លោកុប្បត្តិ 37:1-11

លោកុប្បត្តិ 37:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។ នេះ​ជា​ដំណើរ​រឿង​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​មាន​អាយុ​ដប់​ប្រាំពីរ​ឆ្នាំ គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា‌មួយ​បង‌ៗ​របស់​គាត់។ ក្មេង​ជំទង់​នេះ​នៅ​ជា‌មួយ​កូន​របស់​នាង​ប៊ីលហា និង​នាង​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​គាត់ ហើយ​យ៉ូសែប​តែង​យក​រឿង​អាក្រក់​របស់​ពួក​គេ​មក​ប្រាប់​ឪពុក។ លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។ កាល​បងៗ​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​កូន​ទាំង​អស់ គេ​ក៏​ព្រួត​គ្នា​ស្អប់​យ៉ូសែប ហើយ​មិន​អាច​និយាយ​ពាក្យ​ល្អ​ជា‌មួយ​គាត់​បានឡើយ។ មាន​ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្តិ ហើយ​ក៏​តំណាល​សប្ដិ​នោះ​ប្រាប់​បងៗ តែ​គេ​រឹត​តែ​ស្អប់​គាត់​ខ្លាំង​ឡើង។ គាត់​ប្រាប់​ពួក‌គេ​ថា៖ «សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។ បងៗ​ពោល​មក​គាត់​ថា៖ «តើ​ឯង​ចង់​សោយ​រាជ្យ​លើ​យើង​មែន​ឬ? តើ​ឯង​ចង់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ?» ដូច្នេះ គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សម្ដី​របស់​គាត់។ គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។ ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?» បងៗ​ក៏​មាន​ចិត្ត​ច្រណែន​នឹង​គាត់ តែ​ឪពុក​របស់​គាត់​បាន​ទុក​រឿង​នោះ​នៅ​ក្នុង​ចិត្ត។

លោកុប្បត្តិ 37:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​បាន​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ចូល​ស្នាក់​នៅ។ នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​នៅ​ពី​ក្មេង អាយុ​ដប់​ប្រាំ‌ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​នាង​ប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​រាយ‌ការណ៍​ពី​ការ​អាក្រក់​ដែល​បងៗ​ធ្វើ។ លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យ៉ូសែប​ពាក់។ ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។ យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្ដាប់​សុបិន​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទៀត​ផង»។ បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។ ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។ គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។ បងៗ​មាន​ចិត្ត​ច្រណែន​នឹង​យ៉ូសែប​ណាស់ ប៉ុន្តែ ឪពុក​របស់​គាត់​បាន​ចង​ចាំ​សុបិន​នេះ​ទុក​ក្នុង​ចិត្ត។

លោកុប្បត្តិ 37:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​យ៉ាកុប​គាត់​អាស្រ័យ​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​បាន​ស្នាក់​នៅ ទុក​ដូច​ជា​សាសន៍​ដទៃ នេះ​ជា​ពង្សាវតារ​នៃ​ពួក​កូន​ចៅ​របស់​យ៉ាកុប រីឯ​យ៉ូសែប កាល​មាន​អាយុ​១៧​ឆ្នាំ នោះ​គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា​មួយ​នឹង​ពួក​បង​ប្អូន ក្មេង​ជំទង់​នោះ​ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ប៊ីលហា នឹង​កូន​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​ខ្លួន ហើយ​គាត់​នាំ​រឿង​ពី​ការ​អាក្រក់​របស់​គេ​មក​ប្រាប់​ដល់​ឪពុក ឯ​អ៊ីស្រាអែល គាត់​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ ពី​ព្រោះ​ជា​កូន​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ គាត់​ធ្វើ​អាវ​១​ដ៏​មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ បង​ទាំង​ប៉ុន្មាន​ក៏​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ បាន​ជា​គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ។ មាន​ថ្ងៃ​១ យ៉ូសែប​បាន​យល់​សប្តិ ក៏​និយាយ​សប្តិ​នោះ​ប្រាប់​ដល់​ពួក​បងៗ​ទាំង​ប៉ុន្មាន តែ​នោះ​គេ​រឹត‌តែ​ស្អប់​គាត់​ជា​ខ្លាំង​ទៅ​ទៀត គាត់​ប្រាប់​ថា សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្តាប់​នៅ​ស្រែ នោះ​កណ្តាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល កណ្តាប់​របស់​អ្នក​រាល់​គ្នា​បាន​មក​ព័ទ្ធ​ជុំវិញ ហើយ​ក្រាប​គោរព​ចំពោះ​កណ្តាប់​របស់​ខ្ញុំ ពួក​បងៗ​ឆ្លើយ​ឡើង​ថា បើ​ដូច្នេះ ឯង​នឹង​គ្រប់‌គ្រង​លើ​យើង​ឬ ឯង​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​យើង​មែន​ឬ ហើយ​គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ នឹង​ពាក្យ​សំដី​របស់​គាត់។ គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ នឹង​ផ្កាយ​ទាំង​១១​បាន​ក្រាប​គោរព​ដល់​ខ្ញុំ គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ នឹង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ ហើយ​ពួក​បងៗ​ក៏​ច្រណែន​នឹង​គាត់ តែ​ឪពុក​បាន​កំណត់​រឿង​នោះ​ទុក។