លោកុប្បត្តិ 37:1-20
លោកុប្បត្តិ 37:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។
លោកុប្បត្តិ 37:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។ នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។ កាលបងៗឃើញថា ឪពុកស្រឡាញ់យ៉ូសែបជាងកូនទាំងអស់ គេក៏ព្រួតគ្នាស្អប់យ៉ូសែប ហើយមិនអាចនិយាយពាក្យល្អជាមួយគាត់បានឡើយ។ មានថ្ងៃមួយ យ៉ូសែបបានយល់សប្តិ ហើយក៏តំណាលសប្ដិនោះប្រាប់បងៗ តែគេរឹតតែស្អប់គាត់ខ្លាំងឡើង។ គាត់ប្រាប់ពួកគេថា៖ «សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែ នោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល៍ កណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពកណ្ដាប់របស់ខ្ញុំ»។ បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។ គាត់យល់សប្តិទៀត ហើយក៏ប្រាប់បងៗរបស់គាត់ថា៖ «មើល៍ ខ្ញុំបានយល់សប្តិឃើញម្ដងទៀតហើយ គឺឃើញថ្ងៃ ខែ និងផ្កាយទាំងដប់មួយបានក្រាបគោរពខ្ញុំ»។ ប៉ុន្ដែ កាលគាត់បានតំណាលអំពីសប្ដិនោះប្រាប់ឪពុក និងបងៗ ឪពុកបន្ទោសគាត់ថា៖ «តើឯងយល់សប្តិឃើញអ្វីដូច្នេះ? តើត្រូវឲ្យឪពុក និងម្តាយរបស់ឯង ព្រមទាំងបងៗរបស់ឯងក្រាបដល់ដីគោរពឯងឬ?» បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបនាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុក នៅស៊ីគែម ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។ ឪពុកប្រាប់គាត់ថា៖ «ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង ហើយហ្វូងសត្វសុខសប្បាយឬយ៉ាងណា រួចហើយមកប្រាប់ពុកវិញផង»។ ដូច្នេះ ឪពុកក៏ចាត់យ៉ូសែបពីជ្រលងភ្នំហេប្រុនឲ្យចេញទៅ ហើយគាត់ទៅដល់ស៊ីគែម។ កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?» គាត់ឆ្លើយថា៖ «ខ្ញុំរកបងៗរបស់ខ្ញុំ សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលពួកគេឃ្វាលសត្វផង»។ បុរសនោះប្រាប់ថា៖ «ពួកគេបានចេញពីនេះទៅហើយ ខ្ញុំឮគេនិយាយគ្នាថា "តោះយើងទៅដូថាន់"»។ ពេលនោះ យ៉ូសែបក៏ទៅតាមបងៗ ហើយឃើញពួកគេនៅឯដូថាន់។ កាលគេឃើញយ៉ូសែបពីចម្ងាយ គេរួមគំនិតគ្នាថានឹងសម្លាប់គាត់ចោល មុនពេលគាត់ទៅដល់។ គេនិយាយគ្នាទៅវិញទៅមកថា៖ «ន៎ុះន៏ អាមេសប្តិបានមកដល់ហើយ។ មកយើង នាំគ្នាសម្លាប់វាចោល ហើយយកទៅទម្លាក់ក្នុងអណ្តូងណាមួយ រួចនិយាយថា មានសត្វសាហាវបានហែកវាស៊ីទៅហើយ ហើយយើងនឹងមើល តើសប្តិរបស់វានឹងទៅជាយ៉ាងណា»។
លោកុប្បត្តិ 37:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។ យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។ ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។ កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។
លោកុប្បត្តិ 37:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។ មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។ គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។ ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង នឹងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។ លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់ គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក