បានទូលព្រះចៅផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំសូមសារភាពកំហុសមួយ។ កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើរបស់ព្រះអង្គ ហើយបញ្ជាឲ្យគេយកទូលបង្គំ ព្រមទាំងមហាតលិកដែលមាននាទីថ្វាយនំប៉័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ។ ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ដែលមានន័យប្លែកពីគ្នា។ ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់លោកមេបញ្ជាការកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរបានតំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យទូលបង្គំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។ ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេតំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «មិនមែនទូលបង្គំទេដែលចេះកាត់ស្រាយន័យ! មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យថ្វាយព្រះករុណាបាន»។ ពេលនោះ ព្រះចៅផារ៉ោនមានរាជឱង្ការមកលោកយ៉ូសែបថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។ ពេលនោះ មានគោញីធាត់ៗល្អប្រាំពីរក្បាល ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។ គោញីស្គមៗសល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗដែលឡើងមកមុននោះអស់ទៅ។ ទោះបីគោញីស្គមៗលេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ បន្ទាប់មក យើងយល់សុបិនម្ដងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កក ស្វិត និងស្លោកដោយចំហាយខ្យល់ក្ដៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានតំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។ លោកយ៉ូសែបទូលព្រះចៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាមានអត្ថន័យដូចគ្នាទេ គឺព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីកិច្ចការ ដែលព្រះអង្គបម្រុងនឹងធ្វើ។ គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹង ដែលឡើងមកតាមក្រោយនោះ មានន័យថាប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។ បពិត្រព្រះចៅផារ៉ោន ទូលបង្គំទើបនឹងទូលព្រះករុណាស្រាប់ហើយ ថាព្រះជាម្ចាស់បានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ដែលព្រះអង្គបម្រុងនឹងធ្វើ គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូលនឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ ប្រជាជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។ ព្រះករុណាទ្រង់សុបិនដល់ទៅពីរដងដូច្នេះ បញ្ជាក់ថា ព្រះជាម្ចាស់បានគ្រោងនឹងធ្វើកិច្ចការនេះរួចស្រេចហើយ ហើយព្រះអង្គនឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។
លោកុប្បត្តិ 41:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីរឆ្នាំក្រោយមក ផារ៉ោនបានយល់សប្ដិឃើញថា ទ្រង់ឈរនៅមាត់ទន្លេនីល ហើយឃើញមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅនៅទីវាល។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។ បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។ រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។ កួរស្រូវតូចៗក៏លេបកួរស្រូវធំថ្លោសល្អទាំងប្រាំពីរនោះអស់ទៅ រួចផារ៉ោនក៏តើនឡើង ហើយមើល៍ នោះជាសុបិនទេ។ លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។ ពេលនោះ មេថ្វាយពែងក៏ទូលថ្វាយផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំនឹកឃើញកំហុសរបស់ទូលបង្គំហើយ។ កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើព្រះអង្គ ហើយក៏បានឃុំទូលបង្គំ និងមេអ្នកដុតនំ នៅក្នុងគុករបស់មេកងរក្សាព្រះអង្គ ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានន័យផ្សេងពីគ្នា។ នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។ ហេតុការណ៍នោះក៏កើតមាន ដូចគាត់បានកាត់ស្រាយមែន គឺទូលបង្គំបានទទួលតំណែងរបស់ទូលបង្គំដូចដើមវិញ ហើយអ្នកដុតនំត្រូវព្យួរក»។ ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។ លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។ ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេនីល ហើយមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេនីលមកស៊ីស្មៅនៅទីវាល។ បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។ គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរធាត់ៗល្អនោះអស់ទៅ តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ យើងក៏លង់លក់ម្ដងទៀត ហើយយើងយល់សប្ដិឃើញមានកួរស្រូវប្រាំពីរ មានគ្រាប់ធំៗថ្លោសល្អ លូតចេញពីរដើមតែមួយ រួចមានកួរស្រូវប្រាំពីរទៀត មានគ្រាប់តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ ឯកួរស្រូវគ្រាប់តូចៗក៏លេបកួរស្រូវធំៗថ្លោសល្អទាំងប្រាំពីរនោះទៅ។ យើងបានតំណាលសប្តិនេះប្រាប់ពួកគ្រូទាយដែរ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយប្រាប់យើងបានឡើយ»។ លោកយ៉ូសែបទូលទៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាគឺតែមួយទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើ។ គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។ គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។ សេចក្ដីនេះហើយទូលបង្គំបានទូលថ្វាយព្រះករុណា គឺព្រះបានបង្ហាញឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលព្រះអង្គបម្រុងនឹងធ្វើ។ គឺនឹងមានប្រាំពីរឆ្នាំដែលសម្បូរហូរហៀរពាសពេញនៅក្នុងស្រុកអេស៊ីព្ទទាំងមូល។ ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់ ហើយគេនឹងលែងស្គាល់គ្រាបរិបូរនៅក្នុងស្រុកទៀតហើយ ព្រោះតែអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះខ្លាំងណាស់។ សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
លោកុប្បត្តិ 41:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ផុត២ឆ្នាំមក នោះផារ៉ោនទ្រង់សុបិននិម្មិតឃើញថា ទ្រង់ឈរនៅមាត់ទន្លេ ហើយមើលមានគោញី៧មានសាច់ច្រើនធាត់ល្អ ឡើងពីទន្លេមកស៊ីនៅទីវាល រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ រួចមកមានគួរស្រូវ៧តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកជាខាងក្រោយ ឯគួរស្រូវតូចៗក៏លេបគួរស្រូវធំថ្លោសល្អទាំង៧នោះទៅ រួចផារ៉ោនទ្រង់តើនឡើង ហើយមើល នោះជាសុបិនទេ លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ នឹងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។ នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ ទ្រង់ព្រះករុណាបានខ្ញាល់នឹងពួកអ្នកបំរើទ្រង់ ហើយក៏ឃុំទូលបង្គំ នឹងមេពួកអ្នកដុតនំទុកក្នុងគុករបស់មេក្រុមរក្សាទ្រង់ យើងខ្ញុំទាំង២នាក់បានយល់សប្តិក្នុងយប់តែ១ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានសេចក្ដីសំរាយផ្សេងពីគ្នា នៅទីនោះ មានមនុស្សកំឡោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រ៉ាយរ៉ាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។ នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន ផារ៉ោនទ្រង់មានបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ ផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គមហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង គោសំគម ហើយអាក្រក់មើលនោះ ក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១ រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរ៉ាយរ៉ាប់សប្តិនេះប្រាប់ដល់ពួកហោរដែរ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឲ្យយើងបានសោះ។ យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណា នោះតែ១ទេ ព្រះបានសំដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ គោញីសំគម ហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមកនោះ គឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់ គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសំដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់ ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសំរេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។