លោកុប្បត្តិ 39:7-23

លោកុប្បត្តិ 39:7-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ប្រពន្ធ​របស់​ចៅ‌ហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប ហើយ​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​បាន​បដិសេធ ហើយ​ពោល​ទៅ​ប្រពន្ធ​ចៅ‌ហ្វាយ​ខ្លួន​ថា៖ «មើល៍! ចៅ‌ហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វី​ៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ។ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?» រីឯ​នាង​ចេះ​តែ​និយាយ​ទៅ​លោក​យ៉ូសែប​រាល់​ថ្ងៃ តែ​លោក​មិន​ព្រម​ស្ដាប់​តាម ហើយ​ទៅ​ដេក​ជា‌មួយ​នាង ឬ​ទៅ​ជិត​នាង​ឡើយ។ ថ្ងៃ​មួយ កាល​លោក​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ នាង​ក៏​ចាប់​អាវ​របស់​លោក ទាំង​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​យ៉ូសែប​រលាស់​អាវ​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ។ កាល​នាង​ឃើញ​ថា លោក​ចោល​អាវ​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ​ដូច្នេះ នាង​ក៏​ស្រែក​ហៅ​មនុស្សដែល​នៅ​ក្នុង​ផ្ទះមក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​នាំ​សាសន៍​ហេព្រើរ​ម្នាក់​នេះ​មក​ឲ្យ​មើល‌ងាយ​យើង! វា​ចូល​មក​បម្រុង​នឹង​ដេក​ជា‌មួយ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង ហើយ​កាល​វា​ឮ​សំឡេង​ដែល​ខ្ញុំ​ស្រែក​ឡើង វា​ក៏​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ក្រៅ​បាត់»។ នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ក្បែរ​ខ្លួន ចាំ​ទម្រាំចៅ​ហ្វាយ​របស់​លោក​វិល​ត្រឡប់​មក​ផ្ទះ​វិញ នាង​ជម្រាប​ប្ដី​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អា​បាវ​សាសន៍​ហេព្រើរ​ដែល​បង​បាន​នាំ​មក​នោះ វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ តែដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ក្រៅ​បាត់»។ កាល​ចៅ‌ហ្វាយ​របស់​លោក បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​របស់​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នេះ លោក​ក្តៅ​ក្រហាយ​ជា​ខ្លាំង។ ចៅ​ហ្វាយ​របស់​លោក​យ៉ូសែប​ក៏​យក​លោក​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សម្រាប់​ឃុំ​ឃាំង​ពួក​អ្នក​ទោស​របស់​ស្តេច ហើយ​លោក​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។ ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក​យ៉ូសែប ហើយ​ព្រះ‌អង្គ​សម្ដែង​ព្រះ​ហឫទ័យ​សប្បុរស​ចំពោះ​លោក ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​គុក​មាន​ចិត្ត​សន្ដោស​ដល់​លោក។ មេ​គុក​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​ទាំង​អស់ ហើយ​កិច្ច​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​គុក គឺ​លោក​ជា​អ្នក​ចាត់​ចែង​ការ​នោះ។ មេ​គុក​លែង​ខ្វល់​ខ្វាយ​នឹង​អ្វី​ដែល​គាត់​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក ហើយ​កិច្ច​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ទាំង​អស់។

លោកុប្បត្តិ 39:7-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។ ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប៉ះ‌ពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរ‌លែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​បាន​ដែរ»។ ស្ត្រី​នោះ​លួង‌លោម​លោក​យ៉ូសែប ជា​រៀង​រាល់​ថ្ងៃ ឲ្យ​រួមរ័ក​ជា​មួយ​នាង តែ​លោក​ពុំ​ព្រម​ធ្វើ​តាម​ពាក្យ​នាង​ឡើយ។ ថ្ងៃ​មួយ លោក​យ៉ូសែប​បាន​ចូល​ទៅ​បំពេញ​កិច្ចការ​របស់​លោក​នៅ​ក្នុង​ផ្ទះ ពេល​នោះ គ្មាន​អ្នក​បម្រើ​ណា​នៅ​ក្នុង​ផ្ទះ​ទេ ភរិយា​របស់​លោក​ប៉ូទី‌ផារ​ក៏​ទាញ​អាវ​លោក​យ៉ូសែប​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​ក៏​ទុក​អាវ​លោក​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។ ពេល​នាង​ឃើញ​លោក​ទុក​អាវ​លោក​ក្នុង​ដៃ​នាង និង​ឃើញ​លោក​រត់​ចេញ​មក​ក្រៅ​ដូច្នេះ នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន‌ជាតិ​ហេប្រឺ​នេះ​មក​ឲ្យ​មាក់‌ងាយ​យើង។ វា​ចូល​មក​បម្រុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។ ពេល​វា​ឮ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង​ដូច្នេះ វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។ នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ជា​មួយ​នាង រហូត​ទាល់​តែ​ប្ដី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ នាង​បាន​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ តែ​ដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​នឹង​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ខាង​ក្រៅ»។ ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។ គាត់​ឲ្យ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធ‌នាគារ ដែល​គេ​ឃុំ‌ឃាំង​អ្នក​ទោស​របស់​ស្ដេច។ ពេល​លោក​យ៉ូសែប​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​លោក គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធ‌នាគារ​មាន​ចិត្ត​សន្តោស​ដល់​លោក។ នាយក​ពន្ធ‌នាគារ​ប្រគល់​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារ‌កិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធ‌នាគារ។ នាយក​ពន្ធ‌នាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក​យ៉ូសែប កិច្ចការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

លោកុប្បត្តិ 39:7-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម​មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា មើល ចៅហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ​ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ក្នុង​ផ្ទះ​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង ឯ​នាង​ចេះ​តែ​និយាយ​នឹង​យ៉ូសែប​ជា​រាល់​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នឹង​ទៅ​ដេក​ជា​មួយ​នឹង​នាង ឬ​នឹង​ទៅ​ជិត​នាង​សោះ មាន​កាល​១​ថ្ងៃ​នោះ គាត់​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ នោះ​នាង​ក៏​ចាប់​អាវ​គាត់ ទាំង​និយាយ​ថា មក​ដេក​នឹង​អញ​សិន តែ​គាត់​រលាស់​អាវ​ចោល​នៅ​ដៃ​នាង រត់​ចេញ​ទៅ​ក្រៅ​ទៅ កាល​នាង​ឃើញ​ថា គាត់​ចោល​អាវ​នៅ​ដៃ​ហើយ​រត់​ចេញ​ទៅ​ដូច្នោះ នោះ​នាង​ក៏​ហៅ​ពួក​អ្នក​ផ្ទះ​មក​ប្រាប់​ថា ឃើញ​ឬ​ទេ លោក​បាន​នាំ​សាសន៍​ហេព្រើរ​នេះ​មក​ឲ្យ​មើល‌ងាយ​យើង វា​បាន​ចូល​មក​ចង់​ដេក​នឹង​អញ តែ​អញ​បាន​ស្រែក​ជា​ខ្លាំង កាល​វា​ឮ​អញ​ឡើង​សំឡេង​ស្រែក នោះ​វា​ទុក​អាវ​ចោល​នៅ​ខាង​អញ​នេះ​រត់​ចេញ​ទៅ​ក្រៅ​បាត់ នាង​ក៏​ដាក់​អាវ​យ៉ូសែប​ទុក​នៅ​ក្បែរ​ខ្លួន ចាំ​ទំរាំ​តែ​ចៅហ្វាយ​គាត់​វិល​មក​ផ្ទះ​វិញ រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ តែ​កាល​ខ្ញុំ​ស្រែក​ឡើង នោះ​វា​រត់​ទៅ​ក្រៅ ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​នេះ កាល​ចៅហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង ហើយ​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សំរាប់​ឃុំ​ពួក​អ្នក​ទោស​របស់​ស្តេច គាត់​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្ដី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង មេ​ភូឃុំ​នោះ​ក៏​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ទៅ​ក្នុង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ការ​អ្វីៗ​ដែល​គេ​ធ្វើ​នៅ​ក្នុង​គុក នោះ​គឺ​ជា​គាត់​ដែល​បង្កើត​ការ​នោះ មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។