លោកុប្បត្តិ 38:1-26
លោកុប្បត្តិ 38:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ លោកយូដាបានចាកចេញពីបងប្អូនរបស់លោក ទៅនៅជាមួយបុរសម្នាក់ឈ្មោះហ៊ីរ៉ា នៅភូមិអាឌូឡាម។ នៅទីនោះ គាត់បានឃើញកូនស្រីរបស់លោកស៊ូអា ជាជនជាតិកាណាន គាត់ក៏យកនាងមកធ្វើជាភរិយា ហើយរួមរស់ជាមួយនាង។ នាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អ៊ើរ”។ នាងមានផ្ទៃពោះសាជាថ្មី ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “អូណាន់”។ នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។ លោកយូដាបានដណ្ដឹងនារីម្នាក់ ឈ្មោះតាម៉ារ មកឲ្យធ្វើជាភរិយារបស់អ៊ើរ ជាកូនច្បងរបស់គាត់។ អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។ ដោយអូណាន់ដឹងថា ពូជពង្សដែលនឹងកើតមក គ្មានឈ្មោះជាពូជពង្សរបស់គាត់ ដូច្នេះ ពេលណាគាត់រួមដំណេកជាមួយបងថ្លៃ គាត់តែងសម្រក់ចោលទៅដី ព្រោះមិនចង់បន្តពូជឲ្យបងប្រុស។ អំពើអាក្រក់ដែលគាត់ប្រព្រឹត្តនេះ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ដែរ។ ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាស្ត្រីមេម៉ាយ ហើយទៅរស់នៅផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ»។ គាត់គិតថា «សូមកុំឲ្យកូនមួយនេះស្លាប់ដូចបងៗវាឡើយ»។ នាងតាម៉ារក៏ទៅរស់នៅផ្ទះឪពុកនាង។ យូរថ្ងៃក្រោយមក ភរិយារបស់លោកយូដា គឺកូនស្រីរបស់លោកស៊ូអា បានទទួលមរណភាព។ កាលលោកយូដាបានធូរស្បើយពីមរណទុក្ខនេះហើយ គាត់ក៏ធ្វើដំណើរទៅភូមិធីមណាជាមួយលោកហ៊ីរ៉ា ជាអ្នកស្រុកអាឌូឡាម មិត្តរបស់គាត់ ដើម្បីទៅមើលពួកអ្នកកាត់រោមចៀមរបស់គាត់។ មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅធីមណា»។ ឮដូច្នេះ នាងតាម៉ារយកសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ ហើយយកស្បៃមកពាក់បាំងមុខ មិនឲ្យនរណាស្គាល់ រួចទៅអង្គុយនៅមាត់ផ្លូវចូលភូមិអេណែម ដែលស្ថិតនៅតាមផ្លូវទៅធីមណា។ នាងធ្វើដូច្នេះមកពីនាងឃើញថា សេឡាធំពេញវ័យហើយ តែលោកយូដាពុំបានយកនាងទៅឲ្យធ្វើជាភរិយាឡើយ។ កាលលោកយូដាឃើញនាង គាត់ស្មានថាជាស្ត្រីពេស្យា ដ្បិតនាងមានស្បៃបាំងមុខ។ គាត់ចូលទៅជិតនាង ពោលថា៖ «មក៍ រួមរ័កជាមួយខ្ញុំ!»។ គាត់ពុំបានដឹងថាជាកូនប្រសារបស់គាត់ទេ។ នាងតបថា៖ «បើខ្ញុំទៅជាមួយលោក តើលោកឲ្យអ្វីខ្ញុំ?»។ គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយមកឲ្យនាង»។ នាងតបទៅវិញថា៖ «ចាស ខ្ញុំយល់ព្រម តែលោកត្រូវបញ្ចាំអ្វីមួយទុកឲ្យខ្ញុំ ទម្រាំខ្ញុំបានទទួលកូនពពែនោះ»។ គាត់ពោលទៅវិញថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីទុក?»។ នាងឆ្លើយថា៖ «សុំប្រគល់ត្រារបស់លោក និងខ្សែវា ព្រមទាំងដំបងដែលលោកកាន់នោះមកឲ្យខ្ញុំ»។ លោកយូដាប្រគល់របស់ទាំងនោះឲ្យនាង រួចគាត់ក៏រួមរ័កជាមួយនាង។ បន្ទាប់មក នាងមានផ្ទៃពោះជាមួយគាត់។ នាងក្រោកឡើង ចាកចេញពីទីនោះ នាងយកស្បៃចេញ ហើយយកសម្លៀកបំពាក់ស្ត្រីមេម៉ាយមកស្លៀកពាក់វិញ។ លោកយូដាបានផ្ញើកូនពពែទៅឲ្យនាង តាមរយៈមិត្តរបស់គាត់ ជាអ្នកស្រុកអាឌូឡាំ ដើម្បីលោះយករបស់របរដែលគាត់បានបញ្ចាំទុកជាមួយនាងមកវិញ តែមិត្តរបស់លោកយូដារកនាងពុំឃើញសោះ។ គាត់សួរអ្នកស្រុកនៅកន្លែងនោះថា៖ «ស្ត្រីពេស្យាដែលនៅមាត់ផ្លូវចូលភូមិអេណែមនោះ នៅឯណា?»។ គេតបមកវិញថា៖ «នៅទីនេះ មិនដែលមានស្ត្រីពេស្យាទេ!»។ គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកស្រីនោះពុំឃើញទេ ហើយអ្នកស្រុកនោះបានប្រាប់ខ្ញុំថា “នៅទីនេះមិនដែលមានស្ត្រីពេស្យាទេ”»។ លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅ! យើងមិនបាច់សួរដេញដោល នាំតែអ្នកស្រុកមើលងាយទេ។ ខ្ញុំបានផ្ញើកូនពពែទៅឲ្យនាងតាមសន្យា តែបើសម្លាញ់ឯងរកនាងមិនឃើញ ក៏ហីទៅចុះ!»។ បីខែកន្លងមកទៀត មានគេនាំដំណឹងមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានខូចខ្លួនហើយ ឥឡូវនេះ ថែមទាំងមានផ្ទៃពោះទៀតផង»។ លោកយូដាពោលថា៖ «អូសវាចេញទៅក្រៅ ដុតទាំងរស់ទៅ!»។ ពេលគេកំពុងតែនាំនាងចេញទៅក្រៅ នាងតាម៉ារឲ្យគេទៅជម្រាបលោកយូដាថា៖ «ខ្ញុំមានផ្ទៃពោះជាមួយម្ចាស់វត្ថុទាំងនេះ សូមពុកមើលមើល៍ តើត្រានេះ និងខ្សែវា ព្រមទាំងដំបងនេះជារបស់នរណា?»។ លោកយូដាស្គាល់វត្ថុទាំងនោះ ក៏ពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានយកនាងមកឲ្យធ្វើជាភរិយារបស់សេឡា ជាកូនខ្ញុំទេ»។ តាំងពីពេលនោះមក លោកយូដាពុំបានរួមរ័កជាមួយនាងទៀតឡើយ។
លោកុប្បត្តិ 38:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា នៅទីនោះ លោកយូដាបានឃើញកូនស្រីរបស់ឈ្មោះស៊ូអា ជាសាសន៍កាណាន គាត់ក៏យកនាង ហើយចូលទៅឯនាង។ នាងក៏មានទម្ងន់ បង្កើតបានកូនប្រុសមួយ រួចឪពុកដាក់ឈ្មោះកូននោះថា "អ៊ើរ"។ នាងមានទម្ងន់ទៀត បង្កើតបានកូនប្រុសមួយ រួចម្ដាយដាក់ឈ្មោះកូននោះថា "អូណាន់"។ នាងបង្កើតបានកូនប្រុសមួយទៀត ហើយនាងដាក់ឈ្មោះកូននោះថា "សេឡា"។ កាលនាងសម្រាលកូននោះ នាង រស់នៅភូមិកេស៊ីប។ លោកយូដាដណ្ដឹងប្រពន្ធឲ្យអ៊ើរ ជាកូនច្បងគាត់ នាងឈ្មោះតាម៉ារ។ ប៉ុន្ដែ អ៊ើរ កូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ប្រហារគាត់ទៅ។ ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីបំពេញកាតព្វកិច្ចជាប្អូនថ្លៃចំពោះនាង ហើយបន្តពូជឲ្យបងប្រុសឯងទៅ»។ ប៉ុន្ដែ ដោយអូណាន់ដឹងថា ពូជនោះមិនបានជារបស់ខ្លួន ពេលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់តែងសម្រក់ទឹកកាមចោលទៅដី ដើម្បីកុំឲ្យគាត់បានបន្តពូជឲ្យបងប្រុសខ្លួន។ អំពើដែលគាត់បានប្រព្រឹត្តនេះ អាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះអង្គក៏ប្រហារគាត់ដែរ។ ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាមេម៉ាយនៅក្នុងផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ» ដ្បិតគាត់ខ្លាចក្រែងវាស្លាប់ដូចជាបងៗវាដែរ។ ដូច្នេះ នាងតាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។ លុះយូរក្រោយមក កូនស្រីរបស់ស៊ូអា ដែលជាប្រពន្ធរបស់លោកយូដា ក៏បានស្លាប់ទៅ។ កាលលោកយូដាបានរសាយទុក្ខហើយ គាត់ក៏ឡើងទៅមើលពួកកាត់រោមចៀមនៅធីមណាជាមួយហ៊ីរ៉ា អ្នកស្រុកអាឌូឡាម ជាសម្លាញ់របស់គាត់។ កាលនាងតាម៉ារបានឮគេប្រាប់ថា៖ «ឪពុកក្មេករបស់នាងកំពុងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់» នាងក៏ដោះសម្លៀកបំពាក់ស្ត្រីមេម៉ាយចេញ រួចយកស្បៃមកពាក់បាំងមុខ ហើយទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែម តាមផ្លូវទៅធីមណា ដ្បិតនាងឃើញថា សេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ។ កាលលោកយូដាឃើញនាង គាត់គិតថានាងជាស្ត្រីពេស្យា ដ្បិតនាងបានបាំងមុខ។ គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?» គាត់ឆ្លើយថា៖ «ខ្ញុំនឹងផ្ញើកូនពពែមួយពីហ្វូងមកឲ្យនាង»។ តែនាងសួរថា៖ «លោកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទម្រាំតែលោកបានផ្ញើពពែនោះមកដល់?» គាត់តបថា៖ «តើចង់ឲ្យខ្ញុំបញ្ចាំអ្វីដល់នាង?» នាងឆ្លើយថា៖ «សូមប្រគល់ត្រា ខ្សែ និងដំបងដែលលោកកាន់នៅដៃនោះមក»។ គាត់ក៏ប្រគល់របស់ទាំងនោះឲ្យនាង រួចចូលទៅឯនាង ហើយនាងក៏មានទម្ងន់ដោយសារគាត់។ នាងក្រោកឡើង ហើយចេញទៅ ដោះស្បៃចេញ រួចយកសម្លៀកបំពាក់ស្ត្រីមេម៉ាយរបស់នាងមកស្លៀកពាក់វិញ។ លោកយូដាបានផ្ញើកូនពពែទៅតាមសម្លាញ់របស់គាត់ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ។ គាត់សួរពួកអ្នកដែលនៅកន្លែងនោះថា៖ «តើស្ត្រីពេស្យាដែលអង្គុយនៅមាត់ផ្លូវ ជិតអេណែមនោះ នៅឯណា?» គេឆ្លើយថា៖ «គ្មានស្ដ្រីពេស្យាណានៅទីនេះទេ»។ គាត់ក៏វិលទៅរកលោកយូដាវិញ ប្រាប់ថា៖ «ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះប្រាប់ថា "គ្មានស្ត្រីពេស្យាណានៅទីនេះទេ"»។ លោកយូដាពោលថា៖ «ឲ្យនាងទុករបស់ទាំងនោះទៅចុះ កុំឲ្យយើងខ្មាសគេ។ ឯងឃើញស្រាប់ហើយ ខ្ញុំបានផ្ញើកូនពពែទៅដែរ តែឯងរកនាងមិនឃើញ»។ ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!» ពេលគេនាំនាងចេញមក នាងឲ្យគេទៅជម្រាបឪពុកក្មេកថា៖ «ខ្ញុំមានទម្ងន់នឹងម្ចាស់របស់ទាំងនេះ» ហើយនាងប្រាប់ថា៖ «សូមមើលត្រា ខ្សែ និងដំបងនេះចុះ តើជារបស់អ្នកណា?» លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
លោកុប្បត្តិ 38:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូនចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា នៅទីនោះ យូដាឃើញស្រីក្រមុំម្នាក់របស់សាសន៍កាណាន ឈ្មោះស៊ូអា គាត់ក៏យកនាងនោះ ហើយចូលទៅឯនាង នាងក៏មានទំងន់បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា អ៊ើរ នាងមានទំងន់ទៀតបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា អូណាន់ រួចនាងបង្កើតបានកូនប្រុស១ទៀត ក៏ឲ្យឈ្មោះថា សេឡា កាលនាងសំរាលកូននោះ យូដានៅត្រង់កេស៊ីប យូដាក៏យកប្រពន្ធឲ្យអ៊ើរជាកូនច្បង នាងនោះឈ្មោះតាម៉ារ តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ នោះយូដាគាត់និយាយនឹងអូណាន់ថា ចូរឲ្យចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីនឹងសំរេចកិច្ចតាមរបៀបច្បាប់របស់ប្អូនថ្លៃដល់នាង ហើយយកនាងបង្កើតពូជឲ្យបងឯងចុះ តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។ លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ ដូច្នេះនាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ គាត់ឆ្លើយថា ខ្ញុំនឹងផ្ញើកូនពពែ១ពីហ្វូងមកឲ្យ តែនាងសួរថា អ្នកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទំរាំតែបានផ្ញើពពែនោះមកដល់ គាត់តបថា តើចង់ឲ្យខ្ញុំឲ្យអ្វីបញ្ចាំចិត្តនាង រួចនាងឆ្លើយថា សូមឲ្យត្រា នឹងខ្សែ ហើយដំបងដែលអ្នកកាន់នៅដៃនោះមក គាត់ក៏ឲ្យដល់នាង រួចចូលទៅឯនាង ហើយនាងក៏មានទំងន់ដោយសារគាត់ នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ យូដាគាត់ផ្ញើកូនពពែទៅជាមួយនឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ រួចគាត់សួរពួកអ្នកដែលនៅកន្លែងនោះថា ស្រីសំផឹងដែលអង្គុយនៅមាត់ផ្លូវជិតអេណែម នោះ តើនៅឯណា គេឆ្លើយថា គ្មានស្រីសំផឹងណានៅទីនេះទេ រួចគាត់វិលទៅឯយូដាប្រាប់ថា ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះក៏ប្រាប់ថា គ្មានស្រីសំផឹងណានៅទីនោះដែរ យូដានិយាយថា ចូរឲ្យវាយកទៅចុះ ក្រែងយើងត្រូវមានសេចក្ដីខ្មាស មើល ខ្ញុំបានផ្ញើកូនពពែទៅដែរ តែអ្នករកវាមិនឃើញសោះ។ ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជំរាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា នឹងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។