លោកុប្បត្តិ 34:1-30
លោកុប្បត្តិ 34:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុប ឈ្មោះឌីណា។ ថ្ងៃមួយ នាងឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ ពេលនោះ ស៊ីគែមជាកូនរបស់លោកហាម៉ោរ សាសន៍ហេវី ដែលជាមេកន្ទ្រាញនៅស្រុកនោះ បានឃើញនាង ហើយក៏ចាប់នាងរំលោភ។ ស៊ីគែមជំពាក់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបយ៉ាងខ្លាំង គាត់ស្រឡាញ់នាង ហើយចង់លួងលោមចិត្តនាង។ ស៊ីគែមជម្រាបលោកហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្ដឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។ លោកយ៉ាកុបទទួលដំណឹងថា ស៊ីគែមបានធ្វើឲ្យកូនស្រីរបស់លោកបាត់បង់កិត្តិយស តែដោយកូនប្រុសរបស់លោកទៅឃ្វាលចៀមនៅវាលអស់ទៅ លោកនៅស្ងៀម ទម្រាំពួកគេត្រឡប់មកវិញ។ លោកហាម៉ោរជាឪពុកស៊ីគែម ក៏បានចេញមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ កាលកូនប្រុសៗរបស់លោកយ៉ាកុបវិលមកពីវាលវិញ បានដឹងរឿងនេះ គេយល់ឃើញថាគេក៏បាក់មុខដែរ ហើយក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះស៊ីគែមបានប្រព្រឹត្តអំពើមួយដ៏ថោកទាបបំផុត ជាអំពើដែលមិនត្រូវប្រព្រឹត្តដាច់ខាត នៅស្រុកអ៊ីស្រាអែល គឺគាត់បានរំលោភលើកូនស្រីរបស់លោកយ៉ាកុប។ លោកហាម៉ោរបាននិយាយទៅកាន់លោកយ៉ាកុប និងកូនថា៖ «ស៊ីគែម កូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។ សូមបងប្អូនចងស្ពានមេត្រីជាមួយយើងខ្ញុំ ដោយសារចំណងអាពាហ៍ពិពាហ៍ គឺបងប្អូនលើកកូនចៅស្រីៗមកឲ្យយើងខ្ញុំ ហើយបងប្អូនក៏យកកូនចៅស្រីៗរបស់យើងខ្ញុំវិញដែរ។ បងប្អូនអាចរស់នៅជាមួយយើងខ្ញុំបាន ដ្បិតស្រុកទេសនេះនៅចំហសម្រាប់បងប្អូន ដូច្នេះ សូមបងប្អូនតាំងទីលំនៅរកស៊ី និងទិញដីធ្លីនៅស្រុកនេះហើយ»។ ស៊ីគែមពោលទៅកាន់ឪពុក និងបងប្រុសទាំងអស់របស់នាងឌីណាថា៖ «សូមមេត្តាអធ្យាស្រ័យឲ្យខ្ញុំផង អ្វីក៏ដោយឲ្យតែអស់លោកបង្គាប់ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់។ សូមបង្គាប់ខ្ញុំបាទឲ្យជូនបណ្ណាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំបាទសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាងមកជាភរិយារបស់ខ្ញុំបាទ»។ ដោយស៊ីគែមបានធ្វើឲ្យនាងឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និងលោកហាម៉ោរ ជាឪពុកគាត់វិញ ដោយកលល្បិចថា៖ «យើងមិនអាចយល់ព្រមតាមពាក្យស្នើរបស់អ្នកទេ គឺយើងពុំអាចលើកប្អូនស្រីឲ្យបុរសណា ដែលមិនកាត់ស្បែក*បានឡើយ ធ្វើដូច្នេះនឹងនាំឲ្យយើងបាក់មុខជាមិនខាន។ យើងយល់ព្រមតាមពាក្យស្នើរបស់អស់លោកបាន លុះត្រាតែពួកលោកសុខចិត្តកាត់ស្បែកដូចយើង គឺត្រូវកាត់ស្បែកឲ្យប្រុសៗទាំងអស់គ្នា ក្នុងចំណោមពួកលោក។ ធ្វើដូច្នោះទើបយើងលើកកូនស្រីៗរបស់យើងឲ្យពួកលោក ហើយយើងក៏នឹងដណ្ដឹងកូនស្រីរបស់ពួកលោកដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយយើងទាំងអស់គ្នានឹងទៅជាសាសន៍តែមួយ។ ប៉ុន្តែ ប្រសិនបើអស់លោកមិនព្រមកាត់ស្បែកដូចយើងទេនោះ យើងនឹងយកកូនស្រីរបស់យើងវិញ ហើយចាកចេញពីទីនេះទៅ»។ លោកហាម៉ោរ និងស៊ីគែមជាកូន ក៏យល់ស្របតាមពាក្យស្នើនេះ។ អ្នកកំលោះនោះមិនបង្អែបង្អង់នឹងធ្វើតាមឡើយ ព្រោះគាត់ស្រឡាញ់កូនស្រីរបស់លោកយ៉ាកុបជាខ្លាំង។ ក្នុងគ្រួសាររបស់លោកហាម៉ោរ គេគោរពស៊ីគែមជាងគេ។ លោកហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្ដឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរ។ ក៏ប៉ុន្តែ ពួកគេសុខចិត្តរស់នៅជាមួយយើង និងចូលជាសាសន៍តែមួយបាន ទាល់តែប្រុសៗទាំងអស់ក្នុងចំណោមពួកយើងកាត់ស្បែកដូចពួកគេដែរ។ បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និងសត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។ មនុស្សម្នាទាំងប៉ុន្មានដែលបានចេញទៅស្ដាប់លោកហាម៉ោរ និងស៊ីគែម កូនរបស់គាត់ នៅមាត់ទ្វារក្រុង ក៏យល់ស្របតាមពាក្យរបស់អ្នកទាំងពីរ ហើយប្រុសៗដែលទៅស្ដាប់នៅមាត់ទ្វារក្រុង បានទទួលពិធីកាត់ស្បែកទាំងអស់គ្នា។ នៅថ្ងៃទីបី ពេលប្រុសៗក្រុងនោះកំពុងតែឈឺ កូនប្រុសពីរនាក់របស់លោកយ៉ាកុប គឺលោកស៊ីម្មាន និងលោកលេវី ដែលត្រូវជាបងរបស់នាងឌីណា បាននាំគ្នាកាន់ដាវចូលទៅក្នុងទីក្រុង។ អ្នកក្រុងពុំបានគិតខ្វល់ខ្វាយអ្វីសោះឡើយ។ អ្នកទាំងពីរក៏ប្រហារជីវិតប្រុសៗទាំងអស់នៅក្រុងនោះ គេក៏បានប្រហារជីវិតលោកហាម៉ោរ និងស៊ីគែម ជាកូនដោយមុខដាវដែរ រួចហើយគេក៏យកនាងឌីណាចេញពីផ្ទះរបស់ស៊ីគែម។ កូនប្រុសលោកយ៉ាកុបឯទៀតៗបានរឹបអូសយករបស់របរលើសាកសព ហើយប្រមូលយកអ្វីៗទាំងអស់នៅទីក្រុងផង ដ្បិតអ្នកក្រុងនោះបានធ្វើឲ្យនាងឌីណា ជាប្អូនស្រីរបស់ពួកគេ បាត់បង់កិត្តិយស។ ពួកគេបានចាប់ហ្វូងចៀម និងហ្វូងគោ ព្រមទាំងលារបស់អ្នកស្រុកនោះ ទាំងនៅក្នុងក្រុង ទាំងនៅតាមស្រុកស្រែ យកទៅជាមួយ។ ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកស៊ីម្មាន និងលោកលេវីថា៖ «កូនទាំងពីរប្រព្រឹត្តដូច្នេះ នាំឲ្យពុកមានកង្វល់ហើយ ព្រោះអ្នកស្រុកនេះ គឺជនជាតិកាណាន និងជនជាតិពេរិស៊ីត មុខជានាំគ្នាស្អប់ពុក។ ប្រសិនបើពួកគេលើកគ្នាមកវាយប្រហារពុក នោះពុកត្រូវវិនាសជាមួយក្រុមគ្រួសារពុកជាមិនខាន ដ្បិតពុកមានទ័ពតែបន្តិចបន្តួចប៉ុណ្ណោះ»។
លោកុប្បត្តិ 34:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯនាងឌីណា ជាកូនស្រីដែលនាងលេអាបានបង្កើតឲ្យលោកយ៉ាកុប បានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ កាលស៊ីគែម ជាកូនរបស់ហាម៉ោរ សាសន៍ហេវី ជាមេលើស្រុកនោះ បានឃើញនាង ក៏ចាប់នាងយកទៅរំលោភ។ ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។ ដូច្នេះ ស៊ីគែមជម្រាបហាម៉ោរជាឪពុកថា៖ «សូមយកនាងនេះមកធ្វើជាប្រពន្ធរបស់កូនមក»។ ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។ ចំណែកហាម៉ោរជាឪពុករបស់ស៊ីគែម ក៏បានមកជួបលោកយ៉ាកុប ដើម្បីនិយាយជាមួយលោក។ កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។ ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។ សូមភ្ជាប់ញាតិពន្ធជាមួយយើងខ្ញុំ ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាមកយើងខ្ញុំ ហើយយកកូនក្រមុំរបស់យើងខ្ញុំសម្រាប់អ្នករាល់គ្នាវិញទៅ នោះអ្នករាល់គ្នានឹងបានរស់នៅជាមួយយើងខ្ញុំ ហើយស្រុកនេះនឹងបើកចំហសម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នារស់នៅ ហើយធ្វើជំនួញ ព្រមទាំងទិញដីធ្លីក្នុងស្រុកនេះទៅ»។ ស៊ីគែមក៏ពោលទៅកាន់ឪពុក និងបងប្អូនប្រុសៗរបស់នាងឌីណាថា៖ «សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់ ខ្ញុំនឹងជូនទាំងអស់។ សូមបង្គាប់បណ្ណាការខ្ពស់ៗ និងជំនូនច្រើនយ៉ាងណាក៏បាន ខ្ញុំបាទនឹងជូនតាមបង្គាប់ទាំងអស់ សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំបាទ»។ នោះកូនប្រុសៗរបស់លោកយ៉ាកុបក៏ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកដោយល្បិចកល ព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ។ គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។ បើចង់ឲ្យយើងខ្ញុំព្រមតាមលោក នោះមានតែពួកលោកត្រឡប់ដូចជាយើងដែរ ដោយកាត់ស្បែកឲ្យប្រុសៗទាំងអស់ក្នុងចំណោមពួកលោក។ ធ្វើដូច្នោះ ទើបយើងនឹងឲ្យកូនស្រីរបស់យើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកមកវិញដែរ យើងនឹងរស់នៅជាមួយពួកលោក ហើយត្រឡប់ទៅជាសាសន៍តែមួយ។ ប៉ុន្តែ ប្រសិនបើពួកលោកមិនព្រមកាត់ស្បែកធ្វើតាមយើងទេ នោះយើងនឹងយកកូនស្រីរបស់យើងមកវិញ ហើយចេញទៅ»។ ពាក្យរបស់គេក៏ពេញចិត្តដល់ហាម៉ោរ និងស៊ីគែមជាកូន។ អ្នកកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ព្រោះគាត់មានអំណរនឹងកូនស្រីរបស់លោកយ៉ាកុបណាស់។ លោកជាមនុស្សដែលគេគោរពជាងគេទាំងអស់ក្នុងវង្សានុវង្សឪពុករបស់លោក។ ដូច្នេះ ហាម៉ោរ និងស៊ីគែមជាកូនក៏ទៅឯទ្វារក្រុង ហើយពោលទៅកាន់មនុស្សនៅទីក្រុងរបស់ខ្លួនថា៖ «មនុស្សទាំងនោះចង់បានសុខជាមួយយើង ចូរឲ្យគេរស់នៅក្នុងស្រុក និងធ្វើជំនួញចុះ ដ្បិតមើល៍ ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់យើងទៅគេដែរ។ ប៉ុន្ដែ ដែលគេនឹងព្រមនៅជាមួយយើង ហើយត្រឡប់ជាសាសន៍តែមួយនោះ លុះត្រាតែកាលណាប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ។ ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់នឹងមិនត្រឡប់មកជារបស់យើងទេឬ? ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយយើងហើយ»។ អស់អ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមកូនរបស់លោក ហើយប្រុសៗបានទទួលពិធីកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុង។ នៅថ្ងៃទីបី កាលគេនៅឈឺនៅឡើយ នោះកូនលោកយ៉ាកុបពីរនាក់ គឺស៊ីម្មាន និងលេវី ជាបងរបស់នាងឌីណា ក៏យកដាវកាន់រៀងខ្លួន ចូលទៅក្នុងទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់ប្រុសៗទាំងអស់។ គេសម្លាប់ហាម៉ោរ និងស៊ីគែម ជាកូន ដោយមុខដាវ រួចហើយក៏នាំនាងឌីណាចេញពីផ្ទះរបស់ស៊ីគែម។ កូនប្រុសៗរបស់លោកយ៉ាកុបឯទៀតៗក៏មកយករបស់របរពីសាកសពទាំងនោះ ហើយរឹបយកអ្វីៗក្នុងក្រុងនោះ ព្រោះអ្នកក្រុងនោះបានបង្ខូចប្អូនស្រីរបស់គេ។ គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចម្ការរបស់អ្នកទាំងនោះផង។ គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។ ពេលនោះ លោកយ៉ាកុបមានប្រសាសន៍ទៅស៊ីម្មាន និងលេវីថា៖ «ឯងទាំងពីរបានធ្វើឲ្យពុកថប់ព្រួយណាស់ ដោយសម្អុយឈ្មោះពុកនៅកណ្ដាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលពុកក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយពុក នោះទាំងពុក និងក្រុមគ្រួសាររបស់ពុក នឹងត្រូវវិនាសទៅមិនខាន»។
លោកុប្បត្តិ 34:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ ខណៈនោះស៊ីគែម ជាបុត្រហាម៉ោរសាសន៍ហេវីជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង ស៊ីគែមទូលហាម៉ោរជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះយ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។ ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានបន្ទូលនឹងយ៉ាកុប ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ ហាម៉ោរក៏មានបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរ្តិ៍អាករសំរាប់អ្នករាល់គ្នាតទៅ ឯស៊ីគែមទ្រង់មានបន្ទូលនឹងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់ ទោះបើដំឡើងបណ្ណាការនឹងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។ នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម នឹងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់ បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនឹងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនឹងត្រឡប់ទៅជាសាសន៍តែ១ ប៉ុន្តែ បើពួកទ្រង់មិនព្រមកាត់ស្បែកធ្វើតាមយើងខ្ញុំទេ នោះយើងខ្ញុំនឹងយកកូនស្រីរបស់យើងខ្ញុំមកវិញ ហើយនឹងចេញបាត់ទៅ។ ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ នឹងស៊ីគែមជាបុត្រទ្រង់ដែរ បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់ នោះហាម៉ោរនឹងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុកនឹងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ នឹងសត្វរបស់គេទាំងអស់មិនត្រឡប់មកជារបស់ផងយើងទេឬអី ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយនឹងយើងហើយ ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ នឹងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។ ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន នឹងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ គេសំឡាប់ហាម៉ោរ នឹងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ គេយកទាំងហ្វូងចៀម ហ្វូងគោ នឹងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចំការរបស់អ្នកទាំងនោះផង គេចាប់យកទ្រព្យសម្បត្តិទាំងអស់ នឹងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ នឹងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ