លោកុប្បត្តិ 37:5-11
លោកុប្បត្តិ 37:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
លោកុប្បត្តិ 37:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ គាត់ប្រាប់ពួកគេថា៖ «សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។ បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។ គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។
លោកុប្បត្តិ 37:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។ គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។