លោកុប្បត្តិ 37:12-35

លោកុប្បត្តិ 37:12-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក នៅ​ស៊ីគែម ហើយ​លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​ឯង​បាន​ទៅ​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ហើយ មក​ណេះ ពុក​នឹង​ចាត់​ឯង​ឲ្យ​ទៅ​រក​ពួក‌គេ»។ គាត់​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បាទ​ពុក»។ ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។ កាល​បុរស​ម្នាក់​បាន​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល ក៏​សួរ​ថា៖ «តើ​ឯង​កំពុង​រក​អី?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រក​បងៗ​របស់​ខ្ញុំ សូម​មេត្តា​ប្រាប់​ខ្ញុំឲ្យ​ដឹង​កន្លែង​ដែល​ពួក‌គេ​ឃ្វាល​សត្វ​ផង»។ បុរស​នោះ​ប្រាប់​ថា៖ «ពួក‌គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ ខ្ញុំ​ឮ​គេ​និយាយ​គ្នា​ថា "តោះ​យើង​ទៅ​ដូថាន់"»។ ពេល​នោះ យ៉ូសែប​ក៏​ទៅ​តាមបងៗ ហើយ​ឃើញ​ពួក‌គេ​នៅ​ឯ​ដូថាន់។ កាល​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គេ​រួម​គំនិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល មុន​ពេល​គាត់​ទៅ​ដល់។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ន៎ុះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ។ មក​យើង នាំ​គ្នា​សម្លាប់​វា​ចោល ហើយ​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង​ណា​មួយ រួច​និយាយ​ថា មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ទៅ​ហើយ ហើយ​យើង​នឹង​មើល តើ​សប្តិ​របស់​វា​នឹង​ទៅ​ជា​យ៉ាង​ណា»។ ប៉ុន្តែ កាល​រូបេន​បាន​ឮដូច្នេះ គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​ពួក‌គេ។ គាត់​និយាយ​ថា៖ «យើង​កុំ​យក​ជីវិត​វា​អី»។ រូបេន​ពោល​ទៅ​ពួក‌គេ​ទៀត​ថា៖ «កុំ​កម្ចាយ​ឈាម​អី គ្រាន់​តែ​ទម្លាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ទៅ​បាន​ហើយ កុំ​ដាក់​ដៃ​លើ​វាឡើយ»។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក‌គេ ហើយ​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ។ កាល​យ៉ូសែប​បាន​មក​ដល់​បង​ៗ​ហើយ គេ​ក៏​ដោះ​អាវ​គាត់​ចេញ គឺ​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង រួច​គេ​ចាប់​គាត់​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ។ បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។ ពេល​នោះ យូដា​និយាយ​ទៅ​បង‌ប្អូន​ថា៖ «បើ​យើង​សម្លាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​ចំណេញ​បាន​អី? មក៍ យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​‌ប្អូន​របស់​យើង ជា​សាច់​ឈាម​របស់​យើង​ដែរ»។ បង‌ប្អូន​របស់​គាត់​ក៏​យល់​ព្រម​តាម។ ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។ កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​វិល​ទៅ​រក​បង‌ប្អូន​ប្រាប់​ថា៖ «ក្មេង​នោះ​បាត់​ទៅ​ហើយ តើ​ឲ្យ​ខ្ញុំ​ទៅឯ​ណា?» ពេល​នោះ គេ​ក៏​សម្លាប់​ពពែ​មួយ រួច​យក​អាវ​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម បន្ទាប់​មក គេផ្ញើ​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ឪពុក ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន»។ លោក​យ៉ា​កុប​ស្គាល់​អាវ​នោះ ហើយ​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ច្បាស់​ជា​សត្វ​ហែក​ខ្ទេច‌ខ្ទី​អស់​ហើយ»។ លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។ កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។

លោកុប្បត្តិ 37:12-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​បាន​នាំ​គ្នា​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក នៅ​ស៊ីគែម។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​កូន​ឃ្វាល​ចៀម​នៅ​ស៊ីគែម ពុក​ចង់​ឲ្យ​កូន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ»។ យ៉ូសែប​តប​ថា៖ «បាទ កូន​យល់​ព្រម​ទៅ!»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ លោក​យ៉ាកុប​ក៏​ចាត់​យ៉ូសែប ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។ បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល​ដូច្នេះ ក៏​សួរ​ថា៖ «តើ​ក្មួយ​មក​រក​អ្វី?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មក​រក​បងៗ​របស់​ខ្ញុំ សូម​ពូ​មេត្តា​ប្រាប់​ខ្ញុំ​ផង​ថា ពួក​គាត់​ឃ្វាល​ចៀម​នៅ​កន្លែង​ណា»។ បុរស​នោះ​តប​ថា៖ «ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នេះ​ហើយ ព្រោះ​ពូ​ឮ​គេ​និយាយ​គ្នា​ថា “តោ៎ះ! យើង​ទៅ​ដូថាន”»។ យ៉ូសែប​ក៏​តាម​រក​បងៗ ហើយ​បាន​ជួប​ពួក​គេ​នៅ​ដូថាន។ កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល។ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា«មើល៍! លោក​គ្រូ​យល់​សប្តិ​មក​ដល់​ហើយ! យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។ ពេល​លោក​រូបេន​ឮ​ដូច្នោះ គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ។ គាត់​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​វា​ធ្វើ​អ្វី»។ លោក​រូបេន​ពោល​ថែម​ទៀត​ថា៖ «កុំ​បង្ហូរ​ឈាម​វា​ធ្វើ​អ្វី គឺ​គ្រាន់​តែ​បោះ​វា​ទៅ​ក្នុង​អណ្ដូង​នៅ​វាល​រហោ‌ស្ថាន​នេះ​បាន​ហើយ មិន​បាច់​សម្លាប់​វា​ទេ»។ គាត់​ពោល​ដូច្នេះ មក​ពី​ចង់​រំដោះ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​បងៗ ហើយ​នាំ​យក​ទៅ​ជូន​ឪពុក​វិញ។ ពេល​យ៉ូសែប​ដើរ​ទៅ​ដល់​បងៗ គេ​នាំ​គ្នា​ដោះ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត ដែល​គាត់​ពាក់​នោះ​ចេញ។ គេ​ចាប់​គាត់​បោះ​ទៅ​ក្នុង​អណ្ដូង។ អណ្ដូង​នោះ​រីង គ្មាន​ទឹក​ទេ។ បន្ទាប់​មក គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម​ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស យក​ទៅ​ស្រុក​អេស៊ីប។ លោក​យូដា​ពោល​ទៅ​កាន់​បងប្អូន​គាត់​ថា៖ «បើ​យើង​សម្លាប់​ប្អូន​យើង​ចោល តើ​បាន​ចំណេញ​អ្វី នាំ​តែ​ពិបាក​លាក់​ឃាត‌កម្ម​នេះ​ថែម​ទៀត។ មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។ បន្ទាប់​មក មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យ៉ូសែប​ចេញ​ពី​អណ្ដូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប។ កាល​លោក​រូបេន​ត្រឡប់​មក​ដល់​អណ្ដូង​វិញ គាត់​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ទៅ​ជួប​ប្អូនៗ​ប្រាប់​ថា៖ «បាត់​ក្មេង​នោះ​ហើយ! តើ​បង​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ គេ​ក៏​នាំ​គ្នា​យក​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​របស់​យ៉ូសែប​មក ហើយ​សម្លាប់​ចៀម​ឈ្មោល​មួយ រួច​ជ្រលក់​អាវ​ក្នុង​ឈាម​វា។ បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ​ទៅ​ឪពុក ទាំង​ផ្ដាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។ លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។ លោក​យ៉ាកុប​បាន​ហែក​សម្លៀក‌បំពាក់​របស់​លោក និង​យក​បាវ​មក​ស្លៀក រួច​លោក​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។ កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។

លោកុប្បត្តិ 37:12-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​បង​គាត់​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក​នៅ​ឯ​ស៊ីគែម ហើយ​អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ពួក​បង​ឯង​បាន​ទៅ​ឃ្វាល​សត្វ​ឯ​ស៊ីគែម​ហើយ ចូរ​ឯង​មក​ណេះ អញ​នឹង​ប្រើ​ទៅ​ឯ​គេ នោះ​គាត់​ឆ្លើយ​ទៅ​ឪពុក​ថា បាទ រួច​ឪពុក​ប្រាប់​ថា ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង នឹង​ហ្វូង​សត្វ​សុខ​សប្បាយ​ទេ​ឬ រួច​សឹម​មក​ប្រាប់​ដល់​អញ​វិញ ដូច្នេះ​ឪពុក​ក៏​ចាត់​ឲ្យ​គាត់​ចេញ​ពី​វាល​ច្រក​ហេប្រុន​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម នោះ​មាន​មនុស្ស​ម្នាក់​ឃើញ​គាត់​ដើរ​វីម‌វាម​នៅ​វាល ក៏​សួរ​ថា ឯង​រក​អី គាត់​ឆ្លើយ​ថា ខ្ញុំ​រក​បង​ប្អូន​ខ្ញុំ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​កន្លែង​ដែល​គេ​ឃ្វាល​សត្វ​ផង អ្នក​នោះ​ប្រាប់​ថា គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ អញ​ឮ​គេ​ថា ចូរ​យើង​ទៅ​ឯ​ដូថាន់​វិញ នោះ​យ៉ូសែប​ក៏​ទៅ​តាម ឃើញ​នៅ​ឯ​ដូថាន់។ លុះ​គេ​ឃើញ​គាត់​ពី​ចំងាយ នោះ​គេ​មត់​សំរេច​គ្នា​ថា​នឹង​សំឡាប់​គាត់​ចោល ក្នុង​កាល​មុន​ដែល​គាត់​ទៅ​ដល់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា នុ៎ះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ ចូរ​យើង​សំឡាប់​វា​ឥឡូវ ទំលាក់​ចុះ​ក្នុង​អណ្តូង​ណា​មួយ​ទៅ រួច​សឹម​និយាយ​ថា មាន​សត្វ​សាហាវ​ណា​បាន​ហែក​វា​ស៊ី​ទៅ​ហើយ យើង​នឹង​មើល តើ​នឹង​មាន​អ្វី​កើត​ពី​សប្តិ​នោះ​មក ឯ​រូបេន​ក៏​ឮ ហើយ​គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​គេ គាត់​និយាយ​ថា កុំ​ឲ្យ​យើង​យក​ជីវិត​វា​ឡើយ រួច​រូបេន​និយាយ​ទៅ​គេ​ថា កុំ​ឲ្យ​កំចាយ​ឈាម​អី ឲ្យ​គ្រាន់​តែ​ទំលាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ចុះ កុំ​ឲ្យ​ដាក់​ដៃ​ធ្វើ​វា​ឡើយ ដោយ​គំនិត​គាត់​ប៉ង​នឹង​ជួយ ឲ្យ​យ៉ូសែប​រួច​ពី​កណ្តាប់​ដៃ​របស់​គេ ដើម្បី​នឹង​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ កាល​យ៉ូសែប​បាន​មក​ដល់​ពួក​បង​ហើយ នោះ​គេ​ក៏​បក​អាវ​គាត់​ចេញ គឺ​ជា​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង គេ​ក៏​យក​គាត់​ទៅ​ទំលាក់​នៅ​ក្នុង​អណ្តូង​ទៅ ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ រួច​គេ​នាំ​គ្នា​អង្គុយ​បរិភោគ​បាយ គេ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​អ៊ីស‌ម៉ាអែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ នឹង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​យូដា​និយាយ​ទៅ​បង​ប្អូន​ថា បើ​យើង​សំឡាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​មាន​កំរៃ​អី្វ ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ាអែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ាអែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។ រួច​មក រូបេន​គាត់​ត្រឡប់​ទៅ​ឯ​អណ្តូង​វិញ តែ​មើល គ្មាន​យ៉ូសែប​នៅ​ក្នុង​អណ្តូង​ទៀត​ទេ នោះ​គាត់​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន ក៏​វិល​ទៅ​ឯ​បង​ប្អូន​ប្រាប់​ថា ក្មេង​នោះ​បាត់​ទៅ​ហើយ ចុះ​ឯ​ខ្ញុំ តើ​នឹង​ទៅ​ឯ​ណា នោះ​គេ​ក៏​សំឡាប់​ពពែ​១ រួច​យក​អាវ​យ៉ូសែប​ទៅ​ប្រឡាក់​នឹង​ឈាម បញ្ជូន​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ជំរាប​ដល់​ឪពុក​ថា យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​ឬ​មិន​មែន គាត់​ក៏​ចំណាំ​ស្គាល់​អាវ​នោះ ហើយ​និយាយ​ថា គឺ​ជា​អាវ​របស់​កូន​អញ​ពិត មុខ​ជា​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ យ៉ូសែប​បាន​ត្រូវ​ហែក​ខ្ទេច‌ខ្ទី​ជា​ប្រាកដ នោះ​យ៉ាកុប​ក៏​ហែក​សំលៀក‌បំពាក់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​ក៏​ខំ​ជួយ​រំដោះ​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ទេ ដោយ​ថា អញ​នឹង​ចុះ​ទៅ​ឯ​កូន​អញ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​កាន់​ទុក្ខ​ផង ហើយ​គាត់​ក៏​យំ​សោក​នឹង​កូន