លោកុប្បត្តិ 34:1-24

លោកុប្បត្តិ 34:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។ កាល​ស៊ីគែម ជា​កូន​របស់​ហាម៉ោរ សាសន៍​ហេវី ជា​មេ​លើ​ស្រុក​នោះ បាន​ឃើញ​នាង ក៏​ចាប់​នាង​យក​ទៅ​រំលោភ។ ស៊ីគែម​ក៏​ជាប់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​ណាស់ គាត់​ស្រឡាញ់​នាង ហើយ​និយាយ​លួង‌លោម​នាង។ ដូច្នេះ ស៊ីគែម​ជម្រាប​ហាម៉ោរ​ជា​ឪពុក​ថា៖ «សូម​យក​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​មក»។ ពេល​នោះ លោក​យ៉ាកុប​បាន​ឮ​ថា ស៊ីគែម​បាន​បង្ខូច​នាង​ឌីណា​ជា​កូន តែ​កូន​ប្រុសៗ​របស់​លោក​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ លោក​យ៉ាកុប​ក៏​នៅ​ស្ងៀម រហូត​ដល់​ពួក‌គេ​ត្រឡប់​មក​វិញ។ ចំណែក​ហាម៉ោរ​ជា​ឪពុក​របស់​ស៊ីគែម ក៏​បាន​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជាមួយ​លោក។ កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។ ប៉ុន្ដែ ហាម៉ោរ​និយាយ​ទៅ​កាន់​ពួកគេ​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ខ្លាំង​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​វា​ទៅ។ សូម​ភ្ជាប់​ញាតិ​ពន្ធ​ជាមួយ​យើង​ខ្ញុំ ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​មក​យើង​ខ្ញុំ ហើយ​យក​កូន​ក្រមុំ​របស់​យើង​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា​វិញ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​នៅ​ជា‌មួយ​យើង​ខ្ញុំ ហើយ​ស្រុក​នេះ​នឹង​បើក​ចំហ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ធ្វើ​ជំនួញ ព្រម​ទាំង​ទិញ​ដី​ធ្លីក្នុង​ស្រុក​នេះ​ទៅ»។ ស៊ីគែម​ក៏​ពោល​ទៅ​កាន់​ឪពុក និង​បង‌ប្អូន​ប្រុសៗ​របស់​នាង​ឌីណា​ថា៖ «សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់ ខ្ញុំ​នឹង​ជូន​ទាំង​អស់។ សូម​បង្គាប់​បណ្ណា‌ការខ្ពស់ៗ និង​ជំនូន​ច្រើនយ៉ាង​ណា​ក៏​បាន ខ្ញុំ​បាទ​នឹង​ជូន​តាម​បង្គាប់​ទាំង​អស់ សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​បាទ»។ នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។ គេ​ពោល​ថា៖ «យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ គឺ​មិន​អាច​ឲ្យ​ប្អូន​ស្រី​របស់​យើង​ទៅ​មនុស្ស​ដែល​មិន​កាត់​ស្បែក​បាន​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្ដី​អាម៉ាស់​មិន​ខាន។ បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។ ធ្វើ​ដូច្នោះ ទើប​យើង​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ពួក​លោក ហើយ​យក​កូន​ស្រី​របស់​ពួក​លោក​មក​វិញ​ដែរ យើង​នឹង​រស់​នៅ​ជា‌មួយ​ពួក​លោក ហើយ​ត្រឡប់​ទៅ​ជា​សាសន៍​តែ​មួយ។ ប៉ុន្តែ ប្រសិន​បើ​ពួក​លោក​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ទេ នោះ​យើង​នឹង​យក​កូន​ស្រី​របស់​យើង​មក​វិញ ហើយ​ចេញ​ទៅ»។ ពាក្យ​របស់​គេ​ក៏​ពេញ​ចិត្ត​ដល់​ហាម៉ោរ និង​ស៊ីគែម​ជា​កូន។ អ្នក​កំលោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ព្រោះ​គាត់​មាន​អំណរ​នឹង​កូន​ស្រី​របស់​លោក​យ៉ាកុប​ណាស់។ លោក​ជា​មនុស្ស​ដែល​គេ​គោរព​ជាង​គេ​ទាំង​អស់​ក្នុង​វង្សា‌នុវង្ស​ឪពុក​របស់​លោក។ ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖ «មនុស្ស​ទាំង​នោះចង់​បាន​សុខ​ជាមួយ​យើង ចូរ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ចុះ ដ្បិត​មើល៍ ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​គេ​ដែរ។ ប៉ុន្ដែ ដែល​គេ​នឹង​ព្រម​នៅ​ជា‌មួយ​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​មួយ​នោះ លុះ​ត្រា​តែ​កាល​ណា​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ។ ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។ អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​កូន​របស់​លោក ហើយ​ប្រុសៗ​បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង។

លោកុប្បត្តិ 34:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។ ពេល​នោះ ស៊ីគែម​ជា​កូន​របស់​លោក​ហា‌ម៉ោរ សាសន៍​ហេវី ដែល​ជា​មេ‌កន្ទ្រាញ​នៅ​ស្រុក​នោះ បាន​ឃើញ​នាង ហើយ​ក៏​ចាប់​នាង​រំលោភ។ ស៊ីគែម​ជំពាក់​ចិត្ត​នឹង​នាង​ឌីណា ជា​កូន​របស់​លោក​យ៉ាកុប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង‌លោម​ចិត្ត​នាង។ ស៊ីគែម​ជម្រាប​លោក​ហា‌ម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្ដឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។ លោក​យ៉ាកុប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​លោក​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​លោក​ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ លោក​នៅ​ស្ងៀម ទម្រាំ​ពួក​គេ​ត្រឡប់​មក​វិញ។ លោក​ហា‌ម៉ោរ​ជា​ឪពុក​ស៊ីគែម ក៏​បាន​ចេញ​មក​ជួប​លោក​យ៉ាកុប ដើម្បី​និយាយ​ជា​មួយ​លោក។ កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​វិល​មក​ពី​វាល​វិញ បាន​ដឹង​រឿង​នេះ គេ​យល់​ឃើញ​ថា​គេ​ក៏​បាក់​មុខ​ដែរ ហើយ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត ជា​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ដាច់​ខាត នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​គាត់​បាន​រំលោភ​លើ​កូន​ស្រី​របស់​លោក​យ៉ាកុប។ លោក​ហា‌ម៉ោរ​បាន​និយាយ​ទៅ​កាន់​លោក​យ៉ាកុប និង​កូន​ថា៖ «ស៊ីគែម កូន​របស់​ខ្ញុំ​ស្រឡាញ់​នាង​ក្រមុំ​នេះ​យ៉ាង​ខ្លាំង ដូច្នេះ សូម​មេត្តា​លើក​នាង​មក​ឲ្យ​វា​ធ្វើ​ជា​ភរិយា​ទៅ។ សូម​បងប្អូន​ចង​ស្ពាន‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ដោយ‌សារ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​បងប្អូន​លើក​កូន​ចៅ​ស្រីៗ​មក​ឲ្យ​យើង​ខ្ញុំ ហើយ​បងប្អូន​ក៏​យក​កូន​ចៅ​ស្រីៗ​របស់​យើង​ខ្ញុំ​វិញ​ដែរ។ បងប្អូន​អាច​រស់​នៅ​ជា​មួយ​យើង​ខ្ញុំ​បាន ដ្បិត​ស្រុក​ទេស​នេះ​នៅ​ចំហ​សម្រាប់​បងប្អូន ដូច្នេះ សូម​បងប្អូន​តាំង​ទី​លំ‌នៅ​រក​ស៊ី និង​ទិញ​ដី‌ធ្លី​នៅ​ស្រុក​នេះ​ហើយ»។ ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​នាង​ឌីណា​ថា៖ «សូម​មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់។ សូម​បង្គាប់​ខ្ញុំ​បាទ​ឲ្យ​ជូន​បណ្ណា‌ការ​យ៉ាង​ថ្លៃ និង​ទារ​ជំនូន​យ៉ាង​ច្រើន​ក៏​បាន គឺ​អស់​លោក​បង្គាប់​អ្វី​ក៏​ដោយ ខ្ញុំ​បាទ​សូម​ប្រគល់​ជូន​ទាំង​អស់ ឲ្យ​តែ​យល់​ព្រម​លើក​នាង​មក​ជា​ភរិយា​របស់​ខ្ញុំ​បាទ»។ ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​នាង​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ឆ្លើយ​ទៅ​ស៊ីគែម និង​លោក​ហា‌ម៉ោរ ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖ «យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​កាត់​ស្បែក*​បាន​ឡើយ ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។ យើង​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អស់​លោក​បាន លុះ​ត្រា​តែ​ពួក​លោក​សុខ​ចិត្ត​កាត់​ស្បែក​ដូច​យើង គឺ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​គ្នា ក្នុង​ចំណោម​ពួក​លោក។ ធ្វើ​ដូច្នោះ​ទើប​យើង​លើក​កូន​ស្រីៗ​របស់​យើង​ឲ្យ​ពួក​លោក ហើយ​យើង​ក៏​នឹង​ដណ្ដឹង​កូន​ស្រី​របស់​ពួក​លោក​ដែរ យើង​នឹង​រស់​នៅ​ជា​មួយ​ពួក​លោក ហើយ​យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​សាសន៍​តែ​មួយ។ ប៉ុន្តែ ប្រសិន​បើ​អស់​លោក​មិន​ព្រម​កាត់​ស្បែក​ដូច​យើង​ទេ​នោះ យើង​នឹង​យក​កូន​ស្រី​របស់​យើង​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​ទៅ»។ លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន ក៏​យល់​ស្រប​តាម​ពាក្យ​ស្នើ​នេះ។ អ្នក​កំលោះ​នោះ​មិន​បង្អែ‌បង្អង់​នឹង​ធ្វើ​តាម​ឡើយ ព្រោះ​គាត់​ស្រឡាញ់​កូន​ស្រី​របស់​លោក​យ៉ាកុប​ជា​ខ្លាំង។ ក្នុង​គ្រួសារ​របស់​លោក​ហា‌ម៉ោរ គេ​គោរព​ស៊ីគែម​ជាង​គេ។ លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន បាន​នាំ​គ្នា​ទៅ​មាត់​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «អ្នក​ទាំង​នោះ​ចង់​បាន​សុខ​ជា​មួយ​យើង ដូច្នេះ ទុក​ឲ្យ​ពួក​គេ​រស់​នៅ និង​រក​ស៊ី​ជា​មួយ​យើង ហើយ​បើក​ចំហ​ស្រុក​យើង​ឲ្យ​គេ​ចូល​មក​ចុះ។ យើង​នាំ​គ្នា​ដណ្ដឹង​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​លើក​កូន​ស្រី​របស់​យើង​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​ដែរ។ ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​យើង​កាត់​ស្បែក​ដូច​ពួក​គេ​ដែរ។ បើ​យើង​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ស្នើ​របស់​គេ គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​ហ្វូង​សត្វ ទ្រព្យ​សម្បត្តិ និង​សត្វ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​មិន​ខាន»។ មនុស្ស‌ម្នា​ទាំង​ប៉ុន្មាន​ដែល​បាន​ចេញ​ទៅ​ស្ដាប់​លោក​ហា‌ម៉ោរ និង​ស៊ីគែម កូន​របស់​គាត់ នៅ​មាត់​ទ្វារ​ក្រុង ក៏​យល់​ស្រប​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ ហើយ​ប្រុសៗ​ដែល​ទៅ​ស្ដាប់​នៅ​មាត់​ទ្វារ​ក្រុង បាន​ទទួល​ពិធី​កាត់​ស្បែក​ទាំង​អស់​គ្នា។

លោកុប្បត្តិ 34:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ឌីណា ជា​កូន​ស្រី​ដែល​លេអា​បាន​បង្កើត​ឲ្យ​យ៉ាកុប នាង​ចេញ​ទៅ​មើល​ពួក​កូន​ស្រី​ស្រុក​នោះ ខណៈ​នោះ​ស៊ីគែម ជា​បុត្រ​ហាម៉ោរ​សាសន៍​ហេវី​ជា​ស្តេច​ស្រុក​នោះ ទ្រង់​ឃើញ​នាង ក៏​នាំ​យក​ទៅ​ដេក​បង្ខូច ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ឌីណា​ជា​កូន​យ៉ាកុប​ណាស់ ព្រម​ទាំង​ប្រតិព័ទ្ធ​នឹង​នាង​ផង ហើយ​និយាយ​លួង‌លោម​ដល់​នាង ស៊ីគែម​ទូល​ហាម៉ោរ​ជា​បិតា​ថា សូម​យក​នាង​នេះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទូលបង្គំ​ចុះ រីឯ​យ៉ាកុប​គាត់​ក៏​ឮ​ថា គេ​បាន​បង្ខូច​ឌីណា​ជា​កូន​ហើយ តែ​កូន​ប្រុសៗ​របស់​គាត់​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ​យ៉ាកុប​ក៏​នៅ​ស្ងៀម​ទាល់​តែ​គេ​បាន​មក​វិញ។ ចំណែក​ហាម៉ោរ​ជា​បិតា​ស៊ីគែម​ក៏​មក​មាន​បន្ទូល​នឹង​យ៉ាកុប ឯ​ពួក​កូន​របស់​យ៉ាកុប កាល​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ គេ​មាន​សេចក្ដី​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ទ្រង់​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​ភាស​នៅ​ក្នុង​ពួក​អ៊ីស្រាអែល គឺ​បាន​រួម​ដំណេក​នឹង​កូន​ក្រមុំ​របស់​យ៉ាកុប ជា​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ឡើយ ហាម៉ោរ​ក៏​មាន​បន្ទូល​នឹង​គេ​ថា ស៊ីគែម​កូន​ខ្ញុំ​បាន​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វា​ទៅ ចូរ​អ្នក​រាល់​គ្នា​ភ្ជាប់​ញាតិ​ពន្ធ​នឹង​ពួក​យើង ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​យើង ហើយ​យក​កូន​ក្រមុំ​របស់​ពួក​យើង​ទៅ​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​យើង ហើយ​ស្រុក​យើង​នេះ​នឹង​បាន​នៅ​ចំហ​ចំពោះ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ហើយ​ធ្វើ​ជំនួញ​ចុះ ព្រម​ទាំង​ទិញ​ដី​ទុក​ជា​កេរ្តិ៍‌អាករ​សំរាប់​អ្នក​រាល់​គ្នា​ត​ទៅ ឯ​ស៊ីគែម​ទ្រង់​មាន​បន្ទូល​នឹង​ឪពុក ហើយ​នឹង​ពួក​បង​ប្អូន​នាង​ថា សូម​អាណិត​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អ្នក​រាល់​គ្នា​ផង អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក នោះ​ខ្ញុំ​នឹង​ជូន​ទាំង​អស់ ទោះ​បើ​ដំឡើង​បណ្ណា‌ការ​នឹង​ជំនូន​ដ៏​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ជូន​តាម​ដែល​អ្នក​រាល់​គ្នា​បង្គាប់​មក​មិន​ខាន សូម​តែ​អាណិត​ឲ្យ​នាង​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ចុះ។ នោះ​ពួក​កូន​យ៉ាកុប​ក៏​ទូល​ឆ្លើយ​ដល់​ស៊ីគែម នឹង​ហាម៉ោរ​ជា​បិតា​ទ្រង់​ដោយ​ឧបាយ‌កល​វិញ ពី​ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់ បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​ទ្រង់ នោះ​មាន​តែ​ពួក​ទ្រង់​ត្រឡប់​ដូច​ជា​យើង​ខ្ញុំ​ដែរ ដោយ​កាត់​ស្បែក​ដល់​ពួក​ប្រុសៗ​ទាំង​អស់​គ្នា នោះ​ទើប​យើង​ខ្ញុំ​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ខ្ញុំ​ដល់​ពួក​ទ្រង់ ហើយ​នឹង​យក​កូន​ស្រី​របស់​ពួក​ទ្រង់​មក​វិញ​ដែរ ដូច្នេះ យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​តែ​១ ប៉ុន្តែ បើ​ពួក​ទ្រង់​មិន​ព្រម​កាត់​ស្បែក​ធ្វើ​តាម​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​យក​កូន​ស្រី​របស់​យើង​ខ្ញុំ​មក​វិញ ហើយ​នឹង​ចេញ​បាត់​ទៅ។ ពាក្យ​ទាំង​នោះ​ក៏​នាំ​ឲ្យ​ពេញ​ព្រះ‌ទ័យ​ហាម៉ោរ នឹង​ស៊ីគែម​ជា​បុត្រ​ទ្រង់​ដែរ បុត្រ​កំឡោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌ទ័យ​អំណរ​នឹង​កូន​ស្រី​របស់​យ៉ាកុប​ណាស់ ទ្រង់​ជា​មនុស្ស​ដែល​គេ​រាប់‌អាន​លើស​ជាង​ទាំង​អស់​នៅ​ក្នុង​ពួក​ដំណាក់​បិតា​ទ្រង់ នោះ​ហាម៉ោរ​នឹង​ស៊ីគែម​ជា​បុត្រ​ក៏​ទៅ​ឯ​ទ្វារ​ក្រុង មាន​បន្ទូល​នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​ទ្រង់​ថា មនុស្ស​ទាំង​នោះ​គេ​មាន​សេចក្ដី​មេត្រី​នឹង​យើង​ទេ ដូច្នេះ​ចូរ​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នឹង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ចុះ ដ្បិត​មើល ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​ពួក​យើង​ទៅ​គេ​ដែរ តែ​ដែល​គេ​នឹង​ព្រម​នៅ​ជា​មួយ​នឹង​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​១ នោះ​លុះ​ត្រា​តែ​កាល​ណា​ពួក​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ នឹង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ នឹង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ