លោកុប្បត្តិ 38:19-23

លោកុប្បត្តិ 38:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នាង​ក្រោក​ឡើង ហើយ​ចេញ​ទៅ ដោះ​ស្បៃ​ចេញ រួច​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​របស់​នាង​មក​ស្លៀក​ពាក់​វិញ។ លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​តាម​សម្លាញ់​របស់​គាត់​ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ។ គាត់​សួរពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា៖ «តើ​ស្ត្រី​ពេស្យា​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ ជិត​អេណែម​នោះ នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «គ្មាន​ស្ដ្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ»។ គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ប្រាប់​ថា "គ្មាន​ស្ត្រី​ពេស្យា​ណា​នៅ​ទី​នេះ​ទេ"»។ លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ​ចុះ កុំ​ឲ្យ​យើង​ខ្មាស​គេ។ ឯង​ឃើញ​ស្រាប់​ហើយ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​ឯង​រក​នាង​មិន​ឃើញ»។

លោកុប្បត្តិ 38:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នាង​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ នាង​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក‌បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។ លោក​យូដា​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង តាម​រយៈ​មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាំ ដើម្បី​លោះ​យក​របស់​របរ​ដែល​គាត់​បាន​បញ្ចាំ​ទុក​ជា​មួយ​នាង​មក​វិញ តែ​មិត្ត​របស់​លោក​យូដា​រក​នាង​ពុំ​ឃើញ​សោះ។ គាត់​សួរ​អ្នក​ស្រុក​នៅ​កន្លែង​នោះ​ថា៖ «ស្ត្រី​ពេស្យា​ដែល​នៅ​មាត់​ផ្លូវ​ចូល​ភូមិ​អេណែម​នោះ នៅ​ឯ​ណា?»។ គេ​តប​មក​វិញ​ថា៖ «នៅ​ទី​នេះ មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ!»។ គាត់​ក៏​វិល​ទៅ​រក​លោក​យូដា​វិញ ប្រាប់​ថា៖ «ខ្ញុំ​រក​ស្រី​នោះ​ពុំ​ឃើញ​ទេ ហើយ​អ្នក​ស្រុក​នោះ​បាន​ប្រាប់​ខ្ញុំ​ថា “នៅ​ទី​នេះ​មិន​ដែល​មាន​ស្ត្រី​ពេស្យា​ទេ”»។ លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើល‌ងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។

លោកុប្បត្តិ 38:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​នាង​ក្រោក​ឡើង​ចេញ​ទៅ​ដោះ​ស្បៃ​ពី​ខ្លួន​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​របស់​ខ្លួន​វិញ យូដា​គាត់​ផ្ញើ​កូន​ពពែ​ទៅ​ជា​មួយ​នឹង​សំឡាញ់​គាត់ ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ រួច​គាត់​សួរ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា ស្រី​សំផឹង​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ​ជិត​អេណែម នោះ តើ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នេះ​ទេ រួច​គាត់​វិល​ទៅ​ឯ​យូដា​ប្រាប់​ថា ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ក៏​ប្រាប់​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នោះ​ដែរ យូដា​និយាយ​ថា ចូរ​ឲ្យ​វា​យក​ទៅ​ចុះ ក្រែង​យើង​ត្រូវ​មាន​សេចក្ដី​ខ្មាស មើល ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​អ្នក​រក​វា​មិន​ឃើញ​សោះ។