លោកុប្បត្តិ 41:1-16

លោកុប្បត្តិ 41:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពីរ​ឆ្នាំ​ក្រោយ​មក ផារ៉ោន​បាន​យល់​សប្ដិ​ឃើញ​ថា ទ្រង់​ឈរ​នៅ​មាត់​ទន្លេ​នីល ហើយ​ឃើញ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​ទី​វាល។ បន្ទាប់​មក មាន​គោ​ញី​ប្រាំពីរ​ក្បាល​ទៀត​ឡើង​ពី​ទន្លេ​មក ស្គមៗ ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត។ គោ​ស្គមៗ​ដែល​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​ប្រាំពីរ​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ ហើយ​ផារ៉ោន​ក៏​តើន​ឡើង។ បន្ទាប់​មក ស្ដេច​ក៏​ផ្ទំ​លក់​ទៅ​វិញ ហើយ​យល់​សប្ដិ​ម្ដង​ទៀត ឃើញ​មាន​ស្រូវ​ប្រាំពីរ​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ លូត​ចេញ​មក​ពី​ដើម​តែ​មួយ។ រួច​មក មាន​ស្រូវ​ប្រាំពីរ​កួរ​តូចៗ ដែល​ស្កក​ដោយ​សារ​ខ្យល់​ពី​ទិស​ខាង​កើត លូតចេញ​មក​តាម​ក្រោយ។ កួរ​ស្រូវ​តូចៗ​ក៏​លេប​កួរ​ស្រូវ​ធំ​ថ្លោស​ល្អ​ទាំង​ប្រាំពីរ​នោះ​អស់​ទៅ រួច​ផារ៉ោន​ក៏​តើន​ឡើង ហើយ​មើល៍ នោះ​ជា​សុបិន​ទេ។ លុះ​ព្រឹក​ឡើង ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់​ខ្វាយ​ណាស់ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​គ្រូ​ទាយ និង​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ផារ៉ោន​តំណាល​សប្ដិ​នោះ​ប្រាប់​ពួក‌គេ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ថ្វាយ​ស្ដេច​បាន​ឡើយ។ ពេល​នោះ មេ​ថ្វាយ​ពែង​ក៏​ទូល​ថ្វាយ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូល‌បង្គំ​នឹក​ឃើញ​កំហុស​របស់​ទូល​បង្គំ​ហើយ។ កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​ក៏​បាន​ឃុំ​ទូល‌បង្គំ និង​មេ​អ្នក​ដុត​នំ នៅ​ក្នុង​គុក​របស់​មេ​កង​រក្សា​ព្រះ‌អង្គ ទូល​បង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ហើយ​ដែល​យើង​ខ្ញុំ​បាន​យល់​សប្តិ​នោះ ក៏​មាន​ន័យ​ផ្សេង​ពី​គ្នា។ នៅ​ទី​នោះ មាន​យុវជន​សាសន៍​ហេព្រើរ​ម្នាក់ ជា​អ្នក​បម្រើ​របស់​មេ​កង​រក្សា​ព្រះ​អង្គ​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​តំណាល​សប្តិ​ប្រាប់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ប្រាប់​យើង​ខ្ញុំ តាម​សប្តិ​រៀងៗ​ខ្លួន។ ហេតុ‌ការណ៍​នោះ​ក៏​កើត​មាន ដូច​គាត់​បាន​កាត់​ស្រាយ​មែន គឺ​ទូល‌បង្គំ​បាន​ទទួល​តំណែង​របស់​ទូល‌បង្គំ​ដូច​ដើម​វិញ ហើយ​អ្នក​ដុត​នំ​ត្រូវ​ព្យួរ​ក»។ ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​យ៉ូសែប​មក ហើយ​គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​ភ្លាម។ កាល​លោក​បាន​កោរ​ពុក​មាត់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ស្រេច​ហើយ លោក​ក៏​ចូល​គាល់​ផារ៉ោន។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​បាន​ឡើយ ហើយ​យើង​បានឮ​ថា ពេល​គេ​តំណាល​សប្តិ​ប្រាប់​អ្នក អ្នក​អាច​កាត់​ស្រាយ​បាន»។ លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។

លោកុប្បត្តិ 41:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពីរ​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ផារ៉ោន​សុបិន​ដូច​ត​ទៅ គឺ​ឃើញ​ព្រះអង្គ​ឈរ​នៅ​មាត់​ទន្លេ​នីល។ មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ បន្ទាប់​មក មាន​គោ​ញី​ប្រាំ‌ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។ គោ​ញី​ស្គមៗ សល់​តែ​ស្បែក និង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង។ បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំ‌ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ ហើយ​មាន​ស្រូវ​ប្រាំ‌ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្ដៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ព្រះចៅ​ផារ៉ោន​ក៏​តើន​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។ ព្រឹក​ឡើង​ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្ដេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​តំណាល​អំពី​សុបិន​របស់​ស្ដេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ​ថ្វាយ​ព្រះចៅ​ផារ៉ោន​បាន​ឡើយ។ ពេល​នោះ មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា បាន​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ថ្ងៃ​នេះ ទូលបង្គំ​សូម​សារ​ភាព​កំហុស​មួយ។ កាល​ព្រះ‌ករុណា​ខ្ញាល់​នឹង​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​បញ្ជា​ឲ្យ​គេ​យក​ទូលបង្គំ ព្រម​ទាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ទៅ​ឃុំ‌ឃាំង​ក្នុង​ពន្ធ‌នាគារ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ។ ទូលបង្គំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។ ក្នុង​ពន្ធ‌នាគារ​នោះ មាន​យុវជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​លោក​មេ​បញ្ជា​ការ​កង‌រក្សា​ព្រះអង្គ ទូលបង្គំ​ទាំង​ពីរ​បាន​តំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ទូលបង្គំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។ ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ព្រះ‌ករុណា​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្ដេច​ឲ្យ​គេ​ព្យួរ-ក មហា‌តលិក​ម្នាក់​ទៀត»។ ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។ លោក​យ៉ូសែប​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «មិន​មែន​ទូលបង្គំ​ទេ​ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌ករុណា​បាន»។

លោកុប្បត្តិ 41:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ផុត​២​ឆ្នាំ​មក នោះ​ផារ៉ោន​ទ្រង់​សុបិន​និម្មិត​ឃើញ​ថា ទ្រង់​ឈរ​នៅ​មាត់​ទន្លេ ហើយ​មើល​មាន​គោ​ញី​៧​មាន​សាច់​ច្រើន​ធាត់​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល រួច​មក មាន​គោ​ញី​៧​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គម​ពេក ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​ក្បែរ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត គោ​សំគម​ហើយ​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​៧​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ នោះ​ផារ៉ោន​ទ្រង់​តើន​ឡើង រួច​ទ្រង់​ផ្ទំ​លក់​ទៅ​វិញ ក៏​សុបិន​និម្មិត​ទៀត​ថា មាន​គួរ​ស្រូវ​៧​មាន​គ្រាប់​ធំ​ថ្លោស​ល្អ​បែក​ឡើង​នៅ​ដើម​តែ​១ រួច​មក​មាន​គួរ​ស្រូវ​៧​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត​បែក​មក​ជា​ខាង​ក្រោយ ឯ​គួរ​ស្រូវ​តូចៗ​ក៏​លេប​គួរ​ស្រូវ​ធំ​ថ្លោស​ល្អ​ទាំង​៧​នោះ​ទៅ រួច​ផារ៉ោន​ទ្រង់​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​ទេ លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។ នោះ​នាយ​ពិសេស​ថ្វាយ​ពែង​ក៏​ទូល​ទៅ​ផារ៉ោន​ថា ថ្ងៃ​នេះ ទូលបង្គំ​នឹក​ឃើញ​ពី​សេចក្ដី​កំហុស​របស់​ទូលបង្គំ​ហើយ ទ្រង់​ព្រះ‌ករុណា​បាន​ខ្ញាល់​នឹង​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ក៏​ឃុំ​ទូលបង្គំ នឹង​មេ​ពួក​អ្នក​ដុត​នំ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​ទ្រង់ យើង​ខ្ញុំ​ទាំង​២​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​១ ហើយ​ដែល​យើង​ខ្ញុំ​បាន​យល់​សប្តិ​នោះ ក៏​មាន​សេចក្ដី​សំរាយ​ផ្សេង​ពី​គ្នា នៅ​ទី​នោះ មាន​មនុស្ស​កំឡោះ​សាសន៍​ហេព្រើរ​ម្នាក់ ជា​បាវ​របស់​មេ​ក្រុម​រក្សា​ទ្រង់ បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​ដល់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ឲ្យ​យើង​ខ្ញុំ​តាម​សប្តិ​រៀង​រាល់​ខ្លួន នោះ​ក៏​កើត​ដល់​យើង​ខ្ញុំ​ដូច​គាត់​បាន​កាត់​ស្រាយ​មែន ឯ​ទូលបង្គំ គាត់​កាត់​ថា នឹង​បាន​តាំង​ឡើង​ក្នុង​ដំណែង​ដើម​របស់​ទូលបង្គំ ហើយ​អ្នក​១​នោះ​គាត់​កាត់​ថា នឹង​ត្រូវ​ចង​ព្យួរ​វិញ។ នោះ​ផារ៉ោន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ទៅ​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​នោះ​មក​ជា​ប្រញាប់ គាត់​កោរ​ពុក‌មាត់​ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​គាល់​ផារ៉ោន ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​ចេះ​កាត់​សោះ ឥឡូវ​បាន​ឮ​និយាយ​ពី​ឯង​ថា ឯង​ចេះ​កាត់​សប្តិ​បាន យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា ការ​នោះ​មិន​ស្រេច​លើ​ទូលបង្គំ​ទេ គឺ​ព្រះ​នឹង​ឆ្លើយ​មក​ទ្រង់​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ