លោកុប្បត្តិ 35:13-29
លោកុប្បត្តិ 35:13-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះទ្រង់ក៏ហោះចេញពីគាត់ឡើងទៅ នៅត្រង់កន្លែងដែលព្រះអង្គបានមានព្រះបន្ទូលជាមួយលោក។ លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។ ដូច្នេះ លោកយ៉ាកុបហៅកន្លែងដែលព្រះបានមានព្រះបន្ទូលជាមួយលោកនោះថា "បេត-អែល"។ បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។ កាលគាត់កំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបប្រាប់គាត់ថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតលោកស្រីបានកូនប្រុសមួយទៀត»។ កាលព្រលឹងរបស់នាងហៀបនឹងចេញពីនាងទៅ (ដ្បិតនាងហៀបនឹងស្លាប់) នាងបានដាក់ឈ្មោះកូននោះថា "បេន-អូនី" តែឪពុកដាក់ឈ្មោះថា "បេន-យ៉ាមីន" វិញ។ នាងរ៉ាជែលក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម) លោកយ៉ាកុបបានបញ្ឈរបង្គោលថ្មមួយនៅលើផ្នូររបស់នាងរ៉ាជែល គឺជាបង្គោលផ្នូរនាងរ៉ាជែល ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។ លោកអ៊ីស្រាអែលបានធ្វើដំណើរទៅបោះជំរំនៅខាងនាយប៉មអេឌើរ។ នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។ កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ កូនប្រុសរបស់នាងរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ កូនប្រុសរបស់នាងប៊ីលហា ជាស្រីបម្រើនាងរ៉ាជែល មានដាន់ និងណែបថាលី។ កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើនាងលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។ លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ លោកអ៊ីសាករស់នៅបានមួយរយប៉ែតសិបឆ្នាំ។ ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
លោកុប្បត្តិ 35:13-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។ លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ លោកយ៉ាកុបបានដាក់ឈ្មោះកន្លែង ដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោកនោះថា «បេតអែល»។ លោកយ៉ាកុបបាននាំក្រុមគ្រួសាររបស់លោកចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា លោកស្រីរ៉ាជែលបានសម្រាលកូនយ៉ាងសែនលំបាក ពេលគាត់កំពុងតែសម្រាលកូនយ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។ លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។ លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។ លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។ លោកអ៊ីស្រាអែលចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយភូមិមីគដាល-អេឌើរ។ គ្រាដែលលោកអ៊ីស្រាអែលអាស្រ័យនៅស្រុកនោះ លោករូបេនរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ លោកយ៉ាកុបមានកូនប្រុសដប់ពីរនាក់គឺ: កូនប្រុសរបស់លោកស្រីលេអា មាន: រូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ កូនរបស់លោកស្រីរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ កូនរបស់នាងប៊ីលហា ជាស្រីបម្រើរបស់លោកស្រីរ៉ាជែល មានដាន់ និងណែបថាលី។ កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើរបស់លោកស្រីលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។ លោកយ៉ាកុបបានវិលទៅនៅជាមួយលោកអ៊ីសាកជាឪពុក ត្រង់ដើមជ្រៃរបស់តាម៉ាមរ៉េ នៅភូមិគារយ៉ាត-អើបា គឺនៅហេប្រូន ជាភូមិដែលលោកអប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ លោកអ៊ីសាករស់បានទាំងអស់មួយរយប៉ែតសិបឆ្នាំ។ បន្ទាប់មក លោកទទួលមរណភាព ទៅជួបជុំនឹងដូនតារបស់លោក ដែលបានចែកស្ថានហើយនោះដែរ គឺលោកទទួលមរណភាព ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
លោកុប្បត្តិ 35:13-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានបន្ទូលនឹងគាត់ទៅ រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង គាត់ហៅកន្លែងដែលព្រះបានមានបន្ទូលនឹងគាត់នោះថា បេត-អែល។ រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសំរាលកូន នាងសំរាលមកដោយពិបាក កាលនាងកំពុងតែសំរាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។ រួចអ៊ីស្រាអែល គាត់ដើរដំណើរទៅ ដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់ ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ នឹងសាប់យូល៉ូន១ កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ នឹងបេនយ៉ាមីន១ កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ នឹងណែបថាលី១ កូនរបស់នាងស៊ីលផាជាបាវស្រីលេអា នោះគឺកាឌ់១ នឹងអេស៊ើរ១ នោះជាកូនប្រុសរបស់យ៉ាកុបទាំងប៉ុន្មាន ដែលបានកើតឡើងឲ្យដល់គាត់នៅប៉ាដាន់-អើរ៉ាម។ យ៉ាកុបក៏ទៅដល់អ៊ីសាក ជាឪពុកនៅម៉ាមរេជាទីក្រុងរបស់អើបា គឺជាហេប្រុន ជាកន្លែងដែលអ័ប្រាហាំ នឹងអ៊ីសាកបានសំណាក់នៅ ឯអ៊ីសាកគាត់បានអាយុ១៨០ឆ្នាំហើយ នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។