លោកុប្បត្តិ 40:5-19
លោកុប្បត្តិ 40:5-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានយប់មួយ មេថ្វាយពែង និងមេដុតនំរបស់ស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក បានយល់សប្តិទាំងពីរនាក់ ដែលសប្តិនោះមានអត្ថន័យផ្សេងពីគ្នារៀងខ្លួន។ លុះព្រឹកឡើង លោកយ៉ូសែបចូលទៅឯអ្នកទាំងពីរ ឃើញគេមានទឹកមុខព្រួយ។ លោកក៏សួរមហាតលិកទាំងពីររបស់ផារ៉ោន ដែលជាប់ឃុំឃាំងជាមួយគ្នានៅក្នុងគុកចៅហ្វាយរបស់លោកថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ?» គេឆ្លើយថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយសប្ដិនេះបានទេ»។ លោកយ៉ូសែបពោលទៅគេថា៖ «តើការកាត់ស្រាយមិនមែនជាកិច្ចការរបស់ព្រះទេឬ? សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល»។ ដូច្នេះ មេថ្វាយពែងក៏រៀបរាប់សប្តិប្រាប់លោកយ៉ូសែបថា៖ «ក្នុងសប្តិរបស់ខ្ញុំ ឃើញមានដើមទំពាំងបាយជូរមួយដើមនៅពីមុខខ្ញុំ ដើមនោះមានមែកបី មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ។ ពែងរបស់ផារ៉ោននៅក្នុងដៃរបស់ខ្ញុំ ហើយខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន រួចយកពែងនោះទៅថ្វាយដល់ព្រះហស្តផារ៉ោន»។ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សប្តិនោះមានន័យយ៉ាងនេះ មែកបី គឺបីថ្ងៃ នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។ ក៏ប៉ុន្ដែ ពេលលោកបានសុខស្រួលហើយ សូមនឹកចាំពីខ្ញុំផង សូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ សូមទូលផារ៉ោនឲ្យជ្រាបពីខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។ កាលមេដុតនំឃើញថា ការកាត់ស្រាយនោះគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «ខ្ញុំក៏បានយល់សប្តិដែរ គឺខ្ញុំឃើញនំបុ័ងបីកញ្ច្រែងនៅលើក្បាលខ្ញុំ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខសម្រាប់ថ្វាយផារ៉ោន តែសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងដែលនៅលើក្បាលខ្ញុំនោះអស់ទៅ»។ លោកយ៉ូសែបតបវិញថា៖ «សប្តិនេះមានន័យដូច្នេះ កញ្ច្រែងបី គឺបីថ្ងៃ។ នៅបីថ្ងៃទៀត ផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គឺចងកលោកព្យួរនឹងដើមឈើមួយ ហើយសត្វស្លាបនឹងចឹកស៊ីសាច់របស់លោក»។
លោកុប្បត្តិ 40:5-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។ មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើមនៅពីមុខខ្ញុំ។ ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។ ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។ មហាតលិកដែលមាននាទីថ្វាយនំប៉័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែមានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
លោកុប្បត្តិ 40:5-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១យប់នោះ នាយពិសេសថ្វាយពែង នឹងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។ នោះនាយពិសេសថ្វាយពែងក៏រ៉ាយរ៉ាប់សប្តិប្រាប់យ៉ូសែបថា ឯក្នុងសប្តិខ្ញុំ ឃើញមានដើមទំពាំងបាយជូរនៅត្រង់មុខខ្ញុំ ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់ ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ នៅ៣ថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។ កាលមេពួកដុតនំបានឃើញថា សេចក្ដីសំរាយនោះស្រួលល្អ នោះគាត់និយាយប្រាប់យ៉ូសែបថា ខ្ញុំក៏បានយល់សប្តិដែរ មើល ខ្ញុំមានទូលនំបុ័ងស៣កញ្ច្រែង ក្នុងកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសំរាប់ថ្វាយផារ៉ោន តែសត្វហើរមកចឹកស៊ីនំក្នុងកញ្ច្រែង ដែលនៅលើក្បាលខ្ញុំទាំងអស់ទៅ យ៉ូសែបស្រាយថា សប្តិនេះមានន័យដូច្នេះ ឯកញ្ច្រែង៣ នោះគឺជា៣ថ្ងៃ នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។