លោកុប្បត្តិ 4:3-7

លោកុប្បត្តិ 4:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ពេល​ប្រមូល​ផល​ហើយ លោក​កាអ៊ីន​ក៏​យក​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​គាត់​មក​ថ្វាយ​ព្រះ‌អម្ចាស់។ លោក​អេបិល​ក៏​បាន​នាំ​យក​កូន​សត្វ ដែល​កើត​មុន​គេ​បង្អស់​ក្នុង​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ខ្លាញ់ ​របស់​វា​មក​ថ្វាយ​ដែរ។ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​ព្រះអង្គ​មិន​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ លោក​កាអ៊ីន​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ក្រពុល‌មុខ​ទៀត​ផង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល‌មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​ល្អ អ្នក​នឹង​បាន​រីក‌រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ត​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក ដើម្បី​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ»។

លោកុប្បត្តិ 4:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​រដូវ​ប្រមូល​ផល កាអ៊ីន​បាន​យក​ភោគ‌ផល​ដែល​កើត​ពី​ដី​មក​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កាអ៊ីន ព្រម​ទាំង​តង្វាយ​របស់​គាត់​ទេ។ ដូច្នេះ កាអ៊ីន​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ឡើង​ទឹក​មុខ​ក្រញូវ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​កាអ៊ីន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ខឹង? ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។

លោកុប្បត្តិ 4:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កន្លង​ក្រោយ​មក កាអ៊ីន​បាន​យក​ផល​ដែល​កើត​ពី​ដី មក​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អេបិល​ក៏​ធ្វើ​ដូច​គ្នា គឺ​គាត់​យក​កូន​ជា​ដំបូង​១​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់វា​ផង រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​អេបិល នឹង​ដង្វាយ​របស់​គាត់ តែ​មិន​សព្វ​ព្រះ‌ហឫទ័យ​ចំពោះ​ដង្វាយ​របស់​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ បើ​ឯង​ធ្វើ​ល្អ តើ​មិន​បាន​ទឹក​មុខ​រីក‌រាយ​វិញ​ទេ​ឬ​អី បើ​ឯង​ធ្វើ​មិន​ល្អ នោះ​មាន​ដង្វាយ​លោះ​បាប​ដេក​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ ចិត្ត​វា​នឹង​បណ្តោយ​តាម​ឯង ហើយ​ឯង​មាន​អំណាច​លើ​វា​ដែរ។