លោកុប្បត្តិ 34:25-31

លោកុប្បត្តិ 34:25-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។ គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។ កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។ គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​របស់​អ្នក​ទាំង​នោះ​ផង។ គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង។ ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។ ប៉ុន្ដែ គេ​តប​ថា៖ «តើ​គួរ​គប្បី​ដែរ​ឬ​ដែល​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​ស្រី​ពួក​យើង ដូច​ជា​ស្រី​ពេស្យា​ដូច្នេះ?»

លោកុប្បត្តិ 34:25-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​បី ពេល​ប្រុសៗ​ក្រុង​នោះ​កំពុង​តែ​ឈឺ កូន​ប្រុស​ពីរ​នាក់​របស់​លោក​យ៉ាកុប គឺ​លោក​ស៊ីម្មាន និង​លោក​លេវី ដែល​ត្រូវ​ជា​បង​របស់​នាង​ឌីណា បាន​នាំ​គ្នា​កាន់​ដាវ​ចូល​ទៅ​ក្នុង​ទីក្រុង។ អ្នក​ក្រុង​ពុំ​បាន​គិត​ខ្វល់​ខ្វាយ​អ្វី​សោះ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​អស់​នៅ​ក្រុង​នោះ គេ​ក៏​បាន​ប្រហារ​ជីវិត​លោក​ហា‌ម៉ោរ និង​ស៊ីគែម ជា​កូន​ដោយ​មុខ​ដាវ​ដែរ រួច​ហើយ​គេ​ក៏​យក​នាង​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម។ កូន​ប្រុស​លោក​យ៉ាកុប​ឯ​ទៀតៗ​បាន​រឹប​អូស​យក​របស់​របរ​លើ​សាក‌សព ហើយ​ប្រមូល​យក​អ្វីៗ​ទាំង​អស់​នៅ​ទីក្រុង​ផង ដ្បិត​អ្នក​ក្រុង​នោះ​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​ស្រី​របស់​ពួក​គេ បាត់​បង់​កិត្តិយស។ ពួក​គេ​បាន​ចាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា​របស់​អ្នក​ស្រុក​នោះ ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​តាម​ស្រុក​ស្រែ យក​ទៅ​ជា​មួយ។ ពួក​គេ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​នោះ ចាប់​កូន​ក្មេង និង​ស្រីៗ​យក​ទៅ​ជា​មួយ​ដែរ ហើយ​បាន​ប្រមូល​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ផ្ទះ​គេ​ផង។ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ»។ លោក​ស៊ីម្មាន និង​លោក​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

លោកុប្បត្តិ 34:25-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន នឹង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ គេ​សំឡាប់​ហាម៉ោរ នឹង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក ឯ​ពួក​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ក៏​មក​ដល់​ខ្មោច​ស្លាប់​ទាំង​នោះ ហើយ​ប្លន់​ទី​ក្រុង ដោយ​ព្រោះ​តែ​បាន​បង្ខូច​ប្អូន​ស្រី​គេ គេ​យក​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា ព្រម​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ក្រុង ហើយ​នៅ​ស្រែ​ចំការ​របស់​អ្នក​ទាំង​នោះ​ផង គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ នឹង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​ប្លន់​យក​ទាំង​អស់ គឺ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ នឹង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ តែ​គេ​ឆ្លើយ​ថា តើ​គួរ​គប្បី​ដែរ​ឬ​ឲ្យ​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​យើង​ដូច​ជា​ស្រី​សំផឹង​ដូច្នេះ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ